តើហេតុអ្វីអាជីវករក្នុងផ្សារ ប៉ាក់ខ្លង យកសំរាមញាត់ក្រោមតូបលក់ដូរ និង បោះចូលក្នុងសមុទ្រ ?

0
126

ដោយ បាយ៉ង់ថែមស៍

ខែត្រកោះកុង ៖ ក្រុមអាជីវករក្នុងផ្សារប៉ាក់ខ្លង គ្មានជំរើសអ្វីក្រៅពីយកស្បោងកាកសំណល់សំរាមស្អុយរលួយគ្រប់ប្រភេទញាត់ក្រោមតូបលក់ដូររបស់ខ្លួនឡើយ និងមានអ្នកខ្លះឈានដល់ហ៊ានយកសំរាមស្អុយរលួយដែលកកស្ទះជាច្រើនថ្ងៃ ទៅបោះចោលក្នុងទឹកសមុទ្រ តាមព្រែកទៀតផង ខណៈម្ចាស់ក្រុមហ៊ុនប្រមូលសំរាមបាត់មុខជាងកន្លះខែ និង រថយន្តដឹកសំរាមក៏អវត្តមាន ដែលបញ្ហានេះបង្កឱ្យមានការភ្ញាក់ផ្ញើលដល់មហាជ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

 

ផ្សារ ប៉ាក់ខ្លង មានទីតាំងនៅជាប់នឹងរមណីយដ្ឋានឆ្នេរប៉ាក់ខ្លង ដែលជាកន្លែងភ្ញៀវទេសចរជាតិ និង អន្តរជាតិ តែងមកលេងកម្សាន្តតាមតំបន់ឆ្នេរ និង ពេលខ្លះភ្ញៀវទេសចរ ចូលផ្សារទិញម្ហូបអាហារ គ្រឿងសមុទ្រស្រស់ៗយកទៅអាំង ធ្វើម្ហូប អង្គុយញ៉ាំលំតាមមាត់ឆ្នេរ ។

 

ក្រុមអាជីវករក្នុងផ្សារ ប៉ាក់ខ្លង ស្ទើរតែទាំងអស់ បានលើកឡើងស្រដៀងៗគ្នាថា រាល់សកម្មភាពដែលពួកគាត់បានប្រព្រឹត្តឡើងនេះ គឺគ្មានជំរើសណាមួយក្រៅពីធ្វើបែបនេះនោះទេ ព្រោះពួកគាត់ទ្រាំចាំនូវភាពយឺតយ៉ាវរបស់ក្រុមហ៊ុនប្រមូលសំរាមលែងបាន ។

 

ការកកស្ទះសំរាមអស់រយៈពេលយូរថ្ងៃនេះ បានធ្វើឱ្យលោក ប្រាក់ វិចិត្ត អភិបាលស្រុកមណ្ឌលសីមា ដឹកនាំរដ្ឋបាលឃុំ ស្រុក បើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីស្វែងរកបញ្ហាប្រឈមនានា ក្នុងការប្រមូលសំរាមនៅក្នុងស្រុកមណ្ឌលសីមា កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ។

 

ជាលទ្ធផលនៃកិច្ចប្រជុំ រកឃើញថាបញ្ហាប្រឈមនោះ គឺទី១ការយល់ដឹងពីបញ្ហាសំរាមរបស់ប្រជាពលរដ្ឋនៅមានកំរិត និងទី២បញ្ហាដែលប្រឈមខ្លាំងជាងគេនោះគឺ បច្ចុប្បន្ននៅក្នុងស្រុកមណ្ឌលសីមាពុំទាន់មានទីលានសម្រាប់ចាក់សំរាមនៅឡើយ ដោយទីតាំងចាស់ត្រូវបានលោក ហាក់ ឡេង អតីតអភិបាលស្រុកមណ្ឌលសីមា យកឡើងវិញ ដោយមិនអនុញ្ញាតឱ្យចាក់សំរាមនៅលើដីឯកជនរបស់គាត់បន្តទៀត ។

 

លោកអភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងទៀតថា អង្គប្រជុំសម្រេចធ្វើលិខិតស្នើសុំទៅលោកជំទាវអភិបាលខេត្ត ដើម្បីសុំការអនុញ្ញាតិឱ្យខាងក្រុមហ៊ុនដឹកសំរាមយកសំរាមទៅចោលបណ្តោះអាសន្ន នៅទីលានចាក់សំរាមរបស់ក្រុងខេមរភូមិន្ទសិន ។ ហើយចំពោះបញ្ហាដែលបណ្តាលឱ្យមានការកកស្ទះសំរាមយូរថ្ងៃនោះ គឺដោយសារតែបុគ្គលិកខាងក្រុមហ៊ុនប្រមូលសំរាមសំរាកនាពេលបុណ្យភ្ជុំ និង រថយន្តមានបញ្ហាផង ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការអាក់អន់ស្រពន់ចិត្តជាមួយខាងក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរ ។

 

ដោយឡែក លោក មឿន បូរិន ដែលជាម្ចាស់ក្រុមហ៊ុនប្រមូលសំរាម  បានបញ្ជាក់ថា ការចុះប្រមូលសំរាមរបស់ក្រុមហ៊ុនលោក គឺមានការកំណត់ច្បាស់លាស់ តែចំពោះបញ្ហាចន្លោះប្រហោងបន្តិចបន្តួចនោះ ដោយសារពេលខ្លះចំថ្ងៃក្រុមហ៊ុនឈប់សម្រាក និងពេលខ្លះគ្រឿងចក្រខួច ដែលជាហេតុនាំអោយមានភាពយឺតយ៉ាវ ។ ហើយសម្រាប់ខែថ្មីនេះ ខាងក្រុមហ៊ុននឹងបញ្ជ្រាបព័ត៌មានពីមូលហេតុនៃការអាក់ខានតាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីអោយពួកគាត់អាចជូនដំណឹងដល់ប្រជាពលរដ្ឋបានដឹងទាន់ពេលវេលា ។ ម៉្យាងទៀតក្រុមហ៊ុនមានការលំបាកខ្លាំង គឺក្នុងស្រុកមណ្ឌលសីមានពុំទាន់មានទីលានចាក់សំរាមនៅឡើយ និងសំរាមកើនឡើងច្រើនតោនក្នុងមួយថ្ងៃៗ នាពេលបច្ចុប្បន្ន ៕