មនុស្ស៤នាក់បានស្លាប់និង៧នាក់របួសធ្ងន់ខណៈរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅក្រុងបូកគោ

0
118

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពញៈ សោកនាថកម្មដ៏គួររន្ធត់មួយកើតចេញពី រថយន្តធុនធំបែកកង់មុខផ្នែកខាងឆ្វេងបានទាញចង្កូតទៅបុក រថយន្តតួរីស១២កៅអីដឹកអ្នកដំណើរពេញទំហឹងបណ្ដាលឱ្យស្លាប់មនុស្ស​៤នាក់ និង​រងរបួស៧នាក់ដេករដូក រណែល​។ ហេតុការណ៍​នេះកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៣ ស្ថិតក្នុង​ ភូមិ​កែប​ថ្មី សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខែត្រកំពត នៅព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១​។

​គ្រោះថ្នាក់នៅចុង ឆ្នាំ២០២១ នេះ​ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា កាលពី​វេលា​ម៉ោងជាង១០ព្រឹកនៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរកើត​ឡើងនៅលើ​កំណាត់ផ្លូវជាតិ​លេខ​៣ស្ថិតក្នុង ភូមិ​កែប​ថ្មី សង្កាត់​បឹង​ទូក ក្រុង​បូកគោ គឺរថយន្តស្ទូច​ដឹក​គ្រឿងសំណង់បានបុក​ជាមួយរថយន្តតួរីសប្រភេទ១២កៅអី​។ មុន​ពេលកើត ហេតុគេ​ឃើញរថយន្តស្ទូចធុនធំនោះធ្វើដំណើរ​មកពីទិស​ខាងលិចក្នុងល្បឿន​លឿន​ខណៈនោះក៍ស្រាប់តែលាន់ ឮស្នូរ​ផ្ទុះ​កង់មុខ ហើយក៍រេ​ចង្កូតទៅបុក​រថយន្ត​ដឹក​អ្នកដំណើរពេញទំហឹងធ្លាក់​ពី​ផ្លូវជាតិទាំងពីរ​គ្រឿង​តែម្ដង។

ប្រភព​ដដែលលើកឡើងទៀតថា ភ្លាមៗ​នោះអ្នកបើករថយន្ត​ធុន​ធំក៍បាន​រត់គេចខ្លួន​បាត់​។ ចំណែកអ្នកដំណើរ​ក្នុង​រថយន្តតួរីស១២កៅអីវិញមាន​ទាំង​ក្មេង​តូចៗមនុស្សចាស់ប្រុសស្រីផង​នោះបាន​កៀប​ជាប់ដេករដូករណែល ក៍ត្រូវបានពលរដ្ឋជិតខាង​នាំគ្នាចូលទៅ​គាស់យកជនរងគ្រោះចេញពីរថយន្តស្រាប់តែ​ឃើញមនុស្ស​ស្លាប់៤នាក់ និងរបួស៧នាក់ ដែល​តាម​ការប៉ាន់ប្រមាណមនុស្ស​នៅក្នុង​រថយន្តតួរីសមានជាង១០នាក់។

​សមត្ថកិច្ចបានលើកឡើងពីដើម​ហេតុដែល​នាំឱ្យកើតមានករណីនេះឡើងថា ​រថយន្ត​ធុន​ធំបាន​បែក​កង់​មុខផ្នែក​ខាងឆ្វេង ទើប​បណ្ដាលឱ្យទាញ​ចង្កូតចូល​ទៅបុក​រថយន្តតួរីសប្រភេទ១២កៅអីពេញទំហឹង៕