មានការអះអាងផ្សេងគ្នារវាងបុគ្គលិកក្រុមហ៊ុនប្រេង និង ប្រជាពលរដ្ឋខណៈមានទំនាស់ដីធ្លី

0
119

ដោយ បាយ៉ង់ថាមស៍

 

ខែត្រព្រះសីហនុ៖ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយបុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈ កាល់តិច(Caltext) អះអាងថាពួកគាត់ទទួលបានដីមួយឡូតិ៍ទទឹង៣៦ម៉ែត្របណ្ដោយ៤៨ម៉ែត្រ តាំងពីឆ្នាំ១៩៩០ដោយប្រធានអង្គភាពឃ្លាំងប្រេង(សេកាសេ)ចែកឱ្យ នៅមុខឃ្លាំងប្រេងឥន្ធនៈ កាល់តិច សព្វថ្ងៃ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុស្ទឹងហាវ(រោងចក្រប្រេងកាត) ខែត្រព្រះសីហនុ ។

បន្ទាប់មកពួកគាត់បានប្ដឹងបុគ្គលិកម្នាក់បំរើការនៅក្រុមហ៊ុនខាងលើ ដោយចោទថា បានសាងសង់រោងជាង ធ្វើតារាងបាល់ទះ និង អូសទុយោប្រេងក្នុងដីរបស់ពួកគាត់ទៅសាលាស្រុកស្ទឹងហាវ និង ទៅសាលាខែត្រព្រះសីហនុ តែពុំទាន់មានដំណោះស្រាយអ្វីឡើយ ។

 

ផ្ទុយពីការលើកឡើងខាងលើ បុគ្គលិកក្រុមហ៊ុន ដែលរងការប្ដឹងខាងលើ អះអាងប្រព័ន្ធផ្សព្វផ្សាយថា កន្លែងដែលខ្លួនសាងសង់រោងជាង ធ្វើតារាងបាល់ទះ និង ការអូសទុយោកាត់នោះ ជាដីរដ្ឋដែលក្រុមហ៊ុនជួលពីក្រសួងពាណិជ្ជកម្ម គឺមិនមែនដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋណាឡើយ ។

ដីដែលមានទំនាស់ខាងលើ នៅមុខឃ្លាំងប្រេងឥន្ធនៈក្រុមហ៊ុនកាល់តិច ដែលខ័ណ្ធដោយផ្លូវគ្រួសក្រហម គឺសិ្ថតនៅជាប់នឹងឃ្លាំងប្រេងប្រហែលជាង១០ម៉ែត្រ ។ និងដីនៅជាប់គ្នានោះដែរ ហ៊ុំព័ទ្ធដោយរបងស័ង្កសី និង សំណាញ់លូស បញ្ជាក់ថាមានអ្នកកាន់កាប់គ្រប់គ្រង ។ បើយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១១ តុលា ២០២១ ដាក់ទៅសាលាខែត្រព្រះសីហនុ ទំហំដីសរុបទទឹង២០ម៉ែត្រ បណ្ដោយ១៨០ម៉ែត្រ តែបានលក់ផ្ទេរទៅឱ្យឈ្មោះ ម៉ៅ ណាធី ចុះថ្ងៃទី១៨ សីហា ឆ្នាំ១៩៩៦ អស់ទំហំទទឹង២០ម៉ែត្រ បណ្ដោយ១៥០ម៉ែត្រ ។ ដូច្នេះដីដែលមានទំនាស់ខាងលើ គឺកន្ទុយដីដែលនៅសល់ ។

 

នាយកឃ្លាំងប្រេងឥន្ធនៈ នៃក្រុមហ៊ុនកាល់តិច មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមថា ក្រុមហ៊ុនរបស់គាត់ជួលដីពីរដ្ឋ បង់ពន្ធជូនរដ្ឋរាប់សិបម៉ឺនដុល្លារជារៀងរាល់ឆ្នាំ ហើយដីខាងលើនោះក៏ជាដីរបស់រដ្ឋដែរ ដូច្នេះលោកត្រូវតែការពារមិនឱ្យជនខិលខូចណាមករំលោភបំពានយកធ្វើជាកម្មសិទ្ធិបានទេ គឺការពារទុកជូនរដ្ឋវិញប៉ុណ្ណោះ  ។

លោកនាយឃ្លាំងប្រេង បន្តថា រាល់បញ្ហាទំនាស់ ខាងក្រុមហ៊ុនកាល់តិច បានដោះស្រាយរួចអស់ជាយូរមកហើយ ដូច្នេះរឿងនេះខាងលលោកនឹងស្នើសុំទៅសាលាខែត្រព្រះសីហនុដោះស្រាយបញ្ចប់ ។

 

បន្ទាប់ពីមានជំលោះជាមួយបុគ្គលិកក្រុមហ៊ុន កាល់តិចម្នាក់រួចមក លោក ឌិត ម៉ៅដែនរិទ្ធី ជាអ្នកអះអាងថាខ្លួនបានទទួលដីមានទំនាស់ខាងលើតាំងពីឆ្នាំ១៩៩០ បានដាក់ពាក្យប្ដឹងទៅសាលាស្រុកស្ទឹងហាវ និង ទៅសាលាខែត្រព្រះសីហនុ ដើម្បីសុំអន្តរាគមន៍ទប់ស្កាត់សកម្មសាងសង់ និង សកម្មតទុយោប្រេងឥន្ធនៈរបស់ក្រុមហ៊ុន តេឡា ។ ប៉ុន្តែសកម្មភាពទាំងនោះនៅតែបន្តរហូតមក ។

ទាក់ទងនឹងបញ្ហាខាងលើ លោក វណ្ណៈ សោភានេត្រ នាយករងរដ្ឋបាលស្រុកស្ទឹងហាវ កាលពីថ្ងៃទី៨ ខែធ្នូ ២០២១ បានឱ្យដឹងតាមប្រព័ន្ធថា កន្លងមកបន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ រដ្ឋបាលស្រុកមិនព្រងើយកន្តើយនោះទេ គឺបានធ្វើការហាមឃាត់សកម្មភាពទាំងអស់ ដោយតម្រូវឱ្យភាគីទាំងសងខាងដោះស្រាយគ្នាសិន ។ ក្រោយមកភាគីខាងប្រជាពលរដ្ឋ បានដាក់ពាក្យប្ដឹងទៅរដ្ឋបាលខែត្រព្រះសីហនុថែមទៀត ដូច្នេះរាល់ឯកសារ និង របាយការណ៍ រដ្ឋបាលស្រុកបានបញ្ជូនទៅសាលាខែត្រអស់ហើយ ។

លោកបានបញ្ជាក់បន្ថែមថា ដីដែលមានទំនាស់ខាងលើ វាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដោយមានសារាចរណែនាំលេខ០១ ធ្វើឡើងតាំងពីទសវត្សរ៍១៩៨០ប្លាយ ។

 

ស្រដៀងគ្នានេះដែរ លោក លី ចិត្តនិយម ប្រធានការិយាល័យសំណង់នៃទីចាត់ការអន្តរវិស័យរបស់រដ្ឋបាលខែត្រព្រះសីហនុ ដែលកន្លងមកធ្លាប់បានដឹកក្រុមការងារចុះទៅពិនិត្យ និង ធ្វើរបាយការណ៍ដាក់ជូនរដ្ឋបាលខែត្រម្ដងរួចហើយ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ប៉ុន្តែដំណោះស្រាយយ៉ាងណានោះលោកពុំដឹងទេ សូមសួរទៅលោក លី ចិត្តនិយម ។ នេះបើតាមការឱ្យដឹងពីលោក លី វ៉ាន់ដា មន្រ្តីសាលាខែត្រ ។

 

លោក លី ចិត្តនិយម កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយពត៌មានតាមទូរស័ព្ទថា ខាងលោកកំពុងធ្វើការស្រាវជ្រាវពីប្រវត្តិដីទំនាស់នោះ និង លោកសង្កត់ធ្ងន់ថា ដីនោះស្ថិតក្នុងតំបន់មានហានិភ័យក្នុងអនុក្រឹត្យលេខ០១របស់ក្រសួងពាណិជ្ជកម្ម ។ ហើយបើប្រជាពលរដ្ឋដែលមានទំនាស់ឃើញមានសកម្មអ្វីបន្ត សូមប្រាប់មកគាត់ គាត់នឹងអន្តរាគមន៍ទៅរដ្ឋបាលស្រុកស្ទឹងហាវសហការដើម្បីមានចំណាត់ការ ។

 

លោក ឌិត ម៉ៅដែនរិទ្ធី ជាអ្នកអះអាង និង លើកឡើងថាខ្លួនបានទទួលដីមានទំនាស់ខាងលើពីរដ្ឋតាំងពីឆ្នាំ១៩៩០ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន ជួយអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផង និង សំណូមដល់សមត្ថកិច្ចជំនាញជួយធ្វើប្លង់ជាប្រព័ន្ធឱ្យពួកគាត់ព្រមទាំងប្រជាពលរដ្ឋរស់នៅជាប់ៗនឹងដីគាត់ផង ដើម្បីកុំឱ្យទទួលរងគ្រោះដូចករណីពួកគាត់ ។

 

គួរបញ្ជាក់ថា ការអះអាងរបស់ភាគីទាំងពីរ ពុំបានបង្ហាញឯកសារណាច្បាស់លាស់ជាទឡ្ហីករណ៍ឡើយ គឺគ្រាន់តែលើកឡើងមាត់ទទេរប៉ុណ្ណោះ ដូចជាលិខិតទទួលដីពីរដ្ឋក៏គ្មាន និង សារាចរលេខ០១របស់ក្រសួងពាណិជ្ជកម្មក៏អត់ ៕ Samuth