នារីបម្រើការងារ«ខារ៉ាអូខេនាគខៀវ»ចំនួន១៣នាក់សុំឲ្យម្ចាស់ចេញមុខបើកប្រាក់ខែជូនពួកគាត់ !

0
711

ដោយៈ ដារិន្ទ
ខែត្រកែប: ខារ៉ាអូខេមួយកន្លែងដែលមានស្លាកយីហោឈ្មោះ «នាគខៀវ» មិនបានបើកប្រាក់ខែឲ្យបុគ្គលិក អស់រយៈពេលជាង៤ខែមកហើយទើបបណ្តាលឲ្យពួកគាត់កើតទុក្ខមិនសុខចិត្តបាននាំគ្នាដាក់ពាក្យបណ្តឹងទៅ កាន់ អធិការនគរបាល ក្រុងកែប ឱ្យជួយរកដំណោះស្រាយដែលមានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខែត្រកែប។

នារីរូបស្រស់ស្អាតៗ និងបុរសសង្ហា ដោយបានដាក់ពាក្យប្ដឹងទៅកាន់ អធិការនគរបាល ក្រុងកែប រួចហើយ ក៍បានពឹងពាក់ អ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយដំណឹងនេះទៅកាន់លោក រស់ សារឹម ម្ចាស់ «ខារ៉ាអូខេ នាគខៀវ» ចេញមុខមកដោះស្រាយជូនពួកគាត់ជាបន្ទាន់។ ពួកគាត់ក៍បានសុំឲ្យថ្នាក់នាំ ខែត្រកែប ជួយរកដំ ណោះស្រាយផងដែរ។

បើតាមអ្នកបម្រើការនៅក្នុង «ខារ៉ាអូខេនាគខៀវ» ម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយរៀបរាប់ថា ពួកគាត់ មិនបានបើកប្រាក់ខែចំនួន៤ខែមកហើយ។ ដោយជឿតាមសម្តីភូតភកុហកលួងលោមពីសំណាក់លោកថៅកែ រស់ សារឹម ថាបើកប្រាក់ខែជូនថ្ងៃនេះ ថ្ងៃនោះដោយមិនច្បាស់លាស់អ្វីឡើយ។ ហេតុដូច្នោះហើយទើបធ្វើឱ្យ ពួកគាត់ដាច់ចិត្តមកពឹងពាក់ អ្នកសារព័ត៌មាន ឱ្យជួយផ្សព្វផ្សាយពីទុក្ខលំបាក។

នារីម្នាក់ទៀតក្នុងចំណោមគ្នា១៣នាក់ក៍បានលើកឡើងថា ពួកគាត់ដាច់បាយម្តងៗហើយដោយ សារតែដេកចាំ បើកប្រាក់ខែ ហើយណាមួយគ្មានលុយធ្វើដំណើរទៅស្រុកថែមទៀតផង។

ទាក់ទងនឹងរឿងខាងលើនេះលោក រស់ សារឹម ម្ចាស់ «ខារ៉ាអូខេនាគខៀវ» បានប្រាប់ឱ្យដឹងនៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា នៅក្នុងបុគ្គលិកទាំងអស់មានអ្នកខ្លះធ្វើការ អ្នកខ្លះមិនបានធ្វើការ។ មេការរបស់ លោកបានទៅជួបជាមួយលោកអធិការ ក្រុងកែប ជជែកការងារជាមួយគ្នាអស់ហើយ។ អ្នកដែលបានធ្វើការ ក្នុងហាងនឹងទូទាត់សងគាត់យ៉ាងយូរបំផុតត្រឹមនៅថ្ងៃទី២០ ហើយមេការរបស់លោកក៍បានធ្វើការរឿងនេះ អស់ហើយ ដោយសារមួយរយៈនេះលោកជាប់រវល់…។

បើតាមសម្ដីស្ត្រីបម្រើការនៅក្នុង «ខារ៉ាអូខេនាគខៀវ» បានបញ្ជាក់ចុងក្រោយនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ នេះថា លោក រស់ សារឹម ពូកែលួងលោមបុគ្គលិក ហើយអូសបន្លាយស៊ីពេលវេលា៤ខែមកហើយ។ ពួកគាត់មិនទាន់ បានទទួលប្រាក់ខែមួយរៀលណាឡើយ…។

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នូ សាមេត អធិការនគរបាល ក្រុងកែប បានបញ្ជាក់ខ្លីថា កន្លង មកលោក រស់ សារឹម ម្ចាស់ «ខារ៉ាអូខេនាគខៀវ» បានឱ្យក្មួយជាតំណាងមកជួបប៉ូលិសដែរ ដោយបានធាន អះអាងថា នឹងបើកលុយឱ្យបុគ្គលិកនៅថ្ងៃទី២០ ដូច្នេះចាំមើលសិនទៅ…។

គួរបញ្ជាក់ថា ម្ចាស់ «ខារ៉ាអូខេនាគខៀវ» ដែលមានសម្ដីផ្អែមពូកែលួងលោមបុគ្គលិកនោះ បានសន្យាបើកលុយ ឱ្យស្ត្រីបម្រើការងារនៅក្នុង ខារ៉ាអូខេ នៅត្រឹមថ្ងៃទី២០ នោះមានរយៈពេលជាង៤ខែមកហើយ។ ដូច្នេះករណី នេះមានតែ មន្ទីរកិច្ចការនារី មន្ទីរការងារ និងអភិបាល ខែត្រកែប តែប៉ុណ្ណោះដែលអាចជួយស្វែងរកយុត្តិធម៌ ជូនពួកគាត់ដែលកំពុងតែរងគ្រោះនេះ៕