ក្រុមហ៊ុនកាប់គោអូស្ត្រាលី SLN បានចេញសែកស្អុយ៤ដងដើម្បីដោះទ័លពីការជំពាក់ប្រាក់ជាង១លានដុល្លារពីអាជីវករម្នាក់

0
314

ដោយៈ អធិបតី
ភ្នំពេញៈ ស្ត្រីម្នាក់វ័យ៦១ឆ្នាំជាអាជីវកររកស៊ីទិញស្បែកគោលក់ទៅឱ្យចិន ត្រូវបានក្រុមហ៊ុនកាប់គោអូស្ត្រាលី SLN Meat supplies Pty Ltd ស្ថិតនៅ ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ បានចេញ សែកស្អុយចំនួន៤ដងដើម្បីដោះទ័លពីការជំពាក់ប្រាក់កក់ទិញស្បែកគោអស់រយៈពេល៧ឆ្នាំដែលមានតម្លៃជាង១លានដុល្លារ។ ក៍ប៉ុន្តែខាងភាគីក្រុមហ៊ុនបានសន្យាខ្សល់សងប្រាក់ទាំងនោះទៅឱ្យម្ចាស់ ដើមវិញនៅក្នុងថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក៍អត់បានការជាដដែល។

ក្រុមហ៊ុនរកស៊ីកាប់គោអូស្ត្រាលីនេះ បានរៀបចំកន្លែងរោងចក្រមានស្ដង់ដារល្អណាស់នៅទីតាំងខាងលើ។ ប៉ុន្តែក៍បានក្ស័យធនដោយសារក្រុមហ៊ុនគ្មានលិខិតបញ្ជាក់អំពីសុខភាពអនាម័យសត្វពី ក្រសួងកសិកម្ម សម្រាប់ការនាំចេញសាច់គោយកទៅលក់នៅក្រៅប្រទេស។ លិខិតនោះគេហៅថា «ភូតគ្រាម»។

ដោយបានមើលឃើញដំណើរការល្អ នៃរោងចក្រកាប់គោនោះទៅមុខបណ្ដើរៗលោក ហោ ស៊ីមលាង ហៅ កង និងលោក អាង លីអេង ជាសហភាគហ៊ុនបាននាំគ្នាដើរប្រមូលលុយកក់លក់សាច់គោនិងគ្រឿងគោនៅទូទាំង ប្រទេសដោយពុំបានគិតអំពីហានិភ័យថ្ងៃអនាគតឡើយ។ ពួកគាត់បានជំពាក់ប្រាក់អាជីវករនានាស្ទើរតែទូទាំង ប្រទេសក្នុងម្នាក់ៗយ៉ាងតិចចាប់ពី១០ម៉ឺនដុល្លាររហូតដល់ខ្ទង់លានដុល្លារ។ ជាពិសេសអ្នកដែលនៅពីក្រោយ ខ្នងនៃក្រុមហ៊ុននេះក៍បានជំពាក់ប្រាក់រាប់លានដុល្លារផងដែរ។

អ្នកស្រី វ៉ាត់ វុយ ជាអាជីវកររកស៊ីទិញស្បែកគោលក់ទៅប្រទេសចិន ស្នាក់នៅផ្ទះលេខ១១ដេ ផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ ជាម្ចាស់ប្រាក់ចំនួន១លាន៣សែនដុល្លារ។ ចំណែក ម្ចាស់ក្រុមហ៊ុន SLN Meat supplies Pty Ltd គឺលោក ហោ ស៊ីមលាង ហៅ កង សព្វថ្ងៃស្នាក់នៅ ភូមិព្រែក ទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ និងលោក អាង លីអេង ស្នាក់នៅផ្ទះលេខ២២៣AEo ផ្លូវលេខ ១៨២ ភូមិ១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលភាគីជំពាក់ប្រាក់កក់ថ្លៃទិញស្បែកគោ អូស្ត្រាលីចាប់តាំងពី ឆ្នាំ២០១៥ មកម្ល៉េះ។

អាជីវករមេម៉ាយមានវ័យ៦១ឆ្នាំលោកស្រី វ៉ាត់ វុយ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ទាំងទឹកមុខក្រៀមក្រំថា អ្នកស្រីផ្ទាល់រួមជាមួយកូនស្រីឈ្មោះ ស៊ុយ ហ្វុង និងកូនប្រសារឈ្មោះ Huang Hejun បានប្រគល់ប្រាក់លើកទីមួយទៅឱ្យលោក អាង លីអេង តំណាងក្រុមហ៊ុនកាប់គោអូស្ត្រាលី នៅធនាគារកាណាឌីយ៉ាភ្នំពេញ តាមបណ្តោយ ផ្លូវព្រះមុនីវង្ស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ចំនួន១ លានដុល្លារ (មានសែក) ហើយលើកទីពីរនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ កូនស្រីរបស់គាត់ឈ្មោះ ស៊ុយ ហ្វុង
និងកូនប្រសារឈ្មោះ Huang Hejun បានប្រគល់ប្រាក់ចំនួន៣០ម៉ឺនដុល្លារទៀតទៅឱ្យលោក អាង លីអេង នៅធនាគារកាណាឌីយ៉ាដដែល (មានសែក)។

អ្នកស្រី វ៉ាត់ វុយ បានបន្តទៀតថា បន្ទាប់ពីគាត់បានប្រគល់ប្រាក់ចំនួន១លាន៣សែនដុល្លារទៅឱ្យលោក អាង លីអេង រួចមក គឺអ្នកស្រីបានទទួលទំនិញស្បែកគោលើកទីមួយនៅក្នុង ឆ្នាំ២០១៦ ប្រហែល៧០តោន ស្មើ៧០ លានរៀលបើគិតជាប្រាក់ដុល្លារគឺ២ម៉ឺនដុល្លារ។ ចាប់តាំងពី ឆ្នាំ២០១៦ មកក្រុមហ៊ុនកាប់គោអូស្ត្រាលីនេះក៍បាន ក្ស័យធនរហូតមកដល់សព្វថ្ងៃ។  ក្រុមហ៊ុនបានឱ្យពួកយើងខ្ញុំរង់ចាំរហូតតែគ្មានទំនិញយកមកដោះដូរគ្នានោះ ទេ។

ដោយដឹងថាក្រុមហ៊ុនក្ស័យធន ទៅហើយក្ដីតែអ្នកស្រីគិតថា ពីរឆ្នាំក្រោយមកពួកយើងខ្ញុំ ក៍បានទាមទារយក លុយកក់នោះវិញដោយដាក់លិខិតរក្សាការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន SLN ទៅតុលាការ រាជធានីភ្នំពេញ។ យើងបានព្យាយាមទារលុយជំពាក់នោះរហូតតែភាគីខាងក្រុមហ៊ុនបានបញ្ចេញសកម្មភាពមិនល្អនៅពេលជួប គ្នាម្ដងៗ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោក ហោ ស៊ីមលាង ហៅ កង ជាម្ចាស់ក្រុមហ៊ុនកាប់គោអូស្ត្រា លី បានចេញសែកស្អុយលើកទីមួយចំនួន៣០ម៉ឺនដុល្លារ។ លើកទីពីរនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក
ហោ ស៊ីមលាង បានចេញសែកស្អុយចំនួន៥០ម៉ឺនដុល្លារ។ លើកទីបី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់ដដែ លបានចេញសែកស្អុយចំនួន៥០ម៉ឺនដុល្លារទៀត។ ដោយឡែកសែកស្អុយលើកទីបួន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារចេញដោយលោក អាង លីអេង។ សែកគ្មានទឹកប្រាក់ទាំងបួន សន្លឹកនោះស្ថិតនៅក្នុង ធនាគារអេប៊ីអេ (ABA) ទាំងអស់។

ការចេញសែកគ្មានទឹកប្រាក់ចំនួន១លាន៨សែនដុល្លារដើម្បីជាការដោះទ័លនេះលោកស្រី វ៉ាត់ វុយ បន្តថា «នៅពេលពួកខ្ញុំទៅទារលុយម្ដងៗលោក ហោ ស៊ីមលាង និងលោក អាង លីអេង តែងតែឆ្លើយដោះសារ ហូតដោយណាត់ថា សងប្រាក់ថ្ងៃនេះថ្ងៃនោះ…។ ខ្ញុំមិនទាន់បានប្ដឹងផ្ដល់ពួកគាត់ទេ។ ខ្ញុំសុខចិត្តជ្រើសរើស យកការចរចារគ្នាសិន។ លុយយើងកើតការកូនចៅ យើងត្រូវយកលុយនោះចំនួន១លាន៨សែនដុល្លារទាំង ដើម និងការប្រាក់។ លោក អាង លីអេង បានសន្យាសងប្រាក់មកពួកយើងខ្ញុំនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈបណ្ដាញសង្គម «តេឡេក្រាម»។

លោក អាង លីអេង ដែលជាតំណាងក្រុមហ៊ុនខាងលើបានទទួលប្រាក់ចំនួន១លានដុល្លារ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ លើកទីមួយ និងលើកទីពីរ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ចំនួន៣០០,០០០ដុល្លារ ទៀតពីក្រុមហ៊ុន Cambodia VA HEN Industry Group Co.,Ltd ។ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះអង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក អាង លីអេង បានទេតាមរយៈទូរស័ព្ទលេខ ០៩៩ ៦៧៦ ៧៣៧ ចូលជាច្រើនដងតែគ្មានអ្នកទទួល។

 

បុរសម្នាក់ធ្លាប់បម្រើការនៅក្នុងរោងចក្រកាប់គោអូស្ត្រាលី ហើយបានស្គាល់លោក ហោ ស៊ីមលាង ហៅ កង និងលោក អាង លីអេង នេះច្បាស់បានលើកឡើងថា ពួកគាត់ទាំងពីរនាក់គ្មានលុយសងម្ចាស់បំណុលនោះទេ។ ពីព្រោះពួកគាត់ជំពាក់ប្រាក់គេស្ទើរទូទាំងប្រទេសសម្រាប់អ្នករកស៊ីលក់សាច់គោដោយដើរយកលុយគេមុនក្នុង ម្នាក់ៗចាប់ពី១០ម៉ឺនដុល្លារ ២០ម៉ឺនដុល្លារ ទៅ៣០ម៉ឺនដុល្លារក៍មានដែរ។ អ្នកម្ចាស់បំណុលទាំងនោះបើទោះ ជាចាប់ពួកគាត់ទាំងពីរនាក់ដាក់គុកក៍គ្មានលុយសងដែរ។ បើយកល្អមានតែរង់ចាំម្ចាស់ក្រុមហ៊ុនកាប់គោនេះ
លក់ដីរោងចក្រទាំង៨០ហិកតាដើម្បីយកប្រាក់មកសងឬដោះបំណុលគេទើបគ្រប់។

គួរបញ្ជាក់ថា កន្លងមកលោក អាង លីអេង ក៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្ដងមកហើយ ទាក់ទងនឹងការជំពាក់ ប្រាក់គេដ៏ច្រើនសន្ធឹកសន្ធាប់ តែរយៈពេលមិនយូរប៉ុន្មានលោកក៍បាននៅក្រៅឃុំរហូតដល់សព្វថ្ងៃ។ ចំណែក ការសន្យាសងប្រាក់ទៅឱ្យអ្នកស្រី វ៉ាត់ វុយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ចំនួន១លាន៨សែនដុល្លារ វិញក៍ ទទួលការបរាជ័យផងដែរ ដោយសារលោក អាង លីអេង សុំលើកពេល នៃការសន្យាខ្យល់ដើម្បីដោះទ័លជា បន្តទៀត…៕