ផ្ទុះអធិករណ៍ប្រធានគណៈកម្មការអាចារ្យស៊ីដាច់លុយវត្តប្រជាពុទ្ធបរិស័ទជាច្រើនគ្រួសារស្នើសុំរំលាយគណៈកម្មការចាស់

0
1272

ដោយៈ ជ្រឹម ដារិន
កំពត: ពុទ្ធបរិស័ទ៥ភូមិរាប់រយគ្រួសារចំណុះ «ជើងវត្តស្រែជា» ស្ថិតក្នុង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធព្រមទាំង មន្ទីរធម្មការ និងសាសនា ខែត្រកំពត រៀបចំបោះឆ្នោត ជ្រើសរើស ប្រធានគណៈកម្មការអាចារ្យវត្ត និងសមាសភាពអាចារ្យថ្មី ខណៈប្រធាន គណៈកម្មការអាចារ្យវត្ត នេះចាយវាយបច្ច័យវត្តខ្វះតម្លាភាពជាពិសេសបច្ច័យកសាងវត្តមិនប្រក្រតីគឺចាយស្រេចតែអំពើចិត្តធ្វើឱ្យពុទ្ធ បរិស័ទចំណុះជើងវត្តបាត់បង់ជំនឿទំនុកចិត្ត។

ប្រជាពុទ្ធបរិស័ទចំណុះ «ជើងវត្តស្រែជា» ប្រាំភូមិនោះមាន ភូមិត្រពាំងច្រនៀង ភូមិព្រានទុំ ភូមិប្រិយពីរ ភូមិ ខ្ពស់ និង ភូមិអូរឫស្សី កើតទុក្ខមិនសុខចិត្តបាត់បង់ទំនុកចិត្តចំពោះ ការគ្រប់គ្រង ចាត់ចែង ចាយវាយបច្ច័យ វត្តរបស់ គណៈកម្មាការអាចារ្យវត្តស្រែជា នោះទេព្រោះវាតែងតែមានភាពមិនប្រក្រតីបក្ខពួកនិយមកើតឡើង។ ចុងក្រោយបង្កជាទំនាស់ផ្ទៃក្នុងវត្តមិនចុះសម្រុងនឹងព្រះសង្ឃចង់ធ្វើអ្វីគឺស្រេចតែលើចិត្ត គណៈកម្មការអាចារ្យ វត្ត។

អភិបាលរង ស្រុកដងទង់ លោក ឈុំ ឆៃយ៉ា មានប្រសាសន៍យ៉ាងខ្លី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ថា លោកសុំពេលធ្វើការសម្របសម្រួលសិន។ ព្រោះថា ការដោះដូរ គណៈកម្មការអាចារ្យវត្ត លុះត្រាតែមានកំ ហុសធំទើបអាចផ្លាស់ប្ដូរបាន។


លោក ខឹម ហ៊ាង មេឃុំស្រែជាខាងជើង ធ្លាប់មានប្រសាសន៍កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ថា លោក នឹងធ្វើតាមសំណូមពររបស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ហើយលោកនឹងយកសំណូមពរនេះទៅសុំគោល ការណ៍ច្បាប់ត្រឹមត្រូវពីសាលា ស្រុកដងទង់។ លោកមេឃុំសំណូមពរឲ្យមានការចូលរួមពីសំណាក់ អ្នកសារ ព័ត៌មាន ពេលបោះឆ្នោតជ្រើសរើស ប្រធានគណៈកម្មការអាចារ្យ និងសមាសភាពអាចារ្យថ្មី។

ស្រដៀងគ្នានេះដែរលោក ខ្នុល បឿន ប្រធានការិយាល័យធម្មការ និងសាសនា ស្រុកដងទង់ បានឱ្យអ្នកសារ ព័ត៌មាន ដឹងនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ ថា លោកយល់ស្របតាមគំនិតលោកមេ ឃុំស្រែជាខាងជើង ឱ្យមានការរៀបចំបោះឆ្នោតជ្រើសរើស គណៈកម្មការថ្មីតាមសំណូមពររបស់ពលរដ្ឋ។

រីឯលោក មេភូមិត្រពាំងច្រនៀង ក៍គាំទ្រសំណូមពរប្រជាពុទ្ធបរិស័ទទាំងស្រុងផងដែរ។ ព្រោះលោកនៅជិតជាប់ នឹងប្រជាពុទ្ធបរិស័ទលោកដឹងរឿងច្បាស់។

លោក ង៉ែត ខុច ប្រធានគណៈកម្មការអាចារ្យវត្ត ដែលរងការចោទប្រកាន់ពី ពុទ្ធបរិស័ទចំណុះជើងវត្តថា ការ ចាយវាយបច្ច័យវត្តមិនត្រឹមត្រូវ មិនតម្លាភាព បានបកស្រាយប្រាប់ អ្នកសារព័ត៌មាន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ថា ការសាងសង់ផ្សេងៗលោកចាយវាយមានបញ្ជីស្នាមស្រួលបួល និងប្រកាសប្រាប់ពុទ្ធបរិស័ទ រៀងរាល់ថ្ងៃសីល។

ផ្ទុយពីការលើកឡើងរបស់លោក ង៉ែត ខុច ប្រធានគណៈកម្មការអាចារ្យវត្ត ខាងលើពុទ្ធបរិស័ទដែលបានចូល រួមបច្ច័យកសាងកុដិថ្មីបានឱ្យដឹងថា «រឿងកសាងកុដិថ្មីលោកអាចារ្យថា បានទូទាត់រួចរាល់អស់ហើយស្រាប់ តែពេលបូកសរុបបច្ច័យចង្ហាន់នៅថ្ងៃសីលអាចារ្យបាននិយាយថា នៅខ្វះថវិកាបីលានរៀលពេលនោះព្រះសង្ឃ ក៍បានប្រគល់បច្ច័យឲ្យគ្រប់ចំនួនបីលានថែមទៀត។ ពុទ្ធបរិស័ទចំណុះជើងវត្តបានដាក់ជាសំណួរថា ហេតុអ្វី មួយរយៈក្រោយមកអាចារ្យក៍បានលើកឡើងថា នៅខ្វះថវិកាចំនួនប្រហែលប្រាំមួយលានរៀលទៀតទៅវិញ ?

ពុទ្ធបរិស័ទចំណុះជើងវត្ត ក៍បានសំណូមពរឲ្យមានការបោះឆ្នោតជ្រើសរើស គណៈកម្មការអាចារ្យវត្តថ្មីជាដាច់ ខាត។ ព្រោះ គណៈកម្មការអាចារ្យវត្តសព្វថ្ងៃមិនត្រឹមតែស៊ីដាច់បច្ច័យវត្តប៉ុណ្ណោះទេ ថែមទាំងមិនចុះសម្រុង នឹងព្រះសង្ឃទៀតផង។

ដោយឡែក លោកប្រធានមន្ទីរធម្មការ និងសាសនា ខែត្រកំពត គេពុំអាចស្វែងរកមធ្យាបាយ ទាក់ទងសុំសេច ក្ដីអធិប្បាយបញ្ជាក់បានទេជុំវិញអធិករណ៍ ឬបញ្ហាចម្រូងចម្រាស់ ខាងលើ។

សូមបញ្ជាក់ថា បើមានការរំលាយ គណៈកម្មការអាចារ្យវត្តចាស់ និងមានការបោះឆ្នោតជ្រើសរើស ប្រធាន គណៈកម្មការអាចារ្យវត្តថ្មី និងសមាសភាពអាចារ្យតាមសំណូមពរ ប្រជាពុទ្ធបរិស័ទចំណុះ «ជើងវត្តស្រែជា» មែននោះ «បាយ៉ង់ថាមស៍» នឹងផ្ដល់ព័ត៌មានពិស្ដារ៕