ទំនិញមកពីវៀតណាមមុននឹងឆ្លងដែនភ្នំដិនកម្ពុជាត្រូវឆ្លងកាត់លោកវរសេនីយឯក ជ្រិន ឆាយ សិន

0
2731

ដោយៈ អធិបតី
ភ្នំពេញៈ កូនប្រសារអតីតចៅហ្វាយស្រុក គឺលោកវរសេនីយឯក ជ្រិន ឆាយ ដែលមានតួនាទីជា អនុប្រធាន ប៉ូលិស​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខែត្រតាកែវ ត្រូវបានក្រុមអាជីវករ ចាត់ទុកថា ជាជើងកាងមានសិទ្ធិអំណាចខ្លាំងប្រចាំតំបន់ គឺកំពូលស៊ីលុយពីលើគយ រាល់រថយន្តដឹកទំនិញ ពីវៀតណាម មកកម្ពុជាដាច់ខាតត្រូវតែឆ្លងកាត់គេជាមុនសិនបើពុំដូច្នោះទេកុំសង្ឃឹម។ ដោយបានដាវកាយឫទ្ធិ ពីគយនេះហើយក្នុងមួយថ្ងៃៗគេអាចសល់លុយយ៉ាងតិច៥០០០ដុល្លាររហូតធ្វើឱ្យគ្រួសារគេហ៊ានទិញវីឡាទោលនៅ បុរីប៉េងហួតផ្លូវ៥០ម៉ែត្រដែលមានតម្លៃជាងមួយលានដុល្លារ។

លោកវរសេនីយឯក ជ្រិន ឆាយ ជាកូនចិនផ្សារទន្លាប់ ហើយគេជាកូនប្រសារលោក តឹក តុងលីម អតីតចៅ ហ្វាយ ស្រុកគិរីវង់ ដែលសព្វថ្ងៃជា ប្រធានក្រុមប្រឹក្សាស្រុក។ដូច្នេះហើយទើបធ្វើឱ្យគេមានឥទ្ធិពលយ៉ាងខ្លាំង ដោយសារឪពុកក្មេក។ ចាប់តាំងពីមានការផ្លាស់ប្តូរ ប្រធានការិយាល័យគយថ្មីមកគេឡើង អំណាចកាន់តែ ខ្លាំង។ ចំណែកលោក អ៊ុក គឹមកណ្ណីកា ប្រធានច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន វិញគឺជាកូនប្រុសបង្កើតរបស់ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មិនខ្វាយខ្វល់ពីការប្រមូលផលតាម អាជីវកររកស៊ីដឹក ទំនិញនោះទេ។ ការមិនសូវចូលប៉ុស្ដិ៍ ឬកន្លែងធ្វើការពីសំណាក់ប្រធានច្រកនេះហើយគឺជាឱកាសល្អសម្រាប់ លោក ជ្រិន ឆាយ ធ្វើព្យុះភ្លៀងដាក់អាជីវករតាមអំពើចិត្ត។

យោងតាមប្រភពពី ក្រុមអាជីវកររកស៊ីដឹកទំនិញពីវៀតណាមឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ក៍ដូចជា មន្ត្រីប៉ូលិសមួយចំនួនបម្រើការងារនៅទីនោះបានបង្ហើបប្រាប់ «បាយ៉ង់ថាមស៍» នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះថា លោកវរសេនីយឯក ជ្រិន ឆាយ អនុប្រធាន ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិភ្នំដិន ជាជើងកាងមានសិទ្ធិអំណាចខ្លាំងលើសមន្ត្រីគយទៅទៀត។ ដូច្នេះរាល់ទំនិញឆ្លងដែនពីវៀត ណាតាម ច្រកភ្នំដិន ដល់តែមានការឆ្លងកាត់ពីលោក ជ្រិន ឆាយ ជាមុនសិនទើបគយអនុញ្ញាតឱ្យចេញបាន បើមិនអីចឹងទេគយមិនឱ្យចេញទាល់តែសោះ។ គេមានអំណាចខ្លាំងណាស់សព្វថ្ងៃនេះគឺកាងដាច់តែម្ដងហើយ ជាអ្នកក្ដោបក្តាប់សេដ្ឋកិច្ចនៅ ច្រកភ្នំដិន ស្រុកគិរីវង់។

លោក ជ្រិន ឆាយ អនុប្រធានប៉ុស្តិ៍ប៉ូលិសច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន

ក្រុមអាជីវករទាំងនោះបានរអ៊ូរទាំទៀតថា លោកស្រី ស៊ីម សុផា ប្រពន្ធលោក ជ្រិន ឆាយ ធ្លាប់បាននិយាយ អួតអាងប្រាប់គេឯងក៍ដូចអ្នកក្បែរខាងថា ក្នុងមួយថ្ងៃៗប្ដីរបស់គាត់រកលុយបាន៥០០០ដុល្លារឡើងទៅ។ បើ សិនជារថយន្តដឹកទំនិញចេញចូលពីវៀតណាមត្រូវបង់ពន្ធ គឺគយតម្រូវឱ្យទៅសួរនាំ ឬក៍ដេញឱ្យអាជីវករទៅ ជួបលោក ជ្រិន ឆាយ ជាមុនសិនបើពុំដូច្នោះទេត្រូវជាប់គាំង។ បើសិនជាទំនិញក្នុងមួយរថយន្តត្រូវបង់ពន្ធចូល រដ្ឋចំនួន៣លានរៀលគឺលោក ជ្រិន ឆាយ ត្រូវស៊ីពីលើគយក្នុងមួយឡានយ៉ាងតិច៤០ម៉ឺនរៀល (១០០ដុល្លារ)។ ប្រជាជនរកស៊ីតូចតាចនៅក្បែរ ព្រំដែនភ្នំដិន ត្រូវបានលោក ជ្រិន ឆាយ វាយរាបអស់ហើយ…។

លោកវរសេរនីយឯក អ៊ុក កណ្ណីកា ប្រធានប៉ុស្ដិ៍ប៉ូលិសច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន !

ដោយសារឥទ្ធិពលឪពុកក្មេកជា ប្រធានក្រុមប្រឹក្សា ស្រុកគិរីវង់ ក៍ត្រូវបានប្រភពបន្ថែមទៀតថា លោក ជ្រិន ឆាយ មានអំណាចខ្លាំងណាស់នៅប៉ុស្ដិ៍ភ្នំដិន បន្ទាប់ពីប្រធានមក ហើយអំណាចខ្លាំងរបស់គេមានចាប់តាំងពី ប្រធានការិយាល័យគយ ថ្មីឡើងកាន់តំណែងគឺមានរយៈពេលជិត៥ឆ្នាំមកហើយ។ ឥឡូវនេះគេបានសល់លុយ ទិញវីឡាទោលនៅ បុរីប៉េងហួតផ្លូវ៥០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានតម្លៃជាង១លានដុល្លារ ឯណោះ។

នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះលោក ជ្រិន ឆាយ បានលើកឡើងថា លោកជាអ្នកស៊ីឈ្នួលបង់ពន្ធ ចូលរដ្ឋឱ្យអាជីវករ។ ពួគគាត់មករកពឹងលោកដោយសារគ្មានក្រុមហ៊ុនបង់ពន្ធចូលរដ្ឋតាម ប្រព័ន្ធអាស៊ីកូដា មិនបាន។ ការដែលឱ្យលោកជួយហើយពិបាកអីចឹងវាគឺជារឿងរបស់គាត់ទេតើ។ ការចំណាយទៅលើបើកក្រុម ហ៊ុនវាអស់សេវាច្រើនអីចឹងដូច្នេះគាត់រកស៊ីតិចតូចខ្វះលទ្ធភាពបើកក្រុមហ៊ុនដែលមានការចំណាយច្រើន។ ពួក គាត់មកពឹងលោកគឺមានតែអរគុណលោកទៅ…។

ពាក់អាវខៀវខាងឆ្វេងដៃលោក ជ្រិន ឆាយ ភរិយាកាន់ដៃនិងមិត្តភក្ដិ

លោកបានបន្តទៀតថា ខ្ញុំមិនបានយកថ្លៃសេវាច្រើនទេ។ ខ្ញុំប្រាប់ទៀតថា បើមានលទ្ធភាពធ្វើខ្លួនឯងបានខ្ញុំ ប្រាប់ទាំងអស់ការងារក្នុង ប្រព័ន្ធអាស៊ីកូដា ហ្នឹង។ បើសិនជាពួកតាត់ចេះធ្វើ អ៊ីនវយ (Invoce) ខ្លួនឯងអរ ហើយមានអ្វីទៅពិបាក…។

ទាក់ទងនឹងរឿងរ៉ាវខាងលើលោក អ៊ុក កណ្ណីកា ប្រធានប៉ុស្ដិ៍ប៉ូលិសច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងស្ថាប័ន គយភ្នំដិន នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះអង្គភាពយើងពុំអាចសុំការស្រាយបំភ្លឺបានទេ។

គួរបញ្ជាក់ថា អំពើពុករលួយខ្លះវាពុំមានឯកសារអ្វីមកបញ្ជាក់ឱ្យច្បាស់លាស់នោះទេគឺហុចតែលុយចប់។ ក៍ប៉ុន្តែ សំខាន់ដង្កូវចេញពីសាច់ឯងអីចឹងអ្នកដែលដឹងគឺអ្នកប្រតិបត្តិផ្ទាល់។ សព្វថ្ងៃមន្ត្រីមួយចំនួនដែលមានតួនាទីក្នុង ស្ថាប័នរដ្ឋត្រូវតែបម្រើរាស្ត្រ ក៍ប៉ុន្តែបុគ្គលមួយចំនួនបែរជាយកតួនាទី ឬសិទ្ធិអំណាចរបស់ខ្លួនមកធ្វើបាបជន ស្លូតត្រង់រកស៊ីស្របច្បាប់ទៅវិញ។ ករណីនេះវាដើរផ្ទុយពីគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលតម្រូវឱ្យ មន្ត្រីបម្រើរាស្ត្របានល្អ និងទាន់ពេលវេលា៕