ដោយៈ គោកធ្លក
ស្វាយរៀងៈសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យបីនាក់ដែលពាក់ព័ន្ធករណីកាប់សម្លាប់ទៅលើនិស្សិតម្នាក់កំពុងតែបើកបរម៉ូតូតាមផ្លូវដើម្បីស្រាយគំនុំទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចនៅពេលដើរលេងជាមួយគ្នា។ ព្រោះតែសេចក្ដីសៅហ្មងក្នុងខ្លួនពួកគេកាន់តែច្រើនឡើងធ្វើឱ្យភាពសាហាវឃោរឃៅកាន់តែសម្បូរណ៍បែប។
កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខសាលប្រជុំឆ្នេរទន្លេស្ថិតក្នុង ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុង.ខេត្តស្វាយរៀង មានបទល្មើសមួយកើតឡើងបង្កដោយជនសង្ស័យនាក់ពីរគឺទី១.ឈ្មោះ ប្រាក់ សុធារាជ អាយុ១៦ឆ្នាំ ជាតិខ្មែរជាសិស្សសាលា មានទីលំនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ជាជនដៃដល់។ ទី២.ឈ្មោះ អេង វិចាអក្ខរ៉ា ហៅ ស្នា អាយុ១៦ឆ្នាំជាតិខ្មែរជាសិស្សសាលាមានទីលំនៅ ភូមិកៀនសាំង សង្កាត់ស្វាយរៀង ជាជនសមគំនិត បានបើកម៉ូតូម៉ាកឌូកពាក់ស្លាកលេខភ្នំពេញ ១CV.១៨៥២ពណ៌សលាយខ្មៅឌុបគ្នាយកកាំបិត ធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ភេទប្រុសអាយុ១៨ឆ្នាំជាតិខ្មែរជានិស្សិត មានទីលំនៅ ភូមិវាលយន្ត សង្កាត់ស្វាយរៀង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង នគរបាល ខេត្តស្វាយរៀង ដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយ អធិការដ្ឋាននគរបាល ក្រុងស្វាយរៀង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អេង វិចាអក្ខរ៉ា ហៅថា ស្នា ដើម្បីនាំខ្លួនយកទៅធ្វើការសាកសួរ។
ប្រភពដដែលបានបន្តទៀតថា នៅចំពោះមុខប៉ូលិស ជនសង្ស័យឈ្មោះ អេង វិចាអក្ខរ៉ា បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានបើកម៉ូតូឌុបឈ្មោះ ប្រាក់ សុធារាជ ហៅ ពៅ ទៅធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ពិតប្រាកដមែន។ ក្រោយពីធ្វើសកម្មភាពហើយខ្លួនគេ និងឈ្មោះ ប្រាក់ សុធារាជ ហៅ ពៅ ក៍បែកផ្លូវគ្នារៀងៗ ខ្លួន។ ក្រោយពីទទួលបានចម្លើយសារភាពសមត្ថកិច្ចខេត្ត សហការជាមួយ សមត្ថកិច្ចរាជធានីភ្នំពេញ ក៍បាន បន្តសា្រវជ្រាវរកចាប់ខ្លួនឈ្មោះ ប្រាក់ សុធារាជ ហៅ ពៅ បាននៅ រាជធានីភ្នំពេញ នៅវេលាម៉ោង២រសៀល ហើយឈ្មោះ សុធារាជ បានឆ្លើយសារភាពថាខ្លួនគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ប្រាកដមែន។ រីឯកាំបិតដែលខ្លួនគេធ្វើសកម្មភាពនោះគឺខ្ចីពីឈ្មោះ សុខ ទិត្យវាសនា តែពេលធ្វើសកម្មភាព ហើយខ្លួនគេនិងឈ្មោះ អេង វិចាអក្ខរ៉ា បានយកទៅឲ្យឈ្មោះ សុខ ទិត្យវាសនា វិញ។ ក្រោយពីទទួលចម្លើយ សារភាពដូច្នេះសមត្ថកិច្ចក៍បានធ្វើការឃាត់ខ្លួនឈ្មោះ សុខ ទិត្យវាសនា ព្រមទាំងកាំបិតនិងគូរកនបញ្ជូនទៅ ការិយាល័យនគរបាលដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕