មនុស្ស៤នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ខណៈរថយន្តហ៊ីយ៉ាន់ដាយបុកពីក្រោយគោយន្តកន្ត្រៃនៅពេលយប់

0
119

ដោយៈ បាយ៉ង់
មណ្ឌលគិរី: រថយន្តហ៊ីយាន់ដាយពណ៌ស បានបើកបរបុកពីក្រោយគោយន្តកន្ត្រៃកំពុងតែដឹកម៉ាស៊ីនគិនស្រូវ ពេញទំហឹង ដែលគ្មានភ្លើងបំភ្លឺពីក្រោយធ្វើឲ្យស្លាប់មនុស្ស៤នាក់ និងម្នាក់ទៀតរបួសធ្ងន់ កាលពីយប់ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៧៨ចន្លោះគីឡូម៉ែត្រលេខ៤៣ និង៤៤ស្ថិតក្នុង ភូមិរវាក់ ឃុំរយ៉ ស្រុក កោះញែក ខែត្រមណ្ឌលគិរី ជាប់ព្រំប្រទល់ ស្រុកសេសាន ខែត្រស្ទឹងត្រែង។

យោងតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែធ្នូ នេះថា មានករណីរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២B N.៧២១៤ បើកបរខ្វះការប្រុងប្រយ័ត្នបុកពីក្រោយគោយន្តកន្ត្រៃពេញទំហឹងស្លាប់ មនុស្សប្រុសស្រី៤នាក់ និងរបួសធ្ងន់ម្នាក់។ អ្នកបើកបររថយន្តឈ្មោះ សាន វ៉ាន់ឌី រងរបួសធ្ងន់បញ្ជូនទៅព្យា បាលនៅ មន្ទីរពេទ្យ បង្អែកស្ទឹងត្រែង។ អ្នករួមដំណើរក្នុងរថយន្តស្លាប់ពីរនាក់ គឺក្មេងប្រុសឈ្មោះ ជឹម សុភារ៉េត អាយុ១៥ឆ្នាំជាសិស្ស និងស្ត្រីឈ្មោះ ស៊ីម ស្រីឌឿន អាយុ២០ឆ្នាំបម្រើការងារនៅក្នុង ក្រុមហ៊ុនកាពីតូល រស់នៅ ភូមិត្បូងភ្នំ ឃុំតាងក្រាង ស្រុកបាធាយ ខែត្រកំពង់ចាម។

ប្រភពបន្តថា មូលហេតុដែលធ្វើឱ្យរថយន្តបុកពីក្រោយគោយន្តកន្រ្តៃ​ គឺមកពីគោយន្តកន្ត្រៃគ្មានភ្លើងបំភ្លឺផ្នែក ខាងក្រោយ។ អ្នកបើកបរគោយន្តឈ្មោះ ឡាយ សុខវ៉ាត ភេទប្រុសអាយុ២៥ឆ្នាំជាកសិកររស់នៅ ភូមិឈូក ឃុំតាប្រុក ស្រុកចម្ការលើ ខែត្រកំពង់ចាម និងទីពីរឈ្មោះ ឡាយ លាភ ភេទប្រុសអាយុ១៧ឆ្នាំជា កសិករត្រូវ ជាប្អូនប្រុសបង្កើតអ្នកបើកបរគោយន្តកន្រ្តៃ។ ពួកគេបានស្លាប់នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចនគរបាល បានធ្វើការវាស់វែងរួចក៍ប្រគល់សពជនរងគ្រោះទៅឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃ ណីខ្មែរ។ រីឯវត្ថុតាងរថយន្ត និងគោយន្តកន្ត្រៃ នគរបាលយកមកផ្ញើទុកនៅ ប៉ុស្តិ៍នគរបាលស្រែស្រណុក សិន ដើម្បីដោះស្រាយគ្នាតាមច្បាប់៕