មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ប្តឹងលោក អ៊ុក ពញ្ញា កូនរដ្ឋមន្ត្រី និងបក្ខពួកទៅអង្គភាពប្រឆាំងអំពើពុករលួយ

0
343

ដោយៈ អធិបតី
ភ្នំពេញ: មន្ត្រីរាជការបម្រើការងារនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ពាក្យបណ្តឹងទៅ អង្គភាពប្រឆាំង អំពើពុករលួយ ដែលគេហៅថា អេស៊ីយូ (ACU) សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវ ច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ កូនលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធ ឬបក្ខពួកនៅក្នុងក្រសួង។ នេះបើយោងតាមពាក្យបណ្តឹង បាយ៉ង់ថាមស៍ ទទួលបានកាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ដោយការអត់ទ្រាំពុំបាននឹងរឿងបក្ខពួកនិយម និងពុករលួយ ពីសំណាក់កូនប្រុស និងសាច់ញាតិ របស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ទើបឈានដល់ការដាក់ពាក្យប្ដឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុក រលួយ (ACU) ចាត់ការតាមផ្លូវច្បាប់។ លោក អ៊ុក ពញ្ញា ត្រូវជាកូនប្រុសបង្កើតលោក អ៊ុក រ៉ាប៊ុន។បើយោងតាមពាក្យបណ្តឹងរបស់ មន្ត្រីរាជការបម្រើការងារនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ជូន ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាល ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការ តាមផ្លូវច្បាប់ ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងព្រមទាំងបក្ខពួកនៅក្នុងក្រសួងមួយចំនួនទៀត។

ក្នុងពាក្យបណ្តឹងបានជម្រាបជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតថា ចាប់តាំងពី ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមកកាន់មុខតំណែងជា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ នាអំឡុងដើម ខែមេសា ឆ្នាំ២០១៦ រហូតមកទល់បច្ចុប្បន្ននេះគឺ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគ្រប់គ្រងដឹកនាំរុំព័ទ្ធពីលើដល់ក្រោមដោយបណ្តា ញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក នៃឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពេញទំហឹងគឺឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ត្រូវជាកូនប្រុសបង្កើតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន (តែងតាំងដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៩១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០)។ប្រធានមន្ទីរជំនាញ និងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើននាក់ទៀត…។ល។ ប្រព័ន្ធគ្រប់គ្រងដឹក នាំ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់ ឯកឧត្តមបណ្ឌិតសភា ចារ្យរដ្ឋមន្ត្រី បានក្លាយជាបច្ច័យអាក្រក់មួយពាក់ព័ន្ធនឹងអភិបាលកិច្ចរហូតធ្វើឲ្យ មន្ត្រីរាជការក្រោមឱវាទ និង មជ្ឈដ្ឋានក្រុមហ៊ុនឯកជនមួយចំនួន ដែលអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងត្អូញត្អែររអ៊ូរទាំថា មានការ ប្រព្រឹត្តអំពើពុករលួយក្រោមរូបភាពកាត់ភាគរយចំនួនប្រមាណ «២០ភាគរយ» ពីគម្រោងអភិវឌ្ឍន៍នានាជាពិ សេសគម្រោងដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយចំនួនប្រមាណ «១០ភាគរយ» ពីខ្ទង់ចំណាយរបស់ មន្ទីរជំនាញរាជធានី-ខេត្ត ខណៈសម្រាប់ ឆ្នាំ២០២៣ នេះគឺក្រសួងមានខ្ទង់ចំណាយថវិកាសរុបចំនួន ១០២៣ ៧៧៤លានរៀល ក្នុងនោះខ្ទង់ចំណាយថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាលចំនួន ២៩៥ ៦៨៤លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្តចំនួន ៤៨ ៦៨០លានរៀល)និង ខ្ទង់ចំណាយវិនិយោគ សាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០លានរៀល។

យើងខ្ញុំយល់ឃើញថា «ប្រព័ន្ធដឹកនាំគ្រប់គ្រង និងអំពើពុករលួយនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធនឹងប ណ្តាញក្រុមគ្រួសារសាច់ញាតិ និងបក្ខពួករបស់ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ពិតជាធ្វើឲ្យការអនុវត្ត គម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាព និងក៍បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់នូវជំនឿទំនុក ចិត្តទៅលើ កម្មវិធីនយោបាយអភិវឌ្ឍន៍ជនបទ របស់ រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមេត្តា បើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ទៅលើការប្រព្រឹត្តអំពើពុករលួយ ជា ប្រព័ន្ធរបស់ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ ព្រមទាំងបក្ខពួកនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ ដោយអនុ គ្រោះបំផុត។

កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ទាក់ទងការចោទប្រកាន់ខាងលើនោះលោក អ៊ុក ពញ្ញា រដ្ឋលេខា ធិការ គេមិនអាចទាក់ទងសុំការបំភ្លឺបានឆ្លើយតបឡើយជុំវិញពាក្យបណ្ដឹងខាងលើនោះ។នៅក្នុងវេលាដដែលនោះលោក ចាន់ ដារ៉ុង អ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទ បានឆ្លើយតបតាម «បណ្ដាញ សង្គមតេឡេក្រាម» យ៉ាងខ្លីថា លោកពុំបានដឹងរឿងនេះទេ។ ពីព្រោះលោកជាប់រវល់បេសកកម្មទៅក្រៅប្រទេ សទើបមកដល់ កម្ពុជា។

ពាក់ព័ន្ធទៅនឹងពាក្យបណ្ដឹងរបស់ មន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ចូលទៅកាន់ អង្គភាពប្រឆាំង អំពើពុករលួយ លោក ឱម យ៉ិនទៀង, លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី និងលោក អ៊ុក ពញ្ញា រដ្ឋលេ ខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គភាពយើងពុំអាចសុំការបំភ្លឺបាន ទេជុំវិញការចោទប្រកាន់ខាងលើនោះ។ ទោះជាយ៉ាងណាយើងរង់ចាំធ្វើការបំភ្លឺជានិច្ចប្រសិនបើមានប្រតិកម្ម ណាមួយកើតមានឡើយ។….៕