ភ្នំពេញៈ យោងតាមផេកផ្លូវការរបស់ នគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបង្ហាញលទ្ធ ផលផ្លែផ្កាគួរជាទីមោទកគឺបង្ក្រាបបានថ្នាំឆ្កួតជាង៧៨៩គីឡូក្រាម និងឧក្រិដ្ឋជនជាតិចិនតៃវ៉ាន់ ចំនួន៦នាក់ ព្រមទាំងវត្ថុតាងជាច្រើនមុខទៀត។ ថ្នាំញៀនដ៍ច្រើនសន្ធឹកសន្ធាប់នេះពួកគេមានគម្រោងនាំយកចេញទៅ ប្រទេសចិនតៃវ៉ាន់ ប៉ុន្តែក៍ត្រូវប៉ូលិសកម្ពុជាយើងចាប់បាននៅ រាជធានីភ្នំពេញ មួយកន្លែង និងនៅ ខែត្រព្រះ សីហនុ មួយកន្លែង។
ផេកផ្លូវការនៃ មន្ទីរប្រឆាំងគ្រឿងញៀន បង្ហាញឱ្យដឹង នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នេះថា បន្ទាប់ពី បានទទួលព័ត៌មានចារកម្មពី (DEA) កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេតអស់ រយៈពេលជាង៤ខែដើម្បីស្រាវជ្រាវច្បាមមុខសញ្ញាឧក្រិដ្ឋជនគ្រឿងញៀន ដែលមាន អង្គការចាត់តាំង ជនជាតិ ចិនតៃវ៉ាន់ ១ក្រុមដែលបានធ្វើសកម្មភាពចរាចរគ្រឿងញៀនឆ្លងដែនពីតំបន់ ត្រីកោណមាស ឆ្លងកាត់ឡាវ- កម្ពុជា បន្តចេញទៅ កោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រពី ខែត្រព្រះសីហនុ។
ប្រភពបន្តទៀតថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១+ ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និង ខែត្រព្រះ សីហនុ ដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ បានបើកកិច្ច ប្រតិបត្តិការបង្ក្រាប ដោយបែងចែកកម្លាំងជា២ក្រុម។
ក្រុមទី១: នៅវេលាម៉ោង២:៣០យប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបត្រង់ចំណុចភូមិគ្រឹះលើភ្នំស្ថិតនៅ ភូមិ២ សង្កាត់លេខ៣ ក្រុង -ខែត្រព្រះសីហនុ។ លទ្ធផលគឺ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ភេទប្រុស ជនជាតិចិនតៃវ៉ាន់។ ទី១.ឈ្មោះ AN CHI WEI កើត ឆ្នាំ១៩៩២។ ទី២.ឈ្មោះ TUAN ZHONG YUE កើត ឆ្នាំ១៩៧៧។ ចាប់យកវត្ថុតាងមាន ទី១.សារធាតុញៀនប្រភេទកេតាមីនចំនួន៧៨៥ដុំ ស្មើទម្ងន់៧៨៩គីឡូ ៧៨១ក្រាម។ ទី២.រថយន្ត១គ្រឿង និងទី៣.ទូរស័ព្ទ២គ្រឿង។
ក្រុមទី២: នៅវេលាម៉ោង៧:៣០ព្រឹក កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ៩ និងលេខ ១១ ផ្លូវលេខ៣ គម្រោងទី៧ បុរីប៉េងហួត (បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លទ្ធ ផល ក.ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ភេទប្រុស ជនជាតិចិនតៃវ៉ាន់។ ទី១.ឈ្មោះ CHEN CHI HSIANG កើត ឆ្នាំ១៩៨៦ ជាមេខ្លោង។ ទី២.ឈ្មោះ CHAN I YANG កើត ឆ្នាំ១៩៨៩។ ទី៣.ឈ្មោះ LIAO SHI BO កើត ឆ្នាំ១៩៩៧ និងទី៤.ឈ្មោះ TSAI YU CHING កើត ឆ្នាំ១៩៨៨។ ខ.ចាប់យកវត្ថុតាងមាន: រថយន្ត ៣គ្រឿង, ម៉ូតូ២គ្រឿង ,ទូរស័ព្ទដៃ៥គ្រឿង និងគណនីធនាគារ៨គណនី។
សរុបលទ្ធផល ទី១.ឃាត់ខ្លួនជនសង្ស័យ៦នាក់ ភេទប្រុសជនជាតិចិនតៃវ៉ាន់។ ទី២.ចាប់យកវត្ថុតាងមាន សារ ធាតុញៀន ប្រភេទកេតាមីន ចំនួន៧៨៥ដុំ ស្មើទម្ងន់៧៨៩គីឡូ ៧៨១ក្រាម។ រថយន្ត៤គ្រឿង ,ម៉ូតូ២គ្រឿង ,ទូរស័ព្ទដៃ៧គ្រឿង និងគណនីធនាគារ៨គណនី។
បច្ចុប្បន្នក្រុមជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ នគរបាល បានកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលា ដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕