​មន្ត្រីប៉ូលិសអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុម្នាក់ចូលធ្វើប៉ូលិសបាន៣ឆ្នាំឡើងស័ក្ត៤និងជានាយរងការិយាល័យ

0
537

ភ្នំពេញៈ មានការភ្ញាក់ផ្អើល និងនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយរហូតឮដល់អង្គភាព «បាយ៉ង់ថាមស៍» នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ថា មានមន្ត្រីម្នាក់ចូលបម្រើការងារជាមន្ត្រីប៉ូលិសនៅក្នុង ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣ បានឡើងស័ក្តិជាបន្តបន្ទាប់រហូតដល់ស័ក្តិ៤ និងបានតួនាទីជា នាយរងការិយាល័យ និងទាំងមិន ទាន់បានចូលសាលាប៉ូលិសទៀតផង។ ចំណែកមន្ត្រីចាស់វស្សាដែលពួកគាត់ចូលធ្វើការងារជាយូរឆ្នាំ ក្រិនស័ក្តិ និងមានតួនាទីត្រឹមតែមន្ត្រី។ តើមន្ត្រីម្នាក់នេះ មានបុណ្យពីជាតិមុនមក ឬក៍គាត់មានខ្សែពួរសម្រាប់ទាញឡើង ទើបអាចទៅបានស័ក្ដិយសយ៉ាងងាយស្រួលដូច្នេះ ?

បើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានតែងតាំងលោក វរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ ៨៥៥៩៥ ពីនាយផ្នែករដ្ឋបាល ទៅជា នាយរងផ្នែកការិយាល័យរដ្ឋបាល នៃនាយកដ្ឋានរដ្ឋបាល-សរុប ហើយបើគិតរយៈពេលនៃការចូលក្របខណ្ឌជា មន្ត្រីនគរបាល ចាប់ពី ខែកុម្ភៈ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃប្រកាស គឺមានរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះដែលមន្ត្រីរូបនេះអាចឡើងបុណ្យ ស័ក្ដិដូចហោះដល់កម្រិតដែលគេនឹកស្មានមិនដល់…។

យោងតាមព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាត្រង់ ជំពូកទី៤ ការ តម្លើងឋានន្តរស័ក្តិ ត្រង់មាត្រា១៥ បានចែងថា ការតម្លើងឋានន្តរស័ក្តិរបស់ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវអនុ វត្តទៅតាមវេនជ្រើសរើស។ ប៉ុន្តែមិនអាចអនុវត្តបានប្រសិនបើមន្ត្រីនគរបាលជាតិកម្ពុជា ណាបម្រើការងារមិន គ្រប់តាមលក្ខខណ្ឌ និងរយៈពេលកំណត់។ រយៈពេលដែលត្រូវតម្លើង ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី មានរយៈ ពេលបម្រើការងារ៥ឆ្នាំ។ អីចឹងលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ និងនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គ នាយកនៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចេះជប់ឆ្នាំ ចេះយុទ្ធសិល្ប៍ ដូចរឿងចិនហុងកុងហើយមើល ទៅ…។


បើយោងតាមប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កន្លងមកអ្នកដែលមិនបានចូលរៀនសាលាប៉ូលិស គឺមិនអាចទទួលការតម្លើងស័ក្តិបានទេ គួបផ្សំនឹងរយៈពេល នៃការឡើងស័ក្តិនេះទៀតសោតក៍វាខុសលក្ខខណ្ឌរបស់នគរបាលជាតិ ផងដែរ។ ចំណែកមន្ត្រីចាស់ៗដែលពួក គាត់ខំប្រឹងប្រែងធ្វើការចង់ឡើងស័ក្តិ និងឡើងតួនាទីម្តងៗក៍ឡើងមិនរួចដែរដោយសារតែ អគ្គនាយក នៃអគ្គ នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចារត្រឡប់មកវិញថា ខ្វះនេះ ខ្វះនោះ មិនគ្រប់លក្ខខណ្ខ ជាដើម។ល។
តែចំណែកលោក ឡេង ច័ន្ទវិចិត្រ វិញហេតុអ្វីក៍អាចឡើងបុណ្យស័ក្ដិលឿនដូចហោះបានដោយស្រួលយ៉ាងនេះ ? បើតាមដំណឹងឮសូរថាគាត់មិនទាន់ទាំងបានចូល សាលាប៉ូលិស ថែមទៀតផង។


មន្ត្រីដែលបម្រើការងារនៅ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ សូមស្នើដល់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយពិនិត្យមើលមន្ត្រី ដែលបម្រើការងារនៅក្នុង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដែលគ្រប់លក្ខខណ្ឌអស់ហើយតែឡើងស័ក្តិមិនរួច និងសូមមានវិធាន ការចំពោះអ្នកដែលឡើងស័ក្តិខុសប្រក្រតីដើម្បីផ្តល់ភាពយុត្តិធម៌ជូនមន្ត្រីផ្សេងៗទៀតដែលរងនូវការកៀបស ង្កត់ពីសំណាក់ អគ្គនាយកភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នេះផង។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ធ្លាប់បានលើកឡើងថា អាណត្តិនេះ តាមការរាយការណ៍ផ្សេងៗពីគ្នាហើយ តាមការសិក្សាជារួមយុត្តិធម៌សង្គម នឹងអាចប្រើប្រាស់ច្រើននៅក្នុងអាណត្តិទី៧នេះ។ យុត្តិធម៌មិនមែនចាប់ផ្ដើម ថា ទាល់តែយើងធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនោះទេ តែយើងត្រូវចាប់ផ្ដើមពីខ្លួនយើងត្រូវហ៊ាន តម្រឹមវះកាត់ អារកាត់ អ្វីដែលមិនល្អប្រសើរកន្លងមក។

ទាក់ទងនឹងករណីខាងលើនេះ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពយើងពុំអាចធ្វើការសុំបំភ្លឺពី លោក ឡេង ច័ន្ទវិចិត្រ និងលោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ បានទេ។

យោងតាមប្រភពពី ឧត្តមសេនីយ៍ត្រី ម្នាក់ដែលមានវ័យចំណាស់ឬជាប៉ូលិសជើងចាស់ខ្សឹបប្រាប់ បាយ៉ង់ថាម ស៍ ថា រឿងអ្នកឡើងស័ក្ដិធំខុសប្រក្រតីមានច្រើនណាស់។ ពួកគេចូលនគរបាលបានតែប៉ុន្មានឆ្នាំផងបាន ឋានៈ សុទ្ធតែអគ្គ ឋានន្តរស័ក្ដិសុទ្ធតែ នាយឧត្តមសេនីយ៍។ តើមានស្នាដៃ និងសមត្ថភាពធំប៉ុនណា បានជាគាត់ឡើង អ្វីក៍លឿនម្ល៉េះ ? លឿនជាងនគរបាលចាស់ៗ ដែលជាអ្នកចូលច្បាំងក្នុងសមរភូមិទៅទៀត។ ហេតុតែគាត់មាន សមត្ថភាព និងពេទកោសល្យពិសេសឬ ? នៅមានច្រើននាក់ណាស់របៀបនេះ តែគ្មានអ្នកណាហ៊ាននិយាយ។

គួរបញ្ជាក់ថា រឿងនេះមានតែ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទេ ដែលវះកាត់សាច់ស្អុយនេះបាន។ ពីព្រោះលោកកំពុងតែកែទម្រង់ផ្ទៃក្នុងស៊ីជម្រៅយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើឲ្យមន្ត្រីថ្នាក់ក្រោមមានទឹកចិត្តធ្វើការងារបម្រើសង្គម និងធ្វើឱ្យប្រជារាស្ត្រកាន់តែមានជំនឿទុកចិត្ត៕