ប្រជាពលរដ្ឋថាចោរប្លន់ទាំងហ្វូងរាប់សិបនាក់ ចូលធ្វើសកម្មភាពប្លន់ទាំងកណ្ដាលថ្ងៃ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់

0
127

ដោយ បាយ៉ង់ថាមស៍

ខែត្រព្រះសីហនុ៖ ក្រុមចោរប្លន់មួយហ្វូង ដែលមានគ្នារាប់សិបនាក់ បានចូលប្លន់យកទ្រព្យសម្បតិ្ដប្រជាពលរដ្ឋ និង ប៉ុនប៉ងមនុស្សឃាដ យ៉ាងឃោរឃៅ ដោយចេតនា អាជ្ញាធរស្រុកព្រៃនប់ និង កម្លាំងសមត្ថកិច្ច ឱ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ថា បានបើកការស៊ើបអង្កេត និងកំពុងតែតាមចាប់ជនដៃដល់យកមកដាក់ទោសទណ្ឌតាមច្បាប់ ។

ករណីហិង្សាក្នុងរូបភាពអំពើប្លន់ដ៏សាហាវឃោរឃៅនៅចំណុចម្តុំភ្នំត្រងោល ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៨ សីហា ២០២១ មានក្រុមចោរប្លន់មួយហ្វូងធំ ដែលមានគ្នារាប់សិបនាក់ បានសម្រុកចូលធ្វើសកម្មភាពប្លន់យកទ្រព្យសម្បតិ្ដប្រជាពលរដ្ឋ និង ប៉ុនប៉ងមនុស្សឃាដដោយចេតនា ។ ពួកគេ បានសម្រុកចូលវាយដំប្រជាពលរដ្ឋ គម្រាមបាញ់សម្លាប់ បង្ករបួសស្នាមដល់ប្រជាពលរដ្ឋច្រើននាក់ រួចដុតបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ប្រមូលយកទូរស័ព្ទដៃរាប់សិបគ្រឿង ។ ក្នុងសកម្មភាពប្លន់នោះក្រុមចោរប្លន់បានប្រើប្រាស់អាវុធស្ទើរគ្រប់ដៃ មានកាំភ្លើងអាកា ២ដើម ជំពាមកៅស៊ូ ដែលគេកាត់ដែកថ្នាំងអំពៅធ្វើគ្រាប់ជំពាមបាញ់  កាំបិត និងកាំភ្លើងស្នប់ (កាំភ្លើងកែច្នៃ) ។​ នេះបើយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋក្នុងតំបន់កើតហេតុ ឱ្យអ្នកសារពត៌មានដឹង។

តំណាងប្រជាពលរដ្ឋរងគ្រោះដោយអំពើប្លន់យកទ្រព្យសម្បតិ្ដ និង ប៉ុនប៉ងមនុស្សឃាដដោយចេតនា បានថ្លែងទាំងអួលដើមកសោកស្ដាយចំពោះការបាត់បង់ទ្រព្យសម្បត្ដិ ផ្ទះសម្បែង និង រស់នៅដោយភ័យខ្លាចចំពោះសកម្មភាពដ៏ឃោរឃៅរបស់ក្រុមចោរប្លន់នេះ។ ពួកគាត់ ស្នើសុំអាជ្ញាធរខេត្ដ សមត្ថកិច្ចពាក់ព័ន្ធ ជួយរកយុត្ដិធម៌ឱ្យពួកគាត់បានរស់នៅសុខស្រួលផង ហើយតាមចាប់ក្រុមជនល្មើសបង្កហិង្សានេះ និងមេក្លោងរបស់ពួកគេ យកមកដាក់ទោសទណ្ឌតាមច្បាប់ ។

 

ទាក់ទងនឹងករណីយ៉ាងគឃ្លើននេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខែត្រព្រះសីហនុ បានឱ្យអ្នកសារពត៌មានក្នុងស្រុកតាមសារអេឡិចត្រូនិចដឹងថា «យើងកំពុងធ្វើការងារនេះ! ពួកអនាធិបតេយ្យមកអុកឡុកអ្នកមកចាប់ដីខុសច្បាប់ ។ តែខ្ញុំបានបញ្ជាឲ្យរកចាប់ពួកជនដៃដល់»។

 

ចំណែកលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុកព្រៃនប់ បានឱ្យដឹងថា រឿងនេះ កម្លាំងសមត្ថកិច្ចនគរបាលស្រុក និង កងរាជអាវុធហត្ថស្រុកព្រៃនប់ កំពុងធ្វើការតាមដានស្រាវជ្រាវរកមុខសញ្ញាជនល្មើស ។ ក្នុងរឿងនេះ លោកបានស្នើសុំឱ្យប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ផ្តល់ព័ត៌មានក្នុងការស្វែងរកអត្ដសញ្ញាណជនល្មើស និង ជនខិលខូចដែលនៅពីយក្រោយខ្នងរឿងនេះ ដើម្បីធ្វើការឃាត់ខ្លួនយកមកដាក់ទោសទណ្ឌតាមច្បាប់ ។

 

ទាក់ទងនឹងបញ្ហាដែលគួរឱ្យភ័យខ្លាចនេះ លោក មាច ចាន់ មេឃុំបិតត្រាំង បានចាត់ទុកថា ករណីខាងលើនេះជាទូទៅ គឺជារឿងឈ្លោះដណ្ដើមដីគ្នា ។ និងលោកបានឱ្យអ្នកសារពត៌មានដឹងទៀតថា យ៉ាងណាក៏ដោយសមត្ថកិច្ចនគរបាលចុះទៅស្រាវជ្រាវហើយ ប៉ុន្តែសួរប្រភពព័ត៌មានអត់ចេញសោះ ។

 

រីឯមេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំបិតត្រាំង លោក តាន់ ពិសិដ្ឋ បានថ្លែងខ្លីថា «ចំពោះរឿងនោះអត់ទាន់ដឹងច្បាស់ដែរបង» ហើយក៏មិនទាន់កំណត់មុខសញ្ញាបានដែរ ព្រោះក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅ មិនឃើញភាគីម្ខាងទៀតនៅកន្លែងកើតហេហ្នឹងទេ ។

 

ដោយឡែកលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខែត្រព្រះសីហនុ មិនឆ្លើយតបការស្នើសុំសេចក្ដីអធិប្បាយជុំវិញបញ្ហានេះទេ តាមប្រព័ន្ធតេឡេក្រាមកាលពីព្រឹកថ្ងៃទី១២ សីហា ២០២១ ។ និងលោក ម៉ែន​ វណ្ណា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ក៏ពុំអាចសុំការបញ្ជាក់បានដែរនៅព្រឹកថ្ងៃខែឆ្នាំដដែលនេះ ព្រោះលោកសុំច្បាប់ «បាទបង ខ្ញុំច្បាប់ អរគុណបង»។

 

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋ បានចោទប្រកាន់អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានខ្លះ មិនសូវអើពើចំពោះបញ្ហាប្រឈម (សុវត្ថិភាពសន្ដិសុខ) របស់ប្រជាពលរដ្ឋទេ ដោយសារបានទទួលប្រាក់ខែ ប្រចាំខែពីលោកឧត្ដមសេនីយ៍ទោ សុខ រ៉ាថន! អីចឹងពេលកើតហេតុ មិនឃើញមេភូមិ មេឃុំ មកទេ មានតែខាងកម្លាំងនគរបាលប៉ុស្ដិ៍ និង កម្លាំងកងរាជអាវុធហត្ថប៉ុណ្ណោះ ដែលបានចុះមក ។ ក៏ប៉ុន្តែ ហាក់បីដូចជាមកដើម្បីបង្គ្រប់កិច្ច ព្រោះគ្រាន់តែសួរនាំបន្ដិបន្ដួចរួចត្រឡប់ទៅវិញ ដែលផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល «ភូមិឃុំមានសុវត្ថិភាព»។ ពួកគាត់ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពរស់នៅ ហើយស្នើសុំថ្នាក់ដឹកនាំខេត្ដ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល ជួយរកយុត្ដិធម៌ឱ្យពួកគាត់ផង ។

 

គួរបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើ ឡានកូរ៉េ បួនគ្រឿង ត្រូវបានដុតបំផ្លាញ ឡានកាម៉ារី ម៉ាកបាឡែនមួយគ្រឿង ត្រូវបានវាយកម្ទេច ម៉ូតូហុងដា ម៉ាកអាសង់០២០មួយគ្រឿងត្រូវបានដុតបំផ្លាញ និង ម៉ូតូមួយចំនួនទៀត ត្រូវបានវាយកម្ទេច ៕ សាមុត