ពលរដ្ឋចោទប្រកាន់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានប្លន់យកដីសហគមន៍រួមភូមិស្ទឹងជ្រៅហើយលួចធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗ

0
130

ដោយៈ អធិបតី
ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ៣៥០គ្រួសារ បាននាំគ្នាប្រមូលផ្តុំគ្នាធ្វើការតវ៉ាទ្រង់ទ្រាយធំទាមទារយក ដីសហ គមន៍រួមភូមិជាង៧ហិកតាដោយសារ ក្រុមហ៊ុនអាយអ៊ិនជី ហូលឌីង (ING Holding) របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ រំលោភយកទាំងកម្រោលលួចធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗត្រង់ចំណុចបឹងជីភោតាមបណ្តោយផ្លូវ៦០ម៉ែត្រនា ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខែត្រកណ្តាល ដែលពេល នេះដីមានជម្លោះបានកាត់ចូល រាជធានីភ្នំពេញ រួចហើយ។

ប្រជាពលរដ្ឋបានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមេត្តាជួយរកយុត្តិធម៌ជូនប្រជាពលរងគ្រោះក្នុងរឿងនេះផង ព្រោះវាបានអូសបន្លាយអស់រយៈពេលជាច្រើន ឆ្នាំមកហើយ។ នេះមិនមែនជាការតវ៉ាលើកទី១នោះទេពោលគឺវាបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមក ហើយនៅតែមិនអាចដោះស្រាយបញ្ចប់បញ្ហាបានឡើយ បើទោះបីជាមាន សេចក្ដីសម្រេចពី រាជរដ្ឋាភិបាល កម្ពុជា ក៍ដោយ។

ពលរដ្ឋរងគ្រោះបានចោទប្រកាន់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានក្រុមហ៊ុនអេហ្សិត (AZ) ដែលមាន ក្រុមហ៊ុនបុត្រ សម្ព័ន្ធ អាយអ៊ិនជី ហូលឌីង បានរំលោភឬប្លន់យកដីសហគមន៍រួម ភូមិស្ទឹងជ្រៅ របស់ពលរដ្ឋហើយលួចធ្វើប្លង់ កម្មសិទ្ធិស្ងាត់ៗខណៈតំបន់នោះកាត់ចូល រាជធានីភ្នំពេញ។ ដីសហគមន៍រួមភូមិដែលមានតម្លៃដ៏មហាសាលរាប់ លានដុល្លារនេះត្រូវបានពលរដ្ឋធ្វើការតវ៉ាទាមទាររកយុត្តិធម៌អស់រយៈជាង៥ឆ្នាំមកហើយ។

ប្រជាពលរដ្ឋចាស់ក្មេងប្រុសស្រីជាច្រើននាក់បានមកធ្វើការប្រមូលផ្តុំគ្នានៅលើដងផ្លូវ៦០ម៉ែត្រ។ ពួកគាត់រៀប រាប់យ៉ាងដូច្នេះថា ទីតាំងដីសហគមន៍ ភូមិស្ទឹងជ្រៅ ត្រង់ចំណុច បឹងជីភោ ដែលមានទំហំជាង៧ហិកតានៅជាប់ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬយើងហៅថា ផ្លូវ៦០ម៉ែត្រ គឺប្រជាពលរដ្ឋបានកាន់កាប់អាស្រាយផលនិង គ្រប់គ្រងតាំងពី ឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេលជាង៣០ឆ្នាំមកហើយ។ ប្រជាពលរដ្ឋទាំង អស់បានបង្កើតជា គណៈកម្មការចំនួន១២នាក់ ដែលជាតំណាងពលរដ្ឋសរុបចំនួន៣៥០គ្រួសារគឺបានឯកភាព គ្នា ស្នើសុំគោលការណ៍អនុញ្ញាតលក់ដីសហគមន៍រួម ភូមិស្ទឹងជ្រៅ ចំណុច បឹងជីភោ ដើម្បីយកថវិកាមក ប្រើ ប្រាស់សម្រាប់ធ្វើការអភិវឌ្ឍក្នុងសហគមន៍ភូមិដូចជា កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដាក់លូ សាលារៀន និងមណ្ឌលសុខភាព ដែលជាសំណូមពរសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ និងលោកគ្រូ អ្នកគ្រូ នៅ ក្នុង ភូមិស្ទឹងជ្រៅ។

ប្រជាពលរដ្ឋបានបន្តទៀតថា រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍អនុញ្ញាតឲ្យពួកគាត់បង្កើត គណៈ កម្មការ និងប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ លក់ដីសហគមន៍ ភូមិស្ទឹងជ្រៅ ត្រង់ចំណុចបឹងជីភោ នេះតាម រយៈលិខិត លេខ៥៨៥ ស.ជ.ណ.ផ.ក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ និងលិខិតលេខ៩៦៧ ស.ជ.ណ
ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ជាមួយគ្នានោះពលរដ្ឋបានបន្តទៀតថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខែត្រកណ្តាល បានចាត់ តាំងមន្ត្រីជំនាញ ដោយសហការជាមួយរដ្ឋបាល ក្រុងតាខ្មៅ ដើម្បីចុះទៅអង្គេតវាស់វែងទីតាំងដីសហគមន៍ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខែត្រកណ្តាល ក៍ប៉ុន្តែក្រុមហ៊ុន ING Holding របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានប្រើប្រាស់កម្លាំងសន្តិសុខរបស់ខ្លួនហាមឃាត់មន្ត្រីជំនាញ និងមន្ត្រីរដ្ឋបាល ក្រុងតាខ្មៅមិនអនុ ញ្ញាតឲ្យចុះវាស់វែងលើទីតាំងដីសហគមន៍ប្រជាពលរដ្ឋ ភូមិស្ទឹងជ្រៅ ទៅតាមការសម្រេចរបស់ រាជរដ្ឋាភិបាល នោះឡើយ។

ចំណែករដ្ឋបាល ខែត្រកណ្តាល បានបង្កើតក្រុមការងារដើម្បីចុះពិនិត្យជាក់ស្តែងលើទីតាំងដីសហគមន៍ ប្រជា ពលរដ្ឋ ភូមិស្ទឹងជ្រៅ ហើយក្រុមការងារចម្រុះបានចុះពិនិត្យជាក់ស្ដែងលើដីសហគមន៍ ភូមិស្ទឹងជ្រៅ ត្រូវបាន ក្រុមហ៊ុន ING Holding របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ រំលោភបំពានយកដីទៅធ្វើបណ្ណកម្មសិទ្ធិនៅ រាជធានីភ្នំ ពេញ ដោយមានចេញបណ្ណកម្មសិទ្ធិដ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ ពីមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ ទៅវិញ។

ពលរដ្ឋទាំងអស់បានសំណូមពរ ដោយសុំកាត់ឆ្វៀល ដីសហគមន៍ប្រជាពលរដ្ឋ ភូមិស្ទឹងជ្រៅ ដែលមានទំហំ ជាង៧ហិកតានៅត្រង់ ចំណុចបឹងជីភោ និងសុំឲ្យរដ្ឋបាល ខែត្រកណ្តាល និងមន្ត្រីពាក់ព័ន្ធអនុវត្តតាមសេចក្ដី សម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងរឿងដដែលលនេះ ក្រសួងមហាផ្ទៃ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ក៍បានធ្វើលិខិតមួយច្បាប់ កាលពីថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជម្រាបទៅលោកអភិបាល ខែត្រកណ្តាល ដោយ ក្រសួងមហាផ្ទៃ ស្នើសុំឲ្យលោក អភិបាល ខែត្រកណ្តាល ត្រូវចាត់ចែងអនុវត្តតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល និងគោលការណ៍ណែ នាំដែល ក្រសួងមហាផ្ទៃ បានចេញលិខិតនោះកន្លងមកឲ្យមានប្រសិទ្ធភាពខ្ពស់។

ប្រជាពលរដ្ឋទាំងអស់ក៍បានលើកដៃសំពះអង្វរពីចម្ងាយស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមេត្តាជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះពីសំណាក់ក្រុម របស់ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ នេះផង។

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នេះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានក្រុមហ៊ុនអេហ្សិត ដែលមានក្រុមហ៊ុន បុត្រសម្ព័ន្ធ ING Holding មិនអាចសុំការបំភ្លឺបានទេជុំវិញការចោទប្រកាន់ខាងលើនេះ។ រីឯអាជ្ញាធរពាក់ព័ន្ធ វិញដូចជា ខែត្រកណ្ដាល និង រាជធានីភ្នំពេញ ក៍មិនអាចសុំការបំភ្លឺបានដែរ៕