សំណង់រឹងមាំជាផែថ្មនិងផ្ទះថ្មសង់ថ្មីលើផ្ទៃសមុទ្រមួយកន្លែង ត្រូវរដ្ឋបាលក្រុងព្រះសីហនុផ្អាកការសាងសង់តែនៅមានច្រើនកន្លែងទៀតកំពុងដំណើរការសាងសង់

0
202

ដោយ បាយ៉ង់ថាមស៍

 

ខែត្រព្រះសីហនុ ៖ ក្រុមការងាររបស់រដ្ឋបាលក្រុងព្រះសីហនុ បានចុះពិនិត្យ និង ផ្អាកដំណើរការសាងសង់សំណង់រឹងមាំជាផែថ្មនិងផ្ទះថ្មសង់ថ្មីលើផ្ទៃសមុទ្រមួយកន្លែង កាលពីរសៀលថ្ងៃទី១០ តុលា ២០២២ ក្នុងតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងខែត្រព្រះសីហនុ ។ នេះយោងតាមការផ្ដិតបានរូបភាពជាក់ស្ដែងរបស់អ្នកសារព័ត៌មាន នារសៀលថ្ងៃខែឆ្នាំដដែល ។

លោក គង់ សោភា អតីតអភិបាលរងក្រុងព្រះសីហនុ ធ្លាប់មានប្រសាសន៍លើកឡើងថា «រាល់សំណង់ដែលសាងសង់ថ្មីលើទឹកសមុទ្រ ធ្វើអោយប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់ឆ្នេរ និង ទឹកសមុទ្របែបនេះ គឺអាជ្ញាធរក្រុងព្រះសីហនុ ពុំអនុញ្ញាតអោយមានការសាងសង់នោះទេ» ។

ចុះហេតុអ្វីសំណង់រឹងមាំលើផ្ទៃសមុទ្រនៅតែកើតមានឡើងជាហូរហែឥតឈប់ឈយ៉ាងដូច្នេះ ? តើអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ សម្រានមិនក្រោក មើលមិនឃើញទេឬ ? ឬមួយមានអ្វីនៅពីក្រោយ ?

 

ការចុះផ្អាកដំណើរការសាងសង់សំណង់រឹងមាំខាងលើ ប្រធានក្រុមការងារ ពុំបានផ្ដល់សេចក្ដីអធិប្បាយ ឬ ផ្ដល់កំណត់ហេតុនៃមូលហេតុផ្អាកទេ និងឈ្មោះម្ចាស់ទីតាំងក៏មិនប្រាប់ឡើយដែរ ។ តែលោក គង់ សុផាន់ណាក់ នាយករងរដ្ឋបាលក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារមានប្រសាសន៍យ៉ាងខ្លីថា សំណង់នេះមិនមានច្បាប់អនុញ្ញាតសាងសង់នោះទេ ។

 

លើសពីនេះទៀត សមាជិកក្រុមការងារម្នាក់ ដែលជាប៉ូលីស បានហាមឃាត់មិនអោយអ្នកសារព័ត៌មានថតទីតាំងសំណង់ ឬសកម្មភាពចុះពិនិត្យ និង ផ្អាកដំណើរការសាងសង់នោះទេ ព្រមទាំងសួរអ្នកសារព័ត៌មានថា«បងថតហ្នឹង តើបានសុំច្បាប់ពីអភិបាលឬនៅ ?» ។

 

នៅក្នុងនោះផងដែរ អនុប្រធានភូមិ៣ លោក ចុង វ៉ាន់ សំដែងនូវចរិតកាងទីតាំងខាងលើ ដោយឌឺដងឡងសំដីដាក់អ្នកសារព័ត៌មាន«ចាំពេលមានបុណ្យខ្មោច ខ្ញុំអញ្ជើញអ្នកសារព័ត៌មានមកថត» ក្នុងគ្រាដែលអ្នកសារព័ត៌មានកំពុងថតផ្ដិតយករូបភាពទីតាំងសាងសង់គ្មានច្បាប់នេះ ។

 

គួររំលឹកថា សំណង់រឹងមាំជាផែថ្មនិងផ្ទះថ្មសង់ថ្មីលើផ្ទៃសមុទ្រ ដែលកំពុងដំណើរការសាងសង់បែបហ្នឹង នៅមានជាច្រើនកន្លែងទៀត និង កន្លែងខ្លះ ទើបបានលួចសាងសង់រួចរាល់ជាស្ថាពរ ក្នុងតំបន់ទំនប់រលកនេះ ដូចជា ផែលោក គឹម ហៀង ទើបបានសាងសង់ហើយ ផែ៦៦របស់លោក ស៊ូ ទ្រី ផែ១៧ និង សំណង់ថ្មីៗផ្សេងទៀត នៅទំនប់ទៅកោះព្រាប ជាដើម ។ល។ កំពុងតែលួចសាងសង់ទាំងថ្ងៃទាំងយប់ ដែលអ្នកសារព័ត៌មានតាមប្រមាញ់សកម្មភាពសាងសង់បាន ។ សូមរង់ចាំមើលចំណាត់ការរបស់សាលាក្រុងព្រះសីហនុបន្តទៀត ៕ Samuth Tel

06 Oct,22