សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងកែវក្រសាំងដែលមានប្រវែងជាងមួយគីឡូម៉ែត្រ

0
111

ដោយៈ ជ្រឹម ដារិន
ខែត្រកែប: លោក ចម ប្រសិទ្ធ ប្រធានក្រុមការងារចុះជួយ ខែត្រកែប និងលោក សោម ពិសិដ្ឋ អភិបាលខែត្រ បានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែដែលមានប្រវែងជាងមួយគីឡូម៉ែត្រ ស្ថិតនៅ ភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខែត្រកែប កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

អភិបាល ខែត្រកែប លោក សោម ពិសិដ្ឋ បានឡើងធ្វើសេចក្តីរាយការណ៍អំពីគម្រោងអភិវឌ្ឍន៍ ផ្លូវបេតុងកែវ ក្រសាំង ដែលមានទំហំ១០ម៉ែត្រ និងបណ្តោយ១.២៥០មែត្រ ព្រមទាំងគម្រោងធំៗជាច្រើនខ្សែទៀតស្ថិតនៅ ក្នុងខែត្រនេះ។ ក្នុងនោះមានការអភិវឌ្ឍន៍ផ្លូវពីផ្សារក្តាម ឆ្ពោះទៅដល់ សេះស ពីឆ្នេរកែប ទៅដល់ ឆ្នេរអង្កោល ផងដែរ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានសួរសុខទុក្ខអ្នកចូលរួម ថ្នាក់ដឹកនាំសាលាខែត្រ ព្រមទាំងប្រធាន មន្ទីរ-អង្គភាពជុំវិញខែត្រ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ភូមិ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខែត្រ នេះទាំងអស់ផងដែរ។

លោកប្រធានក្រុមការងារចុះជួយ ខែត្រកែប បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ទាំងអស់សូម បញ្ជូនកូនទៅទទួលវ៉ាក់សាំងការពារ ជំងឺកូវីត.១៩ (ដូសទី៣) និងបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធ ភាពនូវវិធានការ « ៣កុំ-៣ការពារ » របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ជាពិសេសចូលរួម អនុវត្តសេចក្តីណែនាំរបស់រដ្ឋបាល ខែត្រកែប ដែលបានដាក់ចេញកន្លងមកនេះ ដើម្បីការពារខ្លួនយើងក្រុម គ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល គឺចៀសឆ្ងាយពីជំងឺកូវីត.១៩។

លោក ចម ប្រសិទ្ធ និងលោកអភិបាលខែត្រ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ វិថីពិសិដ្ឋ នោះចាប់ពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះតទៅ។ ជាងនេះទៅទៀត លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងអភិបាល ខែត្រ បានចែកនូវអំណោយមួយចំនួនដល់ប្រជាពលរដ្ឋក្រីក្រក្នុងដែនដីរបស់ខ្លួន។

ក្នុងនាមប្រជាពលរដ្ឋ ភូមិកែវក្រសាំង ដែលបានចូលរួម សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក កិត្តិសេដ្ឋាបណ្ឌិត និងក្រុមការងារ ឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។

គួរបញ្ជាក់ថា ផ្លូវបេតុងកែវក្រសាំងខាងលើដែលបានតភ្ជាប់ពីផ្លូវ៣៣ ទៅ ផ្លូវ៣៣អា កាត់ស្របតាម វត្តកែវ ក្រសាំង ដែលជាប្រយោជន៍សាធារណៈ ងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋទូទៅ ជាពិសេសពលរដ្ឋ រស់នៅក្នុងភូមិចំនួនពីរគឺ ភូមិកែវក្រសាំង និង ភូមិដំណាក់ចង្អើរ នោះតែម្តង។ ផ្លូវនេះទៀតសោតបានប្រើ ប្រាស់ថវិកាគម្រោងរដ្ឋបាល ខែត្រកែប ឆ្នាំ២០២១-២០២២៕