រដ្ឋមន្ត្រីក្រសួងធនធានទឹកផ្ដល់អំណោយអាវរងាភួយនិងឈើច្រត់ជូនលោកតាលោកយាយនៅស្រុកពញាឮ

0
127

ដោយៈ បាយ៉ង់
ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ នៃរាជរដ្ឋា ភិបាល ចុះជួយមូលដ្ឋាន ស្រុកពញាឮ រួមជាមួយក្រុមការងារបានជួបសំណេះសំណាល និងសួរសុខទុក្ខព្រម ទាំងផ្តល់អំណោយ អាវរងា ភួយ និងឈើច្រត់ជូន លោកតា លោកយាយ ដែលមានជីវភាពខ្វះខាតចំនួន ៩៨៣នាក់ស្ថិតនៅ ស្រុកពញាឮ ខែត្រកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

ស្ថិតក្នុងឳកាសដ៏សែនរីករាយនោះ លោករដ្ឋមន្រ្តី ក្នុងនាមជា ថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋាន ស្រុក ពញាឮ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនលោកតា លោកយាយ នៅទូទាំង ស្រុកពញាឮ ជាពិសេសលោក តា លោក យាយ ដែលបានអញ្ជើញមកទទួលអំណោយនាព្រឹកនេះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ សែន ហ៊ុន ក្នុងឱកាសដែល សម្តេចតេជោ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានឆ្លង ទន្លេមេគង្គស្ទឹងត្រង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនោះ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ផ្ដល់នូវ អាវរងានិងភួយ ជូនមនុស្សចាស់ ក្នុងស្ថានភាពអាកាសធាតុចុះត្រជាក់នារដូវរំហើយ ដែលអាចនឹងបន្តរហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២។

លោករដ្ឋមន្រ្តី និងក្រុមការងារចុះជួយមូលដ្ឋាន ស្រុកពញាឮ បានផ្តល់ជូន លោកតា លោកយាយ ដែលមាន ជីវភាពខ្វះខាតទូទាំង ស្រុកពញាឮ ចំនួន៩៨៣នាក់ដោយក្នុងម្នាក់ៗទទួលបាន ភួយចំនួន១ និងថវិកាចំនួន១០ ម៉ឺនរៀល។ ​ដោយ​ឃើញ​ការ​លំបាក​របស់​ លោក​តា​ លោក​យាយ​ មួយ​ចំនួន​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​ចុះ ឡើង លោក​ប្រធាន​ក្រុម​ការងារ​ ក៍បាន​ជួយ​ឧបត្ថម្ភ​ឈើច្រត់មួយ​ចំនួន​ទៀតសម្រាប់​ជាជំនួយ​ប្រើប្រាស់ផង​ដែរ​។

ជាមួយគ្នានោះដែរ ប្រធានក្រុមការងារស្រុក ក៍បានផ្តាំ​ផ្ញើ​ដល់​ លោក​តា​ លោក​យាយ ​ទាំង​អស់​ត្រូវ ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ សុខាភិបាល​ និង​ណែនាំបន្ថែមដល់រដ្ឋបាល ស្រុកពញាឮ ត្រូវ​តាមដានជាប់ជាប្រចាំ ពិសេស​ចំ ពោះ​ជីវភាព​រស់​នៅ​ និងសុខទុក្ខរបស់បងប្អូនពលរដ្ឋនៅក្នុង ស្រុកពញាឮ ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បងប្អូន​ស្លាប់​ដោយ សារ​ «ខ្វះ​ស្បៀង​អាហារ»​ ដោយ​យើង​មិន​បាន​ដឹង​ និង​មិន​បាន​ជួយពួកគាត់​៕