នគរបាលចរាចរក្រុងភ្នំពេញជាច្រើននាក់ត្រូវបានឃាត់ខ្លួនសួរនាំរឿង«កំហែងយកប្រាក់ពីចិន»នៅស្ដុបវត្តស្លែង

0
208

ដោយៈ អធិបតី
ភ្នំពេញៈ នគរបាលចរាចរ នៃការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ និងមន្ត្រីជាប់កិច្ចសន្យា យ៉ាងតិច៩នាក់ត្រូវបានឃាត់ខ្លួនអស់រយៈពេល២ថ្ងៃដើម្បីសួរនាំពីសំណាក់ កម្លាំងនគរបាលព្រហ្មទណ្ឌ រាជ ធានីភ្នំពេញ តាមបញ្ជា នាយឧតម្ដសេនីយ៍ឯក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីសប្តាហ៍មុន យ៉ាងស្ងៀមស្ងាត់បំផុតបន្ទាប់ពីមានបណ្តឹងរបស់ ស្ថានទូតចិន ក្នុងរឿង «​កំហែងយកប្រាក់ជនជាតិចិន» ដែល បើកបររថយន្តមិនគោរពភ្លើងសញ្ញាចរាចរស្ថិតនៅ ម្តុំវត្តស្លែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គិតត្រឹមល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ មន្ត្រីនគរបាល នៃការិយាល័យចរាចរ ក្រុងភ្នំពេញ និងមន្ត្រីជាប់កិច្ច សន្យាចំនួន៦នាក់ត្រូវបានគេដោះលែងវិញ។ រីឯមន្ត្រី៣នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងអំពើ «កំហែងយកប្រាក់ ពីជនជាតិចិន» ត្រូវបានលោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ សម្រេចឲ្យ «ផ្អាកការ ងារបណ្តោះអាសន្ន» និងបង្គាប់ឲ្យបង្ហាញមុខជារៀងរាល់ម៉ោងធ្វើការ នៅនគរបាលតម្រួតបទបញ្ជា ក្រុងភ្នំ ពេញ ដើម្បីរង់ចាំការសម្រេចជាថ្មី។

យោងតាមលិខិតបង្គាប់ការលេខ០៤៨ លបក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ របស់ ស្នងការនគរបាល រាជធានីភ្នំពេញ បង្គាប់ឲ្យផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលចំនួន៣នាក់ ដែលចំណុះឱ្យ ការិយាល័យនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ ដោយមូលហេតុ «កំហែងយកប្រាក់ពីអ្នកបើកបរជន ជាតិចិន» ដោយមិនបានបញ្ជាក់ថា មន្ត្រីទាំងនោះ «កំហែងយកប្រាក់» ពីជនជាតិចិនដែលល្មើសច្បាប់ចរា ចរចំនួនប៉ុន្មានដុល្លារឡើយ។ មន្ត្រីនគរបាលទាំង៣នាក់នោះមានទី១.លោកអនុសេនីយ៍ឯក សុខ គឹមលី អត្ត
លេខ៨០០៨០ ឋានៈ នាយរងផ្នែក។ ទី២.លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ៨៦៤២៩ ឋានៈ នាយរងផ្នែក និងទី៣.លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ៨៩៧៣៧ ជា ឋានៈមន្ត្រី។

តាមប្រភពធ្លុះធ្លាយពី ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែសីហា នេះថា ព័ត៌មានដ៏រសើបនេះ ត្រូវបានគេព្យាយាមបិទបាំងយ៉ាងខ្លាំង ពីព្រោះវាបានប៉ះពាល់ធ្ងន់ធ្ងរដល់ កិត្តិយសកង កម្លាំងនគរបាលជាតិ ជាពិសេសវាបានធ្វើឲ្យជនបរទេស ដែលមកធ្វើការរកស៊ីវិនិយោគទុននៅកម្ពុជា មានការ ភ័យខ្លាចរអាចំពោះ ការអនុវត្តន៍ច្បាប់របស់ មន្ត្រីនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ ផងដែរ។

ប្រភពបែកធ្លាយខាងលើឲ្យដឹងថា កាលពីសប្តាហ៍មុនមាន ជនជាតិចិនបើកបររថយន្តដឹក ភរិយាធ្វើដំណើរតាម ផ្លូវជាតិលេខ៣ឆ្ពោះទៅ កាន់ ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។ ប៉ុន្តែខណៈនោះធ្វើដំណើរមកដល់ ស្តុបវត្តស្លែង ក៍ត្រូវបាន មន្ត្រីនគរបាលចរាចរ ដែលបានឈរជើងនៅគោលដៅខាងលើឃាត់រថយន្តសួរនាំរក លិខិតស្នាមដោយសារមិនគោរពភ្លើងសញ្ញាចរាចរ។ នៅពេលនោះដោយសារតែភ័យខ្លាចជូនប្រពន្ធឡើងយន្ត ហោះមិនទាន់ ជនជាតិចិន ជាអ្នកបើកបរក៍សុំសម្រួលឲ្យលុយចាប់ពី១រយដុល្លារអាម៉េរិករហូតដល់៣រយ
ដុល្លារឡើងទៅក៍ ក្រុមនគរបាលចរាចរ វត្តស្លែង មិនព្រមឡើយ។ ជនជាតិចិនរូបនោះក៍សម្រេចចិត្តសុំតម្កល់ លុយចំនួន១ម៉ឺនដុល្លារទុកនៅនឹង មន្ត្រីនគរបាល ប្រចាំការនៅទីនោះដោយសុំជូនប្រពន្ធឡើងយន្តហោះសិន ទើបវិលត្រឡប់មកដោះស្រាយគ្នាតាមផ្លូវច្បាប់វិញ។

 

ប្រភពន្តថា នៅពេលចិនត្រឡប់មកពី ព្រលានយន្តហោះ ដល់គោលដៅ ស្តុបវត្តស្លែង វិញស្រាប់តែបាត់ មន្ត្រី នគរបាលចរាចរ អស់ពីកន្លែងកើតហេតុមិនដឹងរើទៅទីណា? ទើបមានការឆោឡោប្តឹងទៅ អគ្គស្ថានទូតចិន ប្រចាំកម្ពុជា សុំការអន្តរាគមន៍រកយុត្តិធម៌។ រីឯស្ថានទូតចិន ក៍សុំបទអន្តរាគមន៍បន្តទៅ អគ្គស្នងការនគរបាល ជាតិ ទើបមានបទបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យ ស្នងការនគរបាល រាជធានីភ្នំពេញ លោក ស ថេត បើកការសើបអង្គេតភ្លាមៗតែម្ដងដែលឈានដល់ការឃាត់ ខ្លួន មន្ត្រីនគរបាលចរាចរ និងមន្ត្រីជាប់កិច្ចសន្យា បានចំនួន៩នាក់ដោយឃុំខ្លួនរយៈពេល២ថ្ងៃ២យប់ដើម្បី ស្រាវជ្រាវរកការពិត។ ប៉ុន្តែមាន មន្ត្រីនគរបាលចរាចរចំនួន៣នាក់ប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធផ្ទាល់រឿងស៊ីដាច់ លុយចិននឹងបទ «កំហែងយកប្រាក់»។

តាមប្រភពផ្ទៃក្នុង នៃមន្ត្រីស្នងការនគរបាល រាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះប្រាប់ថា ទីតាំងអនុវត្តច្បាប់ ចរាចរជើងគោក គោលដៅស្តុបវត្តស្លែង នោះមិនមានក្នុងបទបញ្ជាពី លោកស្នងការរង ផែនចរាចរ ក្រុងភ្នំពេញ និងប្រធានការិយាល័យចរាចរ ឡើយ គឺមានគេលួចដាក់គោលដៅថ្មីបន្ថែម ដើម្បីស្វែងរកប្រយោជន៍បុគ្គល។

កន្លងមកសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចេញផ្សាយពីការអនុវត្តច្បាប់មិនប្រក្រតីជាច្រើន នៃមន្ត្រីនគរ បាលក្រុងភ្នំពេញ ជាពិសេសករណីបិទស្លាកឡូហ្គោជីអ៊ឹម (GM) លើកញ្ចក់រថយន្តជាច្រើនគ្រឿងដោយតម្រូវឱ្យ ក្រុមហ៊ុនរកស៊ីដឹកជញ្ជូន បង់ប្រាក់ទៅឲ្យមនុស្សមួយក្រុមដ៏មានឥទ្ធិពលជាប្រចាំខែចាប់ពី តម្លៃ៤០ដុល្លាររហូត ដល់៦០ដុល្លារ ដើម្បីឲ្យរថយន្តធំៗដឹកទំនិញគ្រប់ប្រភេទជាពិសេស រថយន្តដឹកដី និងសាំងយ៉ុងទំនិញធំៗដែល ដឹកល្មើសច្បាប់មានសិទ្ធិចេញចូល ក្រុងភ្នំពេញ ដោយសេរីមិនចាំបាច់រង់ចាំពេលវេលាតាមកាលកំណត់របស់ សាលាក្រុងភ្នំពេញ ឡើយ ហើយនគរបាលចរាចរ ក្រុងភ្នំពេញ ក៍មិនហ៊ានហាមឃាត់ ឬផាកពិន័យអ្វីឡើយ។

 

ពាក់ព័ន្ធនឹងការឃាត់ខ្លួនមន្ត្រីនគរបាល នៃការិយាល័យចរាចរ ដើម្បីស្រាវជ្រាវសើបអង្កេតលើករណី «កំហែង យកប្រាក់ពីជនជាតិចិន» នោះលោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឆ្លើយប្រាប់ «បាយ៉ង់ថាមស៍» ថា លោកពុំបានដឹងរឿងហ្នឹង សោះ…។ បើសិនជាមានការកោះហៅកូនចៅលោកមែននោះ គេនឹងត្រូវមានលិខិតបញ្ជាក់ប្រាប់លោកជាមុន។ ប៉ុន្តែលោកថា នឹងតាមដានរឿងនេះបន្តទៀត…។

ចំណែកលោក សាន សុខសីហា ប្រធានក្រុមជំនួយការ និងជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ មិនអាចស្វែងរកការឆ្លើយតបបានឡើយដោយ ទូរស័ព្ទជាប់រវល់…។

គួរបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ ធ្លាប់សួររកមុខ មន្ត្រីនគរបាល ជើងខ្លាំងល្បីឈ្មោះម្នាក់បម្រើការនៅ ស្នងការដ្ឋានរាជធានីភ្នំពេញ ដោយព្រមានចំមុខក្នុងអង្គប្រជុំថា «លោកនាំតែពាក្យបានហើយ សូមកុំនាំរឿង»។ មន្ត្រីនគរបាល ដ៏មានឥទ្ធិពលរូបនេះហើយដែលគេសង្ស័យថា ជាអ្នកបង្កើតគោលដៅស្ដុបថ្មីៗឱ្យ នគរបាល ចរាចរ ឈរជើងនៅតាម ជាយក្រុងភ្នំពេញ។ ករណីដ៏រសើបខាងលើនេះត្រូវបានគេព្យាយាមបិទបាំងមិនឱ្យប្រ ព័ន្ធផ្សាព្វផ្សាយដឹងឡើយ៕