តើនៅមានជនខិលខូចប៉ុន្មាននាក់ទៀតដែលយកបណ្ណសម្គាល់កម្មសិទ្ធិរាជរដ្ឋាភិបាលនិរាករណ៍ចោលហើយមកធ្វើជាកម្មវត្ថុទន្រ្ទានបំពានយកដីពលរដ្ឋឬដីរដ្ឋ ?

0
97

ដោយៈ អធិបតី
ព្រះសីហនុៈ លោកមេបញ្ជាការ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ខែត្រព្រះសីហនុ មានប្រសាសន៍ថា គ្រួសារ រងគ្រោះដីធ្លីដែលបំពារបំពានដោយបក្ខពួកក្រុមលោក ភឺន ផល្លា ស្ថិតនៅ ក្រុមទី១៩ ភូមិ៣ (ឃ្លាំងលើ) សង្កា ត់លេខ១ ក្រុងព្រះសីហនុ នៅជាប់នឹង បញ្ជាការដ្ឋានការពារកោះឆ្នេរ នោះគឺភាគច្រើនជាគ្រួសារយោធា នៃ បញ្ជាការដ្ឋានការពារកោះឆ្នេរ ខែត្រនេះ។

បន្ទាប់ពីប្រជាពលរដ្ឋ និងគ្រួសារយោធា នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ខែត្រព្រះសីហនុ បានដាក់ពាក្យប្តឹង ទៅសាលា ខែត្រព្រះសីហនុ ដើម្បីស្នើសុំអន្ដរាគមន៍ពីអភិបាលខែត្រឱ្យជួយរកយុត្ដិធម៌រឿងក្រុមលោក ភឺន ផល្លា ស្លៀកពាក់ខោអាវយោធា បានចូលដកបង្គោលរបងរំលោភបំពានលើដីធ្លីដែលពួកគាត់កំពុងរស់នៅ អាស្រ័យផលរួចមកនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពួកគាត់នៅតែបន្តទទូចស្នើសុំឱ្យអាជ្ញាធរមួល ដ្ឋានជួយរកយុត្តិធម៌ រក្សាសុខសុវត្ថិភាព និងសិទ្ធិរស់នៅឱ្យបានសុខសាន្តដោយគ្មានការរំខាន ឬការភ័យខ្លាច ឱ្យសក្ដិសមនឹងគោលការរបស់ ក្រសួងមហាផ្ទៃ ភូមិឃុំសុវត្ថិភាព។

ដីរដ្ឋស្ថិតនៅទីតាំងខាងលើត្រូវបាន រាជរដ្ឋាភិបាល និរាករណ៍តាមអនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដកហូតស្ទើររាល់ប័ណ្ណកម្មសិទ្ធិ។ ដីធ្លីគ្រប់ប្រភេទនៅតំបន់ក្បាលឆាយក្នុងនោះភាគច្រើន ជាប័ណ្ណកម្មសិទ្ធិស្លាបមាន់។ ក៍ប៉ុន្តែជនខិលខូចមួយចំនួនដែលមានងារជាជំទាវ ឬ ឧកញ៉ា តែងតែធ្វើឱ្យថ្នាក់ ដឹកនាំមូលដ្ឋានក៍ដូចជា ប្រមុខរាជរដ្ឋាភិបាល ឈឺក្បាលឥតស្រាកស្រានដោយពួកគេឆ្លៀតឬឆក់ឱកាសយក ប័ណ្ណកម្មសិទ្ធិស្លាបមាន់ដែល រាជរដ្ឋាភិបាលបាននិរាករណ៍ចោលហើយនោះមកធ្វើជាឧបករណ៍ ឈ្លោះដណ្ដើម ដីអ្នកដទៃឬក៍ទន្រ្ទានកាន់កាប់ដីរដ្ឋសារជាថ្មីដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ខណៈដែល រាជរដ្ឋាភិ បាល បានសម្រេចកាត់ឆ្វៀលដីមួយចំនួននៅតំបន់ក្បាលឆាយជូនប្រជាពលរដ្ឋ។

កន្ទុយដី នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ឬអាចថា វាជាដីរដ្ឋ ដែលគ្រួសារយោធាការពារកោះឆ្នេរ បាននាំគ្នា ចូលកាន់កាប់អាស្រ័យផលតាំងពី ឆ្នាំ២០១៥ មកដោយសុខសាន្ត ក្នុងនោះ មួយគ្រួសារបានដីក្បាល៥ម៉ែត្រ បណ្ដោយ២០ម៉ែត្រ ឬក្បាល១០ម៉ែត្របណ្ដោយ២០ម៉ែត្រ គ្រាន់បានរស់នៅជាប់នឹង ទីបញ្ជាការដ្ឋានការពារ កោះឆ្នេរ ដើម្បីងាយស្រួលចេញចូលធ្វើការ ឬប្រតិបត្តិការការងារកោះឆ្នេរ។ ស្រាប់តែនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បក្ខពួកក្រុមលោក ភឺន ផល្លា មេបញ្ជាការរងកងពលតូចលេខ៧០ ក្នុងសំលៀកបំពាក់ជាទាហាន និងស៊ីវិលផងនោះបានចូលមកដកបង្គោលរបងដីគ្រួសារយោធាខាងលើ និងសម្លុត និងគម្រាមហាមឃាត់មិន ឱ្យមានការសាងសង់សំណង់ផ្សេងៗ ដោយពួកគេសម្អាងលើប័ណ្ណសម្គាល់កម្មសិទ្ធិស្លាបមាន់ រដ្ឋាភិបាល និរាក រណ៍ចោល ជាពិសេសរំខានដល់ការរស់នៅរបស់ពួកគាត់រហូតមកដល់សព្វថ្ងៃ។ នេះយោងតាមការលើកឡើង របស់គ្រួសាររងគ្រោះដីធ្លី និងពាក្យបណ្ដឹងមានស្នាមផ្ដិតមេដៃរបស់ពួកគាត់ដាក់ចូលសាលា ខែត្រព្រះសីហនុ។

ពាក់ព័ន្ធរឿងរ៉ាវខាងលើ គ្រួសារយោធាការពារកោះឆ្នេរ បានដាក់ពាក្យប្ដឹងចូលទៅសាលា ខែត្រព្រះសីហនុ នៅ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដើម្បសុំអន្តរាគមន៍ពីអភិបាលខែត្រ។ ប៉ុន្តែរហូតមកដល់ថ្ងៃមុនការចុះផ្សាយអត្ថ បទព័ត៌មានមួយនេះ រដ្ឋបាល ខែត្រព្រះសីហនុ ពុំទាន់មានចំណាត់ការអ្វីសោះឡើយ។

ឆ្លើយតបនឹងពាក្យបណ្ដឹងរបស់ គ្រួសារយោធាការពារកោះឆ្នេរ ខែត្រព្រះសីហនុ អ្នកនាំពាក្យសាលាខែត្រលោក ឃាង ភារម្យ មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «ពាក់ព័ន្ធករណី នេះតាមការបញ្ជាក់របស់មន្រ្តីជំនាញ រដ្ឋបាល ខែត្រព្រះសីហនុ នឹងអញ្ជើញគូភាគីពាក់ព័ន្ធចូលទៅបំភ្លឺនៅស ប្ដាហ៍ក្រោយ» មានន័យនៅចន្លោះថ្ងៃទី២០ ប្លាយ ខែវិច្ឆិកា ឆ្នាំ២០២២ និងនៅថ្ងៃទី២២ ខែឆ្នាំដដែលលោកអ្នក នាំបញ្ជាក់ថា «ករណីខាងលើ ទីចាត់ការអន្តរវិស័យ កំពុងចាត់ការ»។

តំណាងប្រជាពលរដ្ឋ និងគ្រួសារកងទ័ពការពារកោះឆ្នេរ បានបន្ដទទូចស្នើសុំកិច្ចអន្តរាគមន៍ពី ឯកឧត្តមអភិ បាល នៃគណៈអភិបាល ខែត្រព្រះសីហនុ។ ព្រោះបក្ខពួកក្រុមឈ្មោះ ភឺន ផល្លា មានតួនាទីជា មេបញ្ជាការ រងកងពលតូចលេខ៧០ ជាច្រើននាក់ស្លៀកពាក់ខោអាវយោធាមិនស្គាល់អត្តសញ្ញាណដែលបានចូលមក ប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុ និងចូលទន្រ្ទានកាន់កាប់ដោយរំលោភបំពានលើដីរបស់ពួកគាត់កាល
ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ និងបានបន្តគំរាមកំហែង បំភិតបំភ័យ តាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋ ដើម្បីពួកគេងាយស្រួលនឹងរំលោភចូលកាន់កាប់ដីធ្លីនៅពេលខាងមុខ។ ពលរដ្ឋរងគ្រោះបានស្នើសុំអភិបាល ខែត្រមេត្តាជួយរកយុត្ដិធម៌ជូនរាស្ត្រក្រីក្រទន់ខ្សោយរងគ្រោះផង។

លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា អង្គការស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំ ខែត្រព្រះ សីហនុ មានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិ ដែល រាជរដ្ឋាភិបាល បាននិរាករណ៍ចោលហើយមិនអាចយកមក ប្រើប្រាស់ជា កម្មវត្ថុអ្វីបាននោះទេ ជាពិសេស មន្ទីររៀបចំដែនដីនគរូបនីយកម្មសុរិយោដី និងសំណង់ ខែត្រ ព្រះសីហនុ ក៍បានចងក្រងជាសៀវភៅដើម្បីឱ្យបានដឹងថា ប័ណ្ណដែលត្រូវបាននិរាករណ៍រួចហើយមានប៉ុន្មាន ប័ណ្ណ។

លោកសង្កត់ធ្ងន់ទៀតថា បុគ្គលមួយចំនួនតែងតែយកប័ណ្ណនិរាករណ៍ហើយមកប្រើប្រាស់លើដីជាច្រើនកន្លែង ផងដែរ នៅតំបន់ក្បាល។ ដូច្នេះ ការដែលយកប័ណ្ណកម្មសិទ្ធិនិរាករណ៍រួចហើយមកប្រើប្រាស់ គឺបណ្ដាលឱ្យ ប៉ះពាល់ដល់ទីតាំងមួយចំនួនដែលពលរដ្ឋបានគ្រប់គ្រងកាន់កាប់មុនរួច។ ជាក់ស្ដែងករណីនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ គ្រួសារកងទ័ពការពារកោះឆ្នេរ និងប្រជាពលរដ្ឋ បានចូលគ្រប់គ្រងកាន់កាប់ដីមុនរួចហើយ និងក្រោយមកគេឃើញមានក្រុមលោក ភឺន ផល្លា ក៍ចូលទៅកាន់កាប់ដែរដោយសម្អាងលើប័ណ្ណនិរាករណ៍ នេះទើបបណ្ដាលឱ្យមានការប្រទាញប្រទង់គ្នា។ ដូច្នេះចំពោះរូបខ្ញុំយល់ថា «ប័ណ្ណដែល រាជរដ្ឋាភិបាល សម្រេច និរាករណ៍ចោលហើយនោះមិនគួរអនុញ្ញាតឱ្យយកមកប្រើប្រាស់ធ្វើជា ឯកសារគោល ដើម្បីទន្រ្ទានកាន់កាប់ ដីនៅតំបន់ក្បាលឆាយនេះបានទៀតទេ» ។

កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើទីតាំងដីមានទំនាស់ ក្រុមអ្នកសារព័ត៌មាន បានព្យាយាម សុំការបំភ្លឺពីភាគីលោក ភឺន ផល្លា ដែរតែពុំបានទេដែលពួកគេទាំងនោះទំនងជាដៃជើងបក្ខពួករបស់លោក ភឺន ផល្លា។ ពីព្រោះពួកគេបានបញ្ចេញឥរិយាបថច្រងេងច្រងាងថតសកម្មភាព អ្នកសារព័ត៌មាន រួចនិយាយថា «ពួកខ្ញុំមិនបានផ្ដល់បទសម្ភសន៍ដល់ អ្នកសារព័ត៌មាន ដើរតួជា តុលាការ បានទេ។ ពួកខ្ញុំបានត្រឹមថតរូបភាព ផ្ញើជូនមេប៉ុណ្ណោះ »។

រីឯលោក នួន រត្តនៈ តំណាងឱ្យលោក ភឺន ផល្លា បានលើកឡើងក្នុងលិខិតបំភ្លឺព័ត៌មាន ប្រវែងមួយទំព័រកន្លះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទាំងភូតភរកុហក់សាធារណជនថា ដីខាងលើលោក ភឺន ផល្លា បានទិញ ពីគេតែមិនមានឃើញបង្ហាញលិខិតលក់ទិញហើយក៍ពុំបានប្រាប់ថ្ងៃខែឆ្នាំទិញនោះទេ។ នៅក្នុងការអះអាង មួយទៀតគេឃើញមានតែប័ណ្ណសម្គាល់កម្មសិទ្ធិស្លាបមាន់មួយសន្លឹកដែល រាជរដ្ឋាភិបាល បាននិរាករណ៍
ចោលរួចហើយ។ ប័ណ្ណទាំងនោះគ្មានលេខ គ្មានថ្ងៃខែឆ្នាំអ្វីឡើយ។ លើសពីនេះទៅទៀតលោក នួន រត្តនៈ បានវាយតម្លៃទាំងប្រមាថ ក្រុមអ្នកសារព័ត៌មាន ដែលបានចេញផ្សាយ ព័ត៌មានពីករណីខាងលើថា «អ្នកសារ ព័ត៌មាន មានចរិតជាម៉ាហ្វីយ៉ា មានចរិតញុះញង់ ធ្វើឱ្យមានការភាន់ច្រឡំ »។

គួររំឭកផងដែរថា បក្ខពួកក្រុមលោក ភឺន ផល្លា ធ្លាប់បានប្រើអំពើហិង្សាដោយចេតនាលើប្រជាពលរដ្ឋនៅ ភូមិ អូរឧកញ៉ាហេង ឬ ភូមិព្រៃស្មាច់ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២០ ដោយបានបាញ់បោះវាយតប់ប្រជាពលរដ្ឋយ៉ាងសាហាវយង់ឃ្នងជាទីបំផុតខណៈដឹងថា ប្រជាពល រដ្ឋរស់នៅតំបន់នោះទទួលបាន អនុក្រឹត្យកាត់ឆ្វៀលដីពី រាជរដ្ឋាភិបាល។ ក្នុងព្រឹត្តិការណ៍ហិង្សានោះដែរបន្ទាប់ មកក្រុមដៃដល់ចំនួន៩នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់៕