សំណុំរឿងលោកផ្កាយបី វ៉ា វិចិត្រា និងបក្ខពួកនាំគ្នាប្រមូលផ្តុំផឹកស៊ីនៅក្នុងអង្គភាពធ្លាក់ដល់ដៃម្ចាស់បងខ្លួនឯងហើយ!

0
1664

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ រឿងរ៉ាវយកស្រាធ្វើត្រីមុខ នៃក្រុមលោកឧត្តមសេនីយឯក វ៉ា វិចិត្រា ព្រមទាំងបក្ខពួកដែល បាននាំគ្នា ប្រមូលផ្តុំផឹកស៊ីច្រៀងបង្កសំឡេងរំខាននៅក្នុងអង្គភាពធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្មូរ និងកិត្យា នុភាព នៃកងកម្លាំងនគរបាលជាតិ មិនទាន់ចប់នៅឡើយទេ គឺអគ្គស្នងការនគរបាលជាតិ បានបញ្ជូនសំណុំ រឿងមក អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ដើម្បីមានចំណាត់ការ រួចរាយការណ៍ពីលទ្ធផលត្រឡប់មកវិញ ដើម្បីឱ្យ អគ្គស្នងដ្ឋាននគរបាលជាតិ រាយការណ៍បន្តជូនថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ។

ករណីខាងលើនេះបើយោងតាមលិខិតរបស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ គោរពជូន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ គឺលោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលអ្នសារព័ត៌មានយើងបានទទួល។

នៅក្នុងលិខិតចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ជម្រាបជូន លោកឧត្តម សេនីយ៍ សេង យូអ៊ាន់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ផ្អែកតាមការ ស្រាវជ្រាវបឋម នាយ និងមន្ត្រី គនរបាលទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អគ្គនាយកដ្ឋានភាស្តុភារ និងហិរញ្ញវត្ថុ ដូច្នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើសុំ ឯកឧត្តម មេត្តាមានវិធានការមួយជំហាន រួចបញ្ជូន លទ្ធផលមក អគ្គស្នងការដ្ឋាននគរបាលជាតិ វិញដើម្បីមានមូលដ្ឋានបូកសរុបគោរពរាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ»។

តាមប្រភពច្បាស់ការណ៍បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា នេះថា នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា អ្នកទាំងពីរត្រូវជាសាច់ញាតិបងប្អូននឹងគ្នា។ ចំណែកលោក គឹម សុធា ហៅ ឆាយ វិញត្រូវជាមនុស្សជំនិតរបស់លោក វ៉ា វិចិត្រា។ បន្ទាប់ពី លោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ឡើងកាន់ តំណែងជា អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មិនយូរប៉ុន្នានផងពួកគេបាន រៀបចំផែនការដកដំណែង លោក ស្រ៊ុន លីញ ចេញពី ប្រធាននាយកដ្ឋាន និងដាក់ជំនួសវិញដោយលោក វ៉ា វិចិត្រា ដែលត្រូវជាប្អូនឱ្យធ្វើជា ប្រធាននាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ហើយបានដាក់លោក ស្រ៊ុន លីញ ធ្វើជា អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ។

ប្រភពដង្កូវចេញពីសាច់ឯងនេះបានឱ្យដឹងទៀតថា លោក ស្រ៊ុន លីញ ទទួលមុខងារជា អគ្គនាយករង មិនទាន់ មានកន្លែងអង្គុយស្រួលបួលផងក៍ស្រាប់តែក្រុម អគ្គនាយក រៀបចំផែនការក្បត់ដាក់ឲ្យលោក ស៊្រុន លីញ ទៅ ធ្វើជា ទីប្រឹក្សាក្រសួង រហូតមកដល់សព្វថ្ងៃនេះ។ បន្ទាប់មកគេបន្ថែមតួនាទីឲ្យលោក គឹម សុធា ហៅ ឆាយ ដែលមានតួនាទីបច្ចុប្បន្នជាជំនួយការផ្ទាល់ខ្លួនបន្ថែមលើតួនាទីជា អនុប្រធាននាយកដ្ឋាន ផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ។ ដោយសារអាងអំណាចបងជា អគ្គនាយក ទើបម្ចាស់ប្អូនទាំងពីរនាក់ បានដៃយ៉ាងខ្លាំងដោយមិនគោរពថ្នាក់ដឹកនាំផ្សេងៗទៀតនៅក្នុង អគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ឡើយ។

ប្រភពដ៏ដែលបានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានទទួលលិខិតពីអគ្គស្នងការដ្ឋាននគរបាលជាតិរួចមក ខាងអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក៏មានកិច្ចប្រជុំដើម្បីពិនិត្យមើលរឿងនេះ មុខពេលកិច្ចប្រជុំ អគ្គនាយករងម្នាក់ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានប្រាប់ទៅ អនុប្រធាននាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ដែលត្រូវជាក្មួយ ប្រាប់ទៅ នាយការិយាល័យ នៃនាយកដ្ឋានភស្ដុភារទាំងអស់ ត្រូវឆ្លើយថាគ្មានការផឹកស៊ី និង ច្រៀងនៅក្នុងអង្គភាពទេ នៅពេលចូលរួមប្រជុំជាមួយអគ្គនាយក ហើយអ្វីដែលគេ Comment នៅក្នុងផេកសម្តេច ហ៊ុន សែន វាជារឿងប្រឌិតទេ សូម្បីតែបន្ទប់ដែលរៀបចំផឹកស៊ី ក៏បានចុះទៅរៀបចំទាំងយប់ ដើម្បីបំបាត់ភស្តុតាង មុនពេលអគ្គចុះទៅមើលផ្ទាល់ដែរ ។

ចំពោះចំណាត់ការរបស់ម្ចាស់បងទៅលើម្ចាស់ប្អូនទាំងពីរនាក់ និងបក្ខពួករបស់ខ្លួន គឺមហាជនរងចាំមើលថា តើចំណាត់ការរបស់ម្ចាស់បងហ៊ានដាក់ទណ្ឌកម្មទៅលើម្ចាស់ប្អូនទាំងពីរនាក់ដល់កម្រិតណាដែរ ? គេសង្ឃឹមថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នៃក្រសួងមហាផ្ទៃ នឹងមានវិធានការតឹងរឹងចំពោះបុគ្គលខិល ខូចដែលធ្វើឲ្យ កិត្តិយសនិងសេចក្តីថ្លៃថ្មូរ ព្រមទាំងកិត្យានុភាព នៃកងកម្លាំងនគរបាលជាតិ ធ្លាក់ចុះនេះឱ្យបាន ល្អប្រសើរឡើងវិញ។

រឿងរ៉ាវខាងលើនេះផ្ដើមចេញពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មានម្ចាស់ហ្វេសប៊ុក San Bora បានខំមិន (Comments) ចូលផេកសម្តេចតេជោ ហ៊ុន សែន នាកយរដ្ឋមន្ត្រី ស្នើសុំឲ្យមានចំណាត់ការទៅលើ ប្រធាន អង្គភាព ឧត្តមសេនីយឯក វ៉ា វិចិត្រា និងបក្ខពួកបាននាំគ្នាប្រមូលផ្តុំផឹកស៊ី ច្រៀងរបង្កសំឡេងរំខាននៅក្នុងអង្គ
ភាព ព្រមទាំងបានបង្ហាញឈ្មោះ និងលេខទូរស័ព្ទបក្ខពួកដែលពួកគេបានចូលរួមផឹកស៊ីជាមួយគ្នាទាំងអស់ ផងដែរ។

ខំមិន (Comments) របស់ម្ចាស់ហ្វេសបុក San Bora មានខ្លឹមសារដូចខាងក្រោមថា «ខ្ញុំសូមរាយការណ៍ជូន សម្តេចតេជោ ជ្រាបមានវិធានការចំពោះអំពើពារលាអាវាសែរបស់ផ្កាយ៣ ប្រធានអង្គភាពមួយនៅ ក្រសួង មហាផ្ទៃ ដែលបបួលមន្ត្រីបើកបរឡានដឹកអីវ៉ាន់ធំៗផឹកស៊ីក្នុងអង្គភាពស្រវឹងរៀងរាល់ថ្ងៃ គឺចាប់ពី ប្រធានអង្គ
ភាព នេះមកកាន់ដំណែងកាលពី ខែមេសា ឆ្នាំ២០២០ មកភ្លាមបានចំណាយលុយរដ្ឋសង់ បន្ទប់ផ្ទាល់ខ្លួន ស្អាតជាង បន្ទប់រដ្ឋមន្ត្រី ទៅទៀតអស់ជិត១០ម៉ឺនដុល្លារ។ មិនតែប៉ុណ្ណោះសង់បន្ទប់សម្រាប់ជាកន្លែងផឹកស៊ីនៅ ក៥ នេះដោយទុកជាបន្ទប់ធ្វើការបំភាន់ភ្នែកមន្ត្រី តែតាមពិតរៀបចំទុកផឹកស៊ីចាក់ចម្រៀងឡូឡាដូចក្នុងក្លឹប ហើយប្រមូលមន្ត្រីបើកឡានធំមកធ្វើម្ហូបឲ្យខ្លួន និងបានសម្លាប់សុនខ (ឆ្កែ) ដែលពួកខ្ញុំចិញ្ចឹមជាច្រើនក្បាលធ្វើ សាច់ក្លែមទៀតផង។ ក្រៅពីពូកែប្រព្រឹត្តអំពើពារលាគេបានកិបគេងលុយរដ្ឋនេះ នៅមានការប្រមាថមន្ត្រីចាស់ ៗថា គ្មានសមត្ថភាព គ្មានធនធាន គឺចាប់តាំងពីបុគ្គលនេះមកកាន់តំណែងបានជាង៣ខែភាពរង្គោះរង្គើ បាត់ បង់សាមគ្គីភាពផ្ទៃក្នុងមិនដែលគិតពីការអភិវឌ្ឍអង្គភាពទេ គឺគេគិតតែបក្ខពួកផឹកស៊ីរាល់ពេលថ្ងៃត្រង់បបួល ប្រធានការិយាល័យ មួយចំនួនមកផឹកស៊ីរហូតស្រវឹងក្នុងអង្គភាពទៀត។ អំពើពារលានេះ សួរតែមន្ត្រីនៅ ភស្តុភារព្រែកប្រា នរណាក៍ដឹងដែរ ពិសេសកម្លាំងមន្ត្រីបើកឡាននៅការិយាល័យ ក៥ ហើយគូកនមកផឹក ស៊ីជាមួយគ្នាភាគច្រើនជាអ្នកមកពីក្រៅ ព្រោះមន្ត្រីក្នុង នាយកដ្ឋាន មិនពេញចិត្តនឹងទង្វើបែបពារលានេះទេ។ ចាក់វ៉ាក់សាំងហើយក៍ពួកគេផឹកស៊ីមិនខ្វល់ពីការណែនាំរបស់គ្រូពេទ្យឡើយ»។

ម្ចាស់ហ្វេសប៊ុកដដែលលើកឡើងទៀតថាក្រៅពីមន្ត្រីទាំងនេះនៅមានអ្នកមកពីខាងក្រៅជាច្រើននាក់ទៀតដែល បានឆ្លាស់គ្នាមកស៊ីផឹកស៊ីរហូតពាក់ព័ន្ធបុគ្គល ប្រធាននាយកដ្ឋាន នេះនៅមានរឿងច្រើនទៀតទាំងរឿងទិញ រថ យន្តទំនើបៗដែលមានតម្លៃរាប់ម៉ឺនដុល្លារមកតម្រៀបបង្អូតពួកប៉ូលិសដែលរកតែសាំងចាក់ម៉ូតូមកធ្វើការមិនទាំង បានផង។ ក្រុមប៉ូលិសដែលមិនពេញចិត្តនឹងរឿងពារលាខាងលើបានសំណូមពរឲ្យ សម្តេចតេជោនិងសម្តេច ស ខេង មានវិធានការសមទៅតាមនឹងអំពើដែលពួកគេបានសាង។ សូមអរគុណ សម្តេច អរគុណសន្តិភាព។

នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះលោកឧត្តមសេនីយ៍ផ្កាយបួន សេង យូអ៊ាន់ លោកឧត្តមសេនីយ៍ ផ្កាយបី វ៉ា វិចិត្រា និងលោក គឹម សុធា ហៅ ឆាយ មិនអាចសុំការបំភ្លឺបានទេជុំវិញរឿងរ៉ាវនៃការចោទប្រកាន់ ខាងលើនេះ។

គួរបញ្ជាក់ថា បើយោងតាម បរាភវសូត្រ ហេតុដែលនាំឱ្យវិនាសទាំង១២កង ដែលព្រះសង្ឃឬអាចារ្យសូត្រ ជា រៀងរាល់ព្រឹកថ្ងៃក្នុងនៅរដូវបុណ្យភ្ជុំបិណ្ឌនោះមាន ល្បែងស្រី ល្បែងស្រា និងល្បែងពារលាទាំងឡាយ នាំឱ្យ វិនាសអន្តរាយ គឺវាកើតចេញពី «អវិជ្ជា» របស់មនុស្ស។ បើសិនជាមនុស្សយើង យល់ត្រូវ គិតត្រូវ ធ្វើត្រូវ សេច ក្ដីសុខនឹងកើតមានឡើង។ ប៉ុន្តែបើសិនជាយើង គិតខុស និយាយខុស និងធ្វើខុសសេចក្ដីទុក្ខនឹងកើតមានឡើង ដូចគ្នានោះដែរ៕