ធ្លាយរឿងមេគយចល័តតំបន់ពីរបង្វែរគោលដៅឱ្យក្រុមឈ្មួញទៅបង់លុយនៅផ្ទះរបស់គាត់!

0
184

ដោយៈ អធិបតី
ព្រៃវែងៈ ក្រុមអាជីវករក៍ដូជាអ្នករកស៊ីដឹកទំនិញរត់ពន្ធទំនិញឆ្លងដែនចេញចូលពី ប្រទេសវៀតណាម មកកម្ពុជា និងពីកម្ពុជា ទៅវៀតណាមបានបង្ហើបប្រាប់អង្គភាពយើងឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះថា ចាប់តាំងពីលោក ខៀវ សារឿន ចូលកាន់តំណែង ជាប្រធានស្នាក់ការតំបន់ពីរបង្ការ និងបង្ក្រាបបទល្មើសរត់ ពន្ធ នោះមកគឺគាត់បានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការណ៍សម្ងាត់កុំឱ្យបែកធ្លាយដឹងរឿងដល់ អ្នកកាសែតដោយកំណត់ឱ្យអាជីវករទៅបង់ប្រាក់ដាក់ខែដល់ផ្ទះរបស់គាត់ផ្ទាល់ស្ថិតនៅ ភូមិពានី ឃុំល្វា ស្រុក ព្រះស្ដេច ខែត្រព្រៃវែង។ ប៉ុន្តែករណីនេះត្រូវបានសាម៉ីខ្លួនធ្វើការបដិសេធ។

តាមសេចក្ដីរាយការណ៍បានរៀបរាប់ប្រាប់អ្នកកាសែតថា កាលពីជំនាន់លោក ផែន ភឿន ជាប្រធានស្នាក់ការ តំបន់ពីរ គឺមានការកំណត់យកលុយពីអាជីវករដាក់ហោប៉ាវដែរ។ ប៉ុន្តែមិនច្រើនហើយក៍មិនតឹងតែងដូចលោក ខៀវ សារឿន នៅពេលនោះដែរ។ នៅក្នុងអំឡុងពាក់កណ្ដាល ឆ្នាំ២០២២ លោក ផែន ភឿន បានចូលនិវត្តន៍ បាត់ទៅលោក ខៀវ សារឿន ក៍ចូលមកកាន់តំណែងជា ប្រធានស្នាក់ការតំបន់ពីបង្ការ និងបង្ក្រាបបទល្មើស រត់ពន្ធ ជំនួសប្រធានចាស់។

ប្រភពដដែលបន្តទៀតថា ក្រោយពីបានតំណែងខ្លាញ់នេះភ្លាមលោក ខៀវ សារឿន បានរៀបចំប្រព័ន្ធគ្រប់គ្រង ថ្មីដោយគាបយកលុយពី អាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ដែលជាហេតុនាំឱ្យពួកគាត់ រកប្រាក់ចំណេញលែងបានទាល់តែសោះ។ លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់ពីរ បានកំណត់យក លុយពីពួកគាត់សម្រាប់រថយន្តធុនតូចក្នុង១ជើងៗចំនួន២០ម៉ឺនរៀលជាកំហិត។ រថយន្តធុនមធ្យមយកលុយ ចាប់ពី៣០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀលក្នុង១ជើង។ រថយន្តធុនធំយកចាប់ពី ៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង ១ជើង។ ក្នុងនោះបើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជា គ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរដោយឆ្លងកាត់ផ្លូវជាតិលេខ១ គឺលោក ខៀវ សារឿន បានកំណត់យកច្រើនរហូតដល់ រាប់រយ រាប់ ពាន់ដុល្លារ ឯណោះក្នុង១ជើងៗ។

ក្រុមអាជីវករបានរៀបរាប់ពីរបៀបបង់លុយជូនលោកគយទៀតថា ជាក់ស្ដែងអាជីវករ អ្នកដឹកទំនិញពីវៀត ណាម ចូលមកខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិចក្រី ដោយប្រើរថយន្តចំណុះ៥តោន គឺត្រូវបានលោក ខៀវ សារឿន កំណត់យកលុយក្នុង១ជើងចំនួន២០ម៉ឺនរៀលជាកំណត់។ ពោលគឺការបង់លុយទាំងនោះមិនដែល មានក្រដាសស្នាម ឬចុងសន្លឹក ឬបង្កាន់ដៃបង់ពន្ធចូលរដ្ឋ អ្វីនោះទេ។

ប្រភពបន្តទៀតថា ពួកគាត់ក៍មិនមែនដឹក១ជើងបង់១ជើងនៅ ស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំ ណុច ឃុំរំចេក ស្រុកព្រះស្ដេច ខែត្រព្រៃវែង ដូចមុនៗនោះឡើយ។ ព្រោះឥឡូវលោក ខៀវ សារឿន គិតជាខែ និងរាប់ជើងឡានដោយ ស្នាក់ការគយចល័ត ផ្លូវជាតិលេខ១នៅត្រង់ចំណុច ឃុំរំចេក ស្រុកព្រះស្ដេច ខែត្រព្រៃ វែង គ្រាន់តែជាកន្លែងពិនិត្យឯកសារ និងរាប់ក្បាលឡានតែប៉ុណ្ណោះ។ ដើម្បីគាបឱ្យក្រុមឈ្មួញទៅបង់លុយនៅ ផ្ទះរបស់លោក ខៀវ សារឿន ដែលស្ថិតនៅ ភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខែត្រព្រៃវែង យ៉ាងទៀងទាត់។

 

រាល់ការចោទប្រកាន់ខាងលើនោះនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់ ពីរបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធ បានបកស្រាយថា លោកមិនបានយកលុយពី អាជីវករទេ ហើយក៍ពុំមាន ករណីបង់លុយដល់ផ្ទះអ្វីនោះដែរ។

គួរបញ្ជាក់ថា ក្រុមឈ្មួញជាច្រើននាក់មានទាំងខ្នាតតូច និងខ្នាតធំ បាននាំគ្នាសម្រុកដឹកជញ្ជូនទំនិញផ្សេងៗ ដូចជា គ្រឿងដែក គ្រឿងជ័រ អីវ៉ាន់ចាប់ហួយ បន្លែផ្លែឈើ ត្រីសាច់ ចេញពីវៀតណាមចូលមកកម្ពុជា ដោយ គេចពន្ធ និងបង់ពន្ធមិនគ្រប់ តាមច្រកទ្វារព្រំដែននានាទាំងថ្ងៃទាំងយប់ឥតឈប់ឈរ។ វាជាហេតុនាំឱ្យសមត្ថ កិច្ចជំនាញដេកចាំទទួលផលស្រាប់ៗយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្នូរនឹងមិនបង្ក្រាបទំនិញគេចពន្ធ ឬផាកពិន័យ ចូលរដ្ឋ៕