តារាចម្រៀងជើងចាស់ផ្នែកបុរាណលោក អៀង ស៊ីធុល បានចូលវះកាត់ជំងឺសរសៃបេះដូងដំណាក់កាលទី៣នៅអាម៉េរិក

0
277

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ មនុស្សកម្រ គឺតារាចម្រៀងផ្នែកសិល្បៈបុរាណជើងចាស់លោក អៀង ស៊ីធុល បានចូលវះកាត់ជំងឺ បេះដូងដំណាក់កាលទី៣បានដោយជោគជ័យ បន្ទាប់ពីសន្លប់នៅលើគ្រែក្នុង មន្ទីរប្រទេសអាម៉េរិក អស់រយៈ ពេលមួយខែរួចមក។ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោកបានចាកចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាល
នៅផ្ទះកូនស្រីបង្កើតវិញ នៃរដ្ឋម៉ាស្សាឈូសេត។

លោក អៀង ស៊ីធុល ដែលមានវ័យ៦០ឆ្នាំប្លាយមានស្រុកកំណើតនៅ ខែត្រកំពង់ស្ពឺ មានជំងឺប្រចាំកាយផ្នែក បេះដូង។ យោងតាមសារខ្លីនៃប្រព័ន្ធតេឡេក្រាម លោកបានសរសេរថា« ខ្ញុំបានឆ្លងកាត់ការព្យាបាល២ដំណាក់ កាលហើយលទ្ធផលល្អប្រពៃ។ តែឥឡូវចូលដល់ដំណាក់កាលទី៣ត្រូវចោះ និងកាត់សរសៃតសរសៃបេះដូង ដែលត្រូវចំណាយរយៈពេលយូរ ហើយលំបាលស្មុកស្មាញមិនដឹងជាឆ្លងរួច ឬមិនរួចទេ ! សង្ឃឹមលើបុណ្យសំ ណាងដែលបានសាងហើយ…»។

លោក ស៊ីធុល ត្រូវបានក្រុមគ្រូពេទ្យអាម៉េរិក កាត់សរសៃជើងយកទៅតសរសៃបេះដូង ដែលបានចោះរួចហើយ ត្រូវសន្លប់នៅលើគ្រែអស់រយៈពេលមួយខែពេញ។ តែឥឡូវនេះលោកបានចេញពីមន្ទីរពេទ្យទៅសម្រាកព្យាបា លជំងឺនៅផ្ទះវិញអស់រយៈពេល៥ថ្ងៃមកហើយដោយក្រុមគ្រូពេទ្យទៅពិនិត្យ និងព្យាបាលជំងឺដល់ផ្ទះក្នុងមួយស ប្តាហ៍ពីរដង។ លោកទើបនឹងវិលត្រឡប់ទៅ អាម៉េរិក វិញកាលពី ខែមីនា ឆ្នាំ២០២១ ដើម្បីព្យាបាលជំងឺបេះដូង ដំណាក់កាលទី៣។

ដោយសារសុខភាពខ្សោយទ្រុឌទ្រោមលោកបានអង្គុយនៅលើរទេះរុញជាមួយដៃជើងមានសភាពហើមបន្តិចបន្ទាប់ពីក្រុមគ្រូពេទ្យអាម៉េរិកវះកាត់បានដោយជោគជ័យ។ ទោះជាយ៉ាងណាលោកកំពុងហាត់ រៀនអង្គុយ ដេក ឬដើរ ឡើងវិញដូចកាលពីនៅវ័យកុមារអីចឹង។ នៅពេលឡើងក្រោកឈរម្ដងៗលោកញ័រជើងដោយមិនអាចដើរ បានឡើយ។

គួរបញ្ជាក់ថា លោក អៀង ស៊ីធុល បានប្រឡូកផ្នែកសិល្បៈតាងពី ឆ្នាំ១៩៧២ មកនោះដែលមហាជនទូទៅស្គា ល់លោថា «នេនទុំ» ដែលច្រៀងនិងសំដែងដោយខ្លួនឯងគឺជាតួអង្គ «នេនទុំ» នៅក្នុង រឿងទុំទាវ ដែលមាន ភាពល្បីល្បាញជាខ្លាំងកាលពីទសវត្សរ៍ ឆ្នាំ១៩៩០។ លោកមានទេពកោសល្យ ផ្នែកចម្រៀងប្រពៃណីភ្លេងការ ខ្មែរដែលមានសំនៀងយ៉ាងពីរោះរណំពិបាករកគូរប្រៀបបានឡើយ៕