ដីព្រៃលិចទឹកនិងកោងកាងនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងកំពុងទទួលរងនូវការវិនាសដោយស្នាដៃឈ្មួញខិលខូចងារជាឧកញ៉ា

0
105

ដោយៈ អធិបតី
កោះកុងៈ ឧកញ៉ាមានឥទ្ធិពលម្នាក់កំពុងតែទន្ទ្រានឬបំផ្លាញ «តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង» ដែលជា សម្បត្តិរដ្ឋដោយប្រើប្រាស់ម៉ាស៊ីនបូមខ្សាច់យ៉ាងតិចចំនួនបីគ្រឿង និងកាយភ្នំយកអាចម៍ដីចាក់លុបព្រែកជា ច្រើនហិកតាកំពុងទទួលរងនូវវិនាសកម្មដែលមានទំហំយ៉ាងធំធេងដ៏វិនាសកម្មនៃព្រៃលិចទឹក និងព្រៃកោង កាងដោយពុំឃើញមានអាជ្ញាធរពាក់ព័ន្ធចុះមកធ្វើការហាមឃាត់ឡើយស្ថិតនៅត្រង់ចំណុចកំពង់ឡាន ភូមិ បានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខែត្រកោះកុង។

ប្រជាពលរដ្ឋប្រកបរបរនេសាទលក្ខណៈគ្រួសារកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីការបំផ្លាញធនធានធម្មជាតិ។ ពីព្រោះពួកគាត់ភ័យខ្លាចបាត់បង់មុខរបរបន្តិចបន្តួចរបស់ខ្លួនដែលធ្លាប់អាស្រ័យផល និងប្រកបរបរ ចិញ្ចិមជីវិតដើររើស ខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម លក់ដើម្បីបានប្រាក់ចិញ្ចឹមជីវិត តែឥឡូវនេះត្រូវ បានក្រុមឈ្មួញមានងារជាឧកញ៉ាឈ្មោះ អ៊ឹង ឃាង បូមខ្សាច់ កាយដីភ្នំចាក់លុបព្រៃលិចទឹក និងព្រៃកោងកាង នៅក្នុងព្រែកដោយមិនខ្វល់អ្វីឡើយ។

ប្រភពដដែលបានបន្តថា ដីព្រៃកោងកាង និងព្រៃលិចទឹក ដែលជាសម្បត្តិរដ្ឋនៅតាមបណ្តោយមាត់ព្រែក និង ដៃព្រែកក្នុង ស្រុកស្រែអំបិល សម្បូរណ៍ទៅដោយ ព្រៃកោងកាង និងព្រៃលិចទឹក ដែលជាជីវចម្រុះជាច្រើន ប្រភេទ ហើយក៍ជាជម្រកមច្ឆាជាតិបន្តពូជពងកូនផងដែរ។

បើតាមប្រភពពីមន្ត្រីសាលា ខែត្រកោះកុង បានទម្លាយរឿងខាងលើថា ករណីបូមខ្សាច់ចាក់លុបព្រៃលិចទឹក និងដើមកោងកាងចូលទៅក្នុងព្រែករំលោភយកដីក្នុងតំបន់ព្រៃការពារនេះមានបទល្មើសពីរផ្សេងគ្នា។ ក្នុងនោះ មានទីមួយ បទល្មើសលួចធ្វើអាជីវកម្មរ៉ែ (បូមខ្សាច់) ដោយគ្មានច្បាប់អនុញ្ញាត និងទីពីរ បទល្មើសរំលោភយក ដីក្នុងតំបន់ការពារមានព្រះរាជក្រឹត្យ និងគ្រប់គ្រងដោយ ក្រសួងបរិស្ថាន។

ពាក់ព័ន្ធទៅនឹងការបូមខ្សាច់សមុទ្រ និងកាយភ្នំយកអាចម៍ដីចាក់លុបព្រែកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនក្នុង តំបន់ ប្រើប្រាស់ច្រើនយ៉ាងដងពែង នេះអ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅលោក ទី យោង មេឃុំដងពែង។ លោកបានបញ្ជាក់ថា ទីតាំងខាងលើនេះអាជ្ញារធស្រុកបានចុះផ្អាក សកម្មភាពចំនួនពីរដង មកហើយ…។ លោកមិនដឹងថា គេធ្វើមានលិខិតអនុញ្ញាត ឬគ្មានលិខិតអនុញ្ញាតនោះទេ។ ប៉ុន្តែលោកមេឃុំ បានរុញសំនួរអ្នកកាសែតឲ្យទៅសួរខាង ច្រកចេញចូលតែមួយនៃរដ្ឋបាល ស្រុកស្រែអំបិល។

ចំណែកលោក ជា ច័ន្ទកញ្ញា អភិបាល ស្រុកស្រែអំបិល មិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទចូលមិន មានអ្នកទទួលកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

រីឯលោក ហ៊ិន ឡា នាយផ្នែកជលផល ទទួលបន្ទុកការងារចំនួនបីស្រុកបានឱ្យដឹងថា ដីព្រៃលិចទឹក និងព្រៃ កោងកាង នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពង ស្ថិតនៅចំណុចកំពង់ឡាន ភូមិបានទៀត ឃុំដងពែង មិនស្ថិត នៅក្រោមការគ្រប់គ្រងរបស់ រដ្ឋបាលជលផល នោះទេ។ តំបន់នោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួង បរិស្ថាន។

ជុំវិញបញ្ហាខាងលើលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន ខែត្រកោះកុង បាននិយាយយ៉ាងខ្លីថា លោកបាន ចាត់ឱ្យកូនចៅក្រោមឱវាទចុះទៅត្រួតពិនិត្យមើលជាក់ស្ដែងហើយ បើបានព័ត៌មានអ្វីចាំ លោកជម្រាបជូនតាម ក្រោយដោយសារពេលនេះលោកមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយ។

ចំពោះលោក សុខ សុទ្ធី អ្នកនាំពាក្យ និងជាអភិបាលរង ខែត្រកោះកុង បានឱ្យដឹងថា ដីដែលកំពុងបូមខ្សាច់ លុបនោះ គឺមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។ ប៉ុន្ដែការបូមខ្សាច់ចាក់លុបព្រៃលិចទឹក និងកោងកាង លើសពីលិខិត អនុញ្ញាតរបស់ខែត្រនោះលោកមិនបានដឹងទេ។ ដើម្បីដោះបន្ទុកនៃបទល្មើសខាងលើជាមួយ អ្នកកាសែត លោកអភិបាលរងខែត្របានរុញរឿងនេះឲ្យទៅសួរនាំអភិបាល ស្រុកស្រែអំបិល វិញ។

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧកញ៉ា អ៊ឹង ឃាង គេពុំអាចសុំការបំភ្លឺបានទេ។ ទោះជាយ៉ាង ក្នុងករណីខាងលើនេះក្រុមហ៊ុនអ៊ឹង ឃាង គ្រុបបានយកព្យាយាមយក «ចង្អេរទៅបាំងដំរីកំពុងតែងាប់»។

សូមបញ្ជាក់ថា បើយោងតាមលិខិតអនុញ្ញាតរបស់រដ្ឋបាល ខែត្រកោះកុង លេខ ១៧៧/២២ ល.អ.ក ចុះហត្ថ លេខាដោយលោកជំទាវ មិថុនា ភូថង អភិបាល ខែត្រកោះកុង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ អនុ ញ្ញាតឲ្យលោកឧកញ៉ា អ៊ឹង ឃាង ចាក់បំពេញអាចម៍ដីចំនួន៦៨,១០២ម៉្រែតក្រឡា ដោយរក្សាទុកចំណីព្រែក ចំនួន៥០ម៉្រែត។ តែឧកញ៉ារូបនេះមិនអនុវត្តឬគោរពតាមលិខិតរដ្ឋបាលខែត្រនោះទេគឺធ្វើលើសផែនការ៕