ខួប១៥ឆ្នាំនៃប្រាសាទព្រះវិហារអាយុកាលជាង១.០០០ឆ្នាំដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិលោក

0
124

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ ថ្ងៃនេះគម្រប់ខួប១៥ឆ្នាំ នៃប្រាសាទព្រះវិហារ ដែលមានអាយុកាលជាង១.០០០ឆ្នាំបានចុះក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិលោក។ លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា ប្រាសាទព្រះវិហារ បានកសាងឡើងនៅភ្នំខ្ពស់សន្លឹម ខុសប្លែកពីប្រាសាទនានាក្នុង ព្រះរាជាណា ចក្រកម្ពុជា។

ក្នុងនោះមានទេសភាពដ៏ស្រស់ត្រកាលមាន ក្បូរក្បាច់ រចនាបថ ស្ថាបត្យកម្មល្អឯក និងមានតម្លៃមហាសាល មិនអាចកាត់ថ្លៃបាន។ ម្យ៉ាងទៀតជាប្រាសាទដែលដំណាងឱ្យសាសនាផង និងការសាមគ្គីភាពគ្នាផង ខណៈ ដែលការកសាងប្រាសាទនេះ គឺប្រើពេលរហូតដល់ជាង៣០០ឆ្នាំទើបចប់រួចរាល់។

លោកអគ្គនាយកបានបញ្ជាក់ទៀតថា មូលហេតុ ឬកត្តាដែលយើងមានជាអំណះអំណាង និងជាប្រវត្តិសាស្ត្រ ទាំងអស់នេះហើយ ទើបគ្រប់លក្ខណខណ្ឌដែលបានឈ្នះក្តីលើឆាកអន្តរជាតិ និងត្រូវបាន ចុះបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក ទៅបាន។

ជាមួយគ្នានេះដែរយុវជននៅ រាជធានីភ្នំពេញ បានសម្តែងការអបអរសាទរ និងប្តេជ្ញាចិត្តថែរក្សាការពារមរតក ប្រាសាទព្រះវិហារខ្មែរ ឱ្យនៅគង់វង្សបន្តដល់កូនចៅជំនាន់ក្រោយៗព្រមទាំងផ្សព្វផ្សាយឱ្យកាន់តែល្បីល្បាយ ទៅលើឆាកអន្តរជាតិ។ លើសពីនេះទៀតពួកគាត់បានកោតសរសើរស្ងប់ស្ងែងចំពោះបុព្វបុរសខ្មែរដែលបាន បន្សល់ទុកនូវមរតកដ៏អស្ចារ្យនេះសម្រាប់មនុស្សជំនាន់ក្រោយ។

ប្រាសាទព្រះវិហារ ដែលមានអាយុកាលជាង១.០០០ឆ្នាំស្ថិតនៅលើ ភ្នំដងរែក ត្រូវបានចុះបញ្ជីជា សម្បត្តិបេតិក ភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។

ពួកអាណានិគមបារាំង បានប្រគល់ ប្រាសាទព្រះវិហារខ្មែរ ឱ្យទៅ ប្រទេសថៃ ក្នុង ឆ្នាំ១៩៥៤។ តែត្រូវបាន ព្រះ មហាក្សត្រខ្មែរ ទាមទារបានមកវិញដោយការកាត់សេចក្ដីពី តុលាការអន្តរជាតិ ទីក្រុងទ្បាអេ នាថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ១៩៦២ ក្រោម ព្រះរាជកិច្ចដឹកនាំដោយ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាជាតិខ្មែរ៕