ភ្នំពេញៈ កសាងឡើងដោយយន្តការឥណ្ឌូរូបនីកយកម្ម ទីក្រុងនាសម័យហ្វូណន គឺអង្គរបុរី ត្រូវបានហ៊ុមព័ទ្ធជុំវិញដោយកំពែងរបងធ្វើដោយឥដ្ឋយ៉ាងធំមានកសិណទឹកដែលមានខាងក្នុងនិងក្រៅកំពែង។ កំពែងនេះគេអាចមើលឃើញយ៉ាងច្បាស់ពីលើអាកាស។ ម្យ៉ាងវិញទៀតបើយើងដើរជាយខាងក្រៅនៃទីប្រជុំជននេះយើងនឹងឃើញទម្រង់នៃកំពែងនេះដែរ។ សព្វថ្ងៃស្ទើរតែទាំងស្រុង និងកំពែងទាំងនេះត្រូវបានខូចខាតដោយកក្ដាជាច្រើនដូចជា ធម្មជាតិ និងកក្ដាមនុស្ស។ ចំណុចសំខាន់ក្រុងបុរាណមួយនេះត្រូវបានបំផ្លាញគ្រប់រូបភាពពីអ្នកស្រុកគឺ គាស់កកាយទួលប្រាសាទ និងព្រះចេតិយបុរាណ។
ប្រវែងនៃកំពែងនេះមានបណ្ដោយប្រមាណជា៥,៧គីឡូម៉ែត្រ រីឯទទឹងប្រមាណ២០ម៉ែត្រ កម្ពស់ប្រមាណជា៧ម៉ែត្រ។ កំពែងនៃ ទីក្រុងអង្គរបុរី មានរាងជាពងក្រពើ គឺជាកំពែងដ៏ធំជាងគេនៅប្រទេសកម្ពុជា មុនសម័យអង្គរ ពោលគឺស្ថិតនៅក្នុងលំដាប់ទី២ ក្រៅពី ទីក្រុងស្រីទេព ដែលមានទំហំធំជាង។
ក្នុងកំពែង ក្រុងអង្គរបុរី ត្រូវគេប្រើប្រាស់ជាមធ្យោបាយគ្រប់គ្រងទឹក និងការពារសុវត្ថិភាព ជិតឆ្ងាយមកពីខាងក្រៅ។ កសិណទាំងពីរខាងលើនេះមានប្រវែងប្រមាណជា៣គីឡូម៉ែត្រ ទទឹងប្រវែង២២ម៉ែត្រ និងជម្រៅប្រមាណជា១ម៉ែត្រប៉ុណ្ណោះ។ ក្នុងបរិវេណនៃទីក្រុងគេឃើញមាន ផ្ទះអ្នកស្រុក ប្រព័ន្ធធារាសាស្ត្រ ស្រះ ត្រ ពាំង ចម្ការ ស្រែ ជាដើម។
តាមការស្រាវជ្រាវរបស់លោកបណ្ឌិត មីសែល ត្រាណេ ខាងឯកទេសប្រវត្តិសាស្ត្រប្រទេសកម្ពុជានៅ ឆ្នាំ១៩៩៦ បានឱ្យដឹងថា កំពែងនេះត្រូវបានសាងសង់ឡើងដោយប្រើបច្ចេកទេសរៀបក្ដារពុំដែលដំបូងគេសង់ជញ្ជាំងឥដ្ឋខាងក្នុង។ បន្ទាប់មកគេចាក់កម្ទេចដីគ្របពីលើដោយប្រើទ្រនាប់ឥដ្ឋមួយទៀតបិតខ្ទប់ពីខាងក្រៅ។ ចំពោះយើងការបកស្រាយនេះពិតជាត្រឹមត្រូវ តែយ៉ាងណាក៍ដោយ ការកំណត់កាលបរិច្ឆេទ នៃទីក្រុងដោយវិភាគតាមវិធីវាស់កម្ដៅលើឥដ្ឋ នៃកំពែងក្រុងអាចដឹងថា កំពែងនេះត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងសតវត្សរ៍ទី៦។ ឥដ្ឋកំពែងត្រូវមានអាយុកាលខុសៗគ្នាដែលជាភស្ដុតាងបង្ហាញថា វាត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល។
តែចំពោះយើងយល់ឃើញថា ទីក្រុងនេះត្រូវបានកសាងឡើងនៅលើទីក្រុងចាស់មួយដែលមានសហគមន៍មនុស្សរស់នៅដោយមានរាងជាពងក្រពើដូចករណីទីក្រុងផ្សេងៗឯទៀតដែរ ដែលស្ថិតនៅចុង យុគ្គថ្មរំលីង និងដើមសម័យលោហធាតុយ៉ាងប្រាកដ ពោលគឺរវាងសតវត្សរ៍ទី៥មុនគ្រិស្តសករាជ។
នៅទីនេះលោកបណ្ឌិតចង់និយាយថា ជាច្រើនអន្លើទីក្រុងកំពែងនេះត្រូវបានធ្វើឡើងអំពីដីលើកដែលជាប្រពៃណីទូទៅ នាសម័យបុរេប្រវត្ដិសាស្ដ្រ។ មានតែការស្រាវជ្រាវបន្តទៀតដែលអាចកំណត់អាយុកាល នៃកំពែងនេះ ឱ្យបានត្រឹមត្រូវជាង ចាប់តាំងពី ឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្នភាពទីក្រុងអង្គរបុរីត្រូវបាន បំផ្លាញគ្រប់រូបភាពដោយអ្នកស្រុក ដែលបានគាស់កកាយ ទួលប្រាសាទ និងព្រះចេតិយបុរាណ ដែលការពិតទៅ នៅសេសសល់តែខឿនតែប៉ុណ្ណោះដើម្បីយកឥដ្ឋឬថ្ម ទៅជួញដូរនៅផ្សារ ឬក៍គេយកបុរាណ វត្ថុទៅជួញដូរ ទីផ្សារជាតិ និងអន្តរជាតិ ដូចជា ផ្សារទួលទំពូង ជាដើម។ ជាឧទាហរណ៍ កសិណទាំងពីរ នៃទីក្រុងប្រវត្តិសាស្ដ្រ របស់ប្រជាជាតិខ្មែរមិនបានគេចផុតអំពី អំពើមិនគប្បីនេះឡើយ។ ដូច្នេះបន្តិចម្តងៗ កំពែងខាងក្នុងនិងខាងក្រៅ ត្រូវបានបាត់បង់ទម្រង់ដើមជាយថាហេតុ។
លោកបណ្ឌិតបន្តទៀតថា ជួនកាលគេពុះកំពែង នៃទីក្រុងដើម្បីបង្ហូរទឹកពីកសិណខាងក្រៅបញ្ចូលក្នុងវាល ស្រែ ជួនកាលទៀត សម្រាប់បម្រើឱ្យវិស័យកសិកម្ម ជួនកាលទៀតគេបូមខ្សាច់ដើម្បីលុបកំពែងមកពង្រីក ទីធ្លាដីសម្រាប់លក់ដូរ។ ដូច្នេះយើងសុំអំពាវនាវដល់ អាជ្ញាធរពាក់ព័ន្ធសូមបញ្ឈប់អំពើមិនគួរគប្បីទាំងនោះ ទៅ។ ពីព្រោះវាកាន់តែបង្ហាញយ៉ាងច្បាស់ថា អ្នកស្រុកកំពុងបំផ្លាញព្រលឹងជាតិខ្លួនឯងហើយ តែជាអកុសលរហូតដល់សព្វថ្ងៃពុំទាន់មាននរណាម្នាក់ដឹងឮអំពីសកម្មភាពនេះទេ។
សូមកុំភ្លេចថា ក្នុងបរិបថខ្មែរ ទីក្រុងអង្គរបុរី គឺជាភស្ដុតាងប្រវត្តិសាស្ដ្រ តែមួយគត់ដែលបង្ហាញថា ខ្មែរមានប្រវត្តិសាស្ដ្រ និងការគ្រប់គ្រងរដ្ឋជិត២០០០ឆ្នាំមកហើយ។ តើកូនខ្មែរយើងដឹងដែរឬទេ បើពុំមានការទប់ស្កាត់ជ្រុងមួយ នៃអត្ដសញ្ញាណជាតិត្រូវគេបំផ្លិចបំផ្លាញ ? វាជាការបាត់បង់មួយដែលមានលក្ខណៈដ៏ធំធេងសម្រាប់ប្រវត្តិសាស្ដ្រខេមរជាតិដែលគ្មានអ្វីអាចមកជំនួសបានឡើយ។
លោក ប្រាក់ សុណ្ណារ៉ា អ្នកនាំពាក្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់ដឹងនៅល្ងាចថ្ងៃទី១៨ ខែតុលា នេះថា ករណីខាងលើក្រសួងបានដឹងរឿងអស់ហើយ។ នៅក្នុង ឆ្នាំ២០០៥ ក្រសួងបានឱ្យ មន្ទីរវប្បធម៌ ខេត្តតាកែវ និងការិយាល័យវប្បធម៌ ស្រុកអង្គរបុរី ធ្វើរបាយការមកក្រសួង ដើម្បីស្វែងរកការពិតមានវិធានការ។ ក្រសួងវប្បធម៌ បានឱ្យគ្រប់មន្ទីរទូទាំងប្រទេសធ្វើ បញ្ជីសារពើភណ្ឌស្ថានីបុរាណ នៅក្នុងប្រទេសកម្ពុជាមានដូចជា ប្រាសាទដែលនៅ មានរូបរាង មិននៅមានរូបរាងគឺសល់តែគ្រឹះ ទួលបុរាណ ស្រះបុរាណ ស្ពានបុរាណ រូងភ្នំបុរាណ កសិណទឹកបុរាណ…។ល។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបានបញ្ជាក់ទៀតថា រឿងខាងលើក្រសួងបានដឹងអស់ហើយ គឺនៅមិនស្ងៀមនោះទេ។ យើងកំពុងតែអាប់ដេតការធ្វើ បញ្ជីសារពើភណ្ឌ នេះរហូតជារៀងរាល់ឆ្នាំហើយរាល់ការរំលោភ បំពាននានាយើងបានឱ្យមន្ទីរគ្រប់ខេត្តក្រុងចុះសហការគ្នាជាមួយអាជ្ញាធរដែនដីភ្លាមៗតែម្តង បើសិនជាកើត ឡើងមានរឿងអ្វីមួយ៕