ភរិយា«នាយត្រង់ដឺ»បានស្រាយការឆ្ងល់អំពីប្រវត្តិប្តីរបស់គាត់ទៅមហាជន

0
313

ដោយៈ សុខ សុភ័ណ្ឌ
កំពង់ស្ពឺៈ មានវ័យ៧២ឆ្នាំរស់នៅ ភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខែត្រកំពង់ស្ពឺ លោកយាយត្រូវជា ភរិយារបស់តារាកំប្លែងស្ងួតដ៏ល្បីល្បាញគឺ «នាយត្រង់ដឺ» ដែលប្រជាជនខ្មែរទូទៅបានស្គាល់ច្បាស់ក្នុង «រឿង អនអើយស្រីអន» ដើរតួជា នាយជ័យ លក់នំបញ្ចុក។ ដូច្នេះបើសិនជាបងប្អូនអ្នកសារព័ត៌មានចង់ដឹងអំពីជីវ ប្រវត្តិពិតរបស់ប្ដីគាត់សូមទាក់ឬដកស្រង់សម្ដីពីលោកយាយដោយផ្ទាល់។

លោកយាយបានបង្ហាញឈ្មោះពិតរបស់ តារាកំប្លែងជើងចាស់ «នាយត្រង់ដឺ» ដែលមានឈ្មោះថា យិន បឿន ។ នាយត្រង់ដឺ គឺជាស្វាមីរបស់លោកយាយដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងអំឡុង ឆ្នាំ១៩៦៦ រហូតដល់ ឆ្នាំ១៩៧៨។ នាយត្រង់ដឺ បានស្លាប់នៅក្នុងរបបខ្មែរក្រហម ពល ពត។ ប្រភពបញ្ជាក់ទៀតថា ស្វាមីរបស់គាត់ បានប្រកបអាជីពជា តារាកំប្លែងតាំងពីអំឡុង ឆ្នាំ១៩៥៥ មកម្ល៉េះកាល នោះមានក្រុមហ៊ុនជាង២០បានហៅ ស្វាមីរបស់គាត់ទៅថតកុនឲ្យពួកគេ។

លោកយាយបន្តថា ស្វាមីរបស់គាត់មានបងប្អូន៦នាក់ ស្រី២នាក់ បច្ចុប្បន្ននៅរស់ម្នាក់ឈ្មោះ យិន សុគុណ ហៅ ត្រង់អង ភេទប្រុសអាយុ៧៥ឆ្នាំសព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក។ នាយត្រង់ដឺ បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកយាយ ហែម អ៊ីម មានកូន៥នាក់ក្នុងនោះស្រី៣នាក់ និងប្រុសពីរនាក់។ កូនទី១ឈ្មោះ យិន សម្រិត ហៅ ម៉ៅ ភេទប្រុសអាយុ៥៥ឆ្នាំ។ កូនទី២ឈ្មោះ យិន សារឹម ហៅ នាយវ៉ាងដឺ ភេទប្រុសអាយុ៤៧ឆ្នាំ បានស្លាប់។ កូនទី៣ឈ្មោះ យិន សារួន ភេទស្រីស្លាប់។ កូនទី៤ឈ្មោះ យិន ម៉ាឡា ភេទស្រីស្លាប់ និងទី៥ ឈ្មោះ យិន ស៊ីណាត ភេទស្រីអាយុ៤២ឆ្នាំនៅរស់ជាមួយលោកយាយសព្វថ្ងៃនេះ។

លោកយាយ ហែម អ៊ីម បន្តទៀតថា សព្វថ្ងៃ «នាយវ៉ាងដឺ» បានបន្សល់ទុកនៅកូនពីរនាក់។ កូនប្រុសទី១ ឈ្មោះ យិន ដេត អាយុ១៨ឆ្នាំបានមករស់នៅជាមួយគាត់បន្ទាប់ពី នាយវ៉ាងដឺ បានស្លាប់ទៅ និងកូនស្រីទី២ ទើបនឹងស្លាប់។ លោកយាយបានណូមពរទៅបងប្អូនអ្នកកាសែតដែលចង់សរសេរអំពីជីវប្រវត្តិពិតរបស់
«នាយត្រង់ដឺ» សូមមកសួររកឬទាក់ទងគាត់ទើបដឹងពីប្រវត្តិពិតប្រាកដ៕