ព្រះមហាក្សត្រត្រាស់បង្គាប់ផ្ទេរភារកិច្ចនិងតែងតាំងអភិបាលនៃគណៈអភិបាលខេត្តចំនួន៧ក្នុងថ្ងៃទី៣០កញ្ញាថ្ងៃតែមួយព្រមគ្នា

0
143

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ច និងតែងតាំងអភិបាល នៃគណៈអភិបាលខេត្តចំនួន៧ដោយផ្លាស់ប្តូរគ្នា ពីខេត្តមួយទៅខេត្តមួយទៀត និងជាពិសេស តែងតាំងអភិបាលខេត្តថ្មីម្នាក់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រមៗគ្នា។

អភិបាល ខេត្តទាំង៧នោះត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់មានដូចជា ផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី ទៅជា អភិបាល នៃគណៈ អភិបាល ខេត្តស្ទឹងត្រែង។ ចំណែកឯកឧត្តម មុំ សារឿន អភិបាល ខេត្តស្ទឹងត្រែង ចាស់ត្រូវបានព្រះមហាក្សត្រ
ត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ទីពីរត្រាស់បង្គាប់ ផ្ទេរភារកិច្ចឯកឧត្តម សុខ លូ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិ បាល ខេត្តកំពង់ធំ ទៅជាអភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង។

ទីបីត្រាស់បង្គាប់ ផ្ទេរភារកិច្ចឯកឧត្តម ថង សាវុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិ បាល ខេត្តរតនគិរី ទៅជាអភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី។

ទីបួនត្រាស់បង្គាប់ តែងតាំងឯកឧត្តម ញ៉ែម សំអឿន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈ អភិបាល ខេត្តរតនគិរី។

ទីប្រាំត្រាស់បង្គាប់ ផ្ទេរភារកិច្ចឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិ បាល ខេត្តពោធិ៍សាត់ ទៅជាអភិបាល នៃគណៈអភិបាល ខេត្តកំពត។

ទីប្រាំមួយត្រាស់បង្គាប់ ផ្ទេរភារកិច្ចឯកឧត្តម ងួន រតនៈ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលនៃគណៈ អភិបាល ខេត្តបាត់ដំបង ទៅជាអភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ។

ទីប្រាំពីរត្រាស់បង្គាប់ ផ្ទេរភារកិច្ចឯកឧត្តម ជាវ តាយ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈ អភិបាល ខេត្តកំពត ទៅជាអភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា ខេត្តដែលសម្បូររឿងទំនាស់ដីធ្លីច្រើនជាងគេគឺ ខេត្តកំពត នេះឯង។ ដូច្នេះប្រជាពលរដ្ឋរងគ្រោះ ដីធ្លីនៅខេត្តមាត់សមុទ្រមួយនេះមានសង្ឃឹមច្រើន។ ពីព្រោះអភិបាលខេត្តថ្មីនេះ ត្រូវបានប្រជាពលរដ្ឋទូទាំង ប្រទេសគាំទ្រយ៉ាងខ្លាំងក្លានូវចំណាត់ការសួរដេញដោលដោយផ្ទាល់ៗរវាងគូរទំនាស់ទាំងសងខាងធ្វើឱ្យ ខេត្ត
ពោធិ៍សាត់ កន្លងមកទទួលបានការកោតសរសើរនិងជោគជ័យដ៏ត្រចះត្រចង់ដែលខេត្តផ្សេងៗទៀតពុំធ្លាប់មាន ឡើយ៕