ដកអធិការស្រុកបសេដ្ឋបញ្ឈរជើងបន្ទាប់ពីមន្រ្តីក្រោមឱវាទរួមគ្នាប្តឹងពីចរិកពាលបក្ខពួកពុករលួយ

0
503

ដោយៈ ច្បារមន
កំពង់ស្ពឺៈ លោក សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកព័ត៌មានកាលព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះថា លោកបានចាត់ឱ្យស្នងការរងទទួលផែនបុគ្គលិក ចុះធ្វើការស្រាវជ្រាវបន្ថែម និង ដកលោកវរសេនីយ៍ត្រី អ៊ុំ ចំរើន អធិការនគរបាល ស្រុកបសេដ្ឋ បញ្ឈរជើងក្រោយពីមានពាក្យបណ្តឹងមន្ត្រី នគរបាលក្រោមឳវាទដូចជា អធិការរង ប្រធានផ្នែក នាយរងផ្នែក និង នាយនគរបាលប៉ុស្តិ៍ជាច្រើនទៀត។

ក្រុមមន្រ្តីនគរបាលជាច្រើននាក់បានរួមគ្នាប្តឹងមេរបស់ខ្លួនទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក សម សាមួន ស្នងការនគរបាលខេត្តសុំឲ្យផ្លាស់ប្តូរ អធិការនគរបាល ស្រុកបសេដ្ឋ លោក អ៊ុំ ចំរើន ចេញ ដោយសារ មន្រ្តីនគរបាលរូបនេះ បានប្រព្រឹត្តកំហុសឆ្គងជាច្រើនដែលអ្នកនៅក្រោមបង្គាប់មិនអាចទទួលយក បាន និងមិនព្រមឲ្យបន្តតំណែងជាអធិការនគរបាលស្រុកតទៅទៀតឡើយ។

នៅក្នុងពាក្យបណ្ដឹងចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានស្នាមមេដៃប៉ូលិសជាង១០០នាក់។ មន្រ្តីនគរបាល ស្រុកបសេដ្ឋ បានសរសេររៀបរាប់ក្នុងពាក្យបណ្ដឹងអំពីចរិកពាលបក្ខពួកពុករលួយថា លោក អ៊ុំ ចំរើន អធិការ នគរបាល ស្រុកបសេដ្ឋ បានប្រព្រឹត្តទង្វើមួយចំនួនរួមមាន រាល់ការតែងតាំង និងផ្លាស់ប្ដូរមុខងារមន្ត្រីក្រោម ឱវាទតែងទាមទារលាភសក្ការៈ ពោលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ចំពោះការងារកសាងអង្គ ភាពនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវិញគ្មានការរីកចម្រើនអ្វីទាល់តែសោះ។

ពាក្យបណ្ដឹងសរសេរទៀតថា លោកអធិការរូបនេះ មិនឲ្យតម្លៃដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដឹកនាំខ្វះក្រម សីលធម៌ ហើយគ្មានការទទួលខុសត្រូវចំពោះចរិតឫកពាពាលមិនស័ក្ដិសមជាថ្នាក់ដឹកនាំ ឬមិនធ្វើជាគំរូល្អដល់ កូនចៅ ហើយជារឿយៗគាត់បានជេរប្រមាថមើលងាយកូនចៅក្រោមឱវាទតាមវិទ្យុទាក់ទងមិនស្គាល់ចាស់ មិនស្គាល់ក្មេង ព្រមទាំងនិយាយអួតក្អេងក្អាងថា ខ្លួនមានតួនាទីធំ និងមានអ្នកនៅពីក្រោយខ្នងជាអ្នកធំទៀត។

ជាមួយគ្នានេះ ក្រុមមន្រ្តីនគរបាលទាំងនេះបានចោទប្រកាន់ទៀតថា លោកវរសេនីយ៍ត្រី អ៊ុំ ចំរើន គ្មានភាព ជាអ្នកដឹកនាំឡើយ ជាពិសេសខ្វះសាមគ្គីភាពផ្ទៃក្នុងយ៉ាងខ្លាំង ដែលជាហេតុនាំឲ្យសុំធ្វើការផ្លាស់ប្តូរចេញ ពីតំណែងជា «អធិការស្រុក »តែម្ដង។

យោងតាមលិខិតបង្គាប់ការស្ដីពី ការផ្អាកភារកិច្ចបណ្ដោះអាសន្នជូន នាយនគរបាលជាតិ នៃស្នងការដ្ឋាននគរ បាល ខែត្រកំពង់ស្ពឺ ចុះហត្ថលេខាដោយ លោកស្នងការខែត្រ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បង្គាប់ការ ក្នុងប្រការថា « ត្រូវបានផ្អាកភារកិច្ចបណ្ដោះអាសន្ន ជូននាយនគរបាលជាតិ នៃអធិការដ្ឋាន ស្រុកបសេដ្ឋ ចំនួ ន១នាក់ ដូចមានឈ្មោះខាងក្រោមៈ ១. លោកវរសេនីយ៍ត្រី អ៊ុំ ចំរើន អត្តលេខ ៤២៣០៦ អធិការ នៃអធិការដ្ឋា ននគរបាល ស្រុកបសេដ្ឋ មូលហេតុប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនគរបាលជាតិ លេខ០០៦ បបជ»។

នៅថ្ងៃខែដដែល លោកស្នងការខែត្រ ក៍បានផ្ទេរភារកិច្ច ទៅឱ្យ លោកវរសេនីយ៍ត្រី ឃុន សុផល អត្តលេខ២៣ ០២៣ អធិការនៃអធិការដ្ឋាននគរបាល ស្រុកបសេដ្ឋ ជាអធិកា (ស្ដីទី) នៃអធិការដ្ឋាននគរបាល ស្រុកបសេដ្ឋ៕

លោក សម សាមួន ស្នងការ ខែត្រកំពង់ស្ពឺ

លោក អ៊ុំ ចំរើន អតីតអធិការ ស្រុកបសេដ្ឋ ត្រូវគេដកបញ្ឈរជើងនៅស្នងការខែត្រ

លោក អ៊ុំ ចំរើន អតីតអធិការ ស្រុកបសេដ្ឋ ខែត្រកំពង់ស្ពឺ