អេស៊ីយូកំពុងស៊ើបអង្គេតរឿងពុករលួយរបស់មន្ត្រីសុខាភិបាលខែត្រក្រចេះដែលយកលុយពីមន្ត្រីជាប់កិច្ចក្នុងម្នាក់ៗរាប់ម៉ឺនដុល្លារ

0
466

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងតែបើកការស៊ើបអង្គេតទៅលើ លោកប្រធានការិយាល័យ រដ្ឋបាល មន្ទីរសុខាភិបាល ខេត្តក្រចេះ និងបក្ខពួកបានដាក់ការគាបសង្កត់កំណត់យកលុយពី មន្ត្រីស្ម័គ្រចិត្ត ជាប់កិច្ចសន្យាប្រឆាំង ជំងឺកូវីដ១៩ ខេត្តក្រចេះ ចំនួន១២៩នាក់ក្នុងម្នាក់ៗចាប់ពី១០.០០០ដុល្លារទៅ១៣.
០០០ដុល្លារ ដែលជាថ្នូរនឹងបំពេញបែបបទប្រវត្តិរូបផ្លោះដោយមិនឆ្លងកាត់ការជ្រើសរើសត្រួតពិនិត្យពីប្រធាន អូឌីក្រុងនិងស្រុក ដើម្បីបញ្ជូនឈ្មោះទៅ ក្រសួងសុខាភិបាល ឱ្យជាប់ក្របខណ្ឌរដ្ឋ។

មិនត្រឹមតែប៉ុណ្ណោះលោក ទឺ ប៊ុនឡេង ហៅថា ពេទ្យទូច ប្រធានការិយាល័យរដ្ឋបាល មន្ទីរសុខាភិបាលខេត្ត និងបក្ខពួកគឺជាឈ្នាន់ដៃជើងធ្វើសេដ្ឋកិច្ចឱ្យលោក ឈ្នាង សុវុត្ថា ជាប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ ថែម ទៀតផង។ ពួកគេប្រហែលជារត់មិនរួចពីគុកច្រវាក់ឡើយ ពីព្រោះធ្លាយរឿងអំពើពុករលួយជាច្រើនករណីថែម ទៀត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យមន្ត្រីស្ម័គ្រចិត្តជាប់កិច្ចសន្យាបម្រើ ការ ងារប្រឆាំង ជំងឺកូវីដ១៩ ទូទាំងប្រទេសចំនួន៣.០០០នាក់ឱ្យចូលក្របខណ្ឌរដ្ឋពេញសិទ្ធិ ដោយពុំមានការបង់ ប្រាក់ឡើយ។ ចំពោះ ខេត្តក្រចេះ រដ្ឋាភិបាល តម្រូវឱ្យចូលក្របខណ្ឌ ក្រសួងសុខាភិបាល ចំនួន១២៩នាក់។

បើយោងតាម «លិខិតអនាមិក» ដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ និងការអះអាងពីមន្ត្រីនានា នៅក្នុង ខេត្តក្រចេះ បានចោទប្រកាន់ថា លោក ទឺ ប៊ុនឡេង ហៅថា ពេទ្យទូច ប្រធានការិយាល័យរដ្ឋបាល មន្ទីរសុខាភិបាល ខេត្តក្រចេះ និងបក្ខពួកគឺជាឈ្នាន់ហើយជាដៃជើងធ្វើសេដ្ឋកិច្ចឱ្យលោក ឈ្នាង សុវុត្ថា ប្រ ធានមន្ទីរសុខាភិបាល ខេត្តក្រចេះ។

លោក ឈ្នាង សុវុត្ថា បានបើកភ្លើងខៀវឱ្យពួកគេប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ និងដឹកនាំប្រកាន់បក្ខពួក គាបសង្កត់មន្ត្រីថ្នាក់ក្រោមជាយូរឆ្នាំមកហើយ។ ប៉ុន្តែពុំមាននរណាហ៊ានតវ៉ាអ្វីឡើយគឺម្នាក់ៗបានត្រឹមតែខ្សឹប ខ្សៀវគ្នាពីមាត់មួយទៅមាត់មួយ។ ចំណែកលោក ទឺ ប៊ុនឡេង តែងតែអួតអាងប្រាប់គេឯងថា គាត់មានសែស្រ ឡាយខ្នងបង្អែករឹងមាំចង់ដកឬដាក់ ផ្ទេរនរណាក៍បានស្រេចតែអំពើចិត្ត។ ការនិយាយបែបនេះគឺគាត់ធ្វើបាន មែនទើបមន្ត្រីពេទ្យទូទាំងខេត្តខ្លាចរអាជាខ្លាំង។

ជាក់ស្ដែងរាល់ការផ្លាស់ប្ដូរកន្លែងធ្វើការរបស់មន្ត្រីពេទ្យ ខេត្តក្រចេះ ពីមណ្ឌលមួយទៅមណ្ឌលមួយ ឬពីការិយា ល័យមួយទៅការិយាល័យមួយទៀត គឺលោក ឈ្នាង សុវុត្ថា ជាអ្នកបើកដៃឱ្យលោក ទឺ ប៊ុនឡេង រៀបចំទាំង អស់ ហើយមន្ត្រីដែលត្រូវផ្លាស់ប្ដូរកន្លែងធ្វើការគឺសុទ្ធតែបានបង់លុយជូនមន្ទីរតាមរយៈលោក ទឺ ប៊ុនឡេង ក្នុង
ម្នាក់ៗរាប់ពាន់ដុល្លារ។ ជាងនេះទៅទៀតលោក ប៊ុនឡេង និងបក្ខពួកបានបំពានលើទឹកចិត្តដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ជាខ្លាំង។ ព្រោះថាសម្ដេចបានលើកទឹកចិត្តឱ្យមន្ត្រីស្ម័គ្រចិត្តជាប់កិច្ចសន្យាបម្រើការងារប្រឆាំង ជំងឺកូវីដ១៩ ចូលក្របខណ្ឌរដ្ឋពេញសិទ្ធិដោយពុំមានការបង់ប្រាក់អ្វីឡើយ។

តែផ្ទុយទៅវិញលោក ទឺ ប៊ុនឡេង និងបក្ខពួក បានហៅមន្ត្រីស្ម័គ្រចិត្តជាប់កិច្ចសន្យាបម្រើការងារប្រឆាំង ជំងឺ កូវីដ១៩ ទាំង១២៩នាក់នៅក្នុង ខេត្តក្រចេះ ឱ្យចូលជួបរូបគាត់ម្នាក់ម្ដងៗដោយសំឡុតពួកគេថា «បើមិនឱ្យ លុយទៅគាត់ទេ គឺមិនបញ្ជូនឈ្មោះឱ្យជាប់ក្របខណ្ឌឡើយ»។

នៅក្នុងនោះដែរលោក ទឺ ប៊ុនឡេង បានកំណត់យកលុយក្នុងម្នាក់ៗចាប់ពី១០.០០០ដុល្លារទៅ១៣.០០០ដុល្លារ (មួយម៉ឺនបីពាន់ដុល្លារ) ពីមន្ត្រីជាប់កិច្ចសន្យាប្រឆាំង ជំងឺកូវីដ១៩ ខេត្តក្រចេះ ទាំង១២៩នាក់ជាថ្នូរនឹងរៀបចំ ប្រវត្តិរូប (ធិក) ដៅឈ្មោះ បញ្ជូនឈ្មោះឱ្យជាប់ក្របខណ្ឌរដ្ឋនៅក្នុង ក្រសួងសុខាភិបាល ដោយមិនចាំបាច់ឆ្លង កាត់ការត្រួតពិនិត្យ ឬជ្រើសរើសពី ប្រធានអូឌីក្រុង និងស្រុកឡើយ។

ទាំងនេះជាហេតុនាំឱ្យ មន្ត្រីសុខាភិបាល និងមន្ត្រីពេទ្យនានានៅក្នុង ខេត្តក្រចេះ មានប្រតិកម្មខ្លាំងផ្អើលជ្រួល ច្របល់ពេញខេត្តនៅអំឡុងចុង ខែកក្កដា ឆ្នាំ២០២១ នេះរហូតមានការស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេស ក្រសួងសុខាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ទៀតផង។

មន្ត្រីរងគ្រោះទាំង១២៩នាក់បានសំណូបពរសុំថ្នាក់ដឹកនាំឱ្យមានការស៊ើបអង្កេតដើម្បីចាត់វិធានការវះកាត់សាច់ស្អុយ មន្ត្រីពុករលួយ ដែលបានធ្វើសកម្មភាពផ្ទុយពីគោលនយោបាយ ប្រមុខរាជរដ្ឋាភិបាល។ ព្រោះថាពួកគេ ដែលជាមន្ត្រីស្អាតស្អំខិតខំបំពេញការងារបម្រើរដ្ឋបានរងគ្រោះពីការគាបសង្កត់ពីសំណាក់បុគ្គល ទឺ ប៊ុនឡេង មានការឈឺចាប់បាក់ទឹកចិត្តស្ទើរគ្រប់គ្នា។ ប៉ុន្តែពួកគេមិនហ៊ាននិយាយស្ដីអ្វីទាំងអស់បានត្រឹមតែរាយការណ៍ ទៅថ្នាក់ដឹកនាំតាមរយៈប្រព័ន្ធផ្សព្វ​ផ្សាយតែប៉ុណ្ណោះ។

បើតាមការលើកឡើងពី មន្ត្រីសុខាភិបាល ខេត្តក្រចេះ ប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៥ ខែកក្កដា នោះថា ឈ្មោះ ទឺ ប៊ុនឡេង និងបក្ខពួកពិតជាបានប្រព្រឹត្តសកម្មភាពពុករលួយដូចលិខិតអនាមិកចោទប្រកាន់ពិតប្រាកដមែន។

ដោយក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ស៊ីដាច់របបគេឯងជាច្រើនឆ្នាំមកហើយ និងធ្វើការរបៀបបោះសន្ទូចរំលង ភ្នំខុសនីតិវិធី ខុសបច្ចេកទេស និងខុសគោលការណ៍ ក្រសួងសកម្មភាពដឹកនាំរបស់លោក ទឺ ប៊ុនឡេង គឺមិន ចេះអ្វីក្រៅពីចុះមកកន្លែងការងាររបស់មន្ត្រីអូឌី ដោយបង់កក្រមា ច្រត់ចង្កេះ ដៃចង្អុលគេឯង បញ្ជារសំឡុតគំ
រាមកំហែងនោះឡើយ។

ប្រភពបន្ថែមថា ចាប់តាំងពីជននេះបានមកកាន់តំណែងជា ប្រធានរដ្ឋបាល មកគឺរូបគាត់បានយកតួនាទីធ្វើជា មុខរបររកស៊ីឯកជន។ ដោយផ្លាស់ប្ដូរបុគ្គលិកមន្ត្រីស្រេចតែទំនើងចិត្តពុំមានការឆ្លងយោបល់ដឹងឮ ពីអូឌីឬប្រ ធានមន្ទីរពេទ្យឡើយ។ ក្នុងនោះប្រធានអូឌីម្នាក់បញ្ជាក់ថា រាល់ការផ្លាស់ប្ដូរ មន្ត្រីសុខាភិបាល ខេត្តក្រចេះ គឺ បានត្រូវបង់លុយឱ្យឈ្មោះ ទឺ ប៊ុនឡេង ចាប់ពី៣.០០០ដុល្លារទៅ៤.០០០ដុល្លារក្នុងម្នាក់ៗ។ សូម្បីតែការជ្រើស រើស កម្មករ មន្ត្រីកិច្ចសន្យា នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យស្រុកប្រតិបត្តិនានាទូទាំងខេត្តក៍ឈ្មោះ ទឺ ប៊ុន ឡេង ធ្វើបំពានចិត្តគេឯងដោយមិនអនុញ្ញាតឱ្យមូលដ្ឋានជាអ្នកជ្រើសរើសឡើយ។

ដើម្បីកៀងត្រីបញ្ចូលស៊ងដោយកំណត់យកលុយចាប់ពី១.០០០ដុល្លារទៅ១.៥០០ដុល្លារក្នុងម្នាក់ជាថ្នូរនឹងបញ្ជូ នឈ្មោះឱ្យចូលបម្រើការងារជា កម្មករ មន្ត្រីកិច្ចសន្យានៅតាម មណ្ឌលសុខភាព មន្ទីរពេទ្យ ស្រុកប្រតិបត្តិនានា ទូទាំងខេត្តឈ្មោះ ទឺ ប៊ុនឡេង ថែមទាំងអួតអាងថា មេខេត្ត មេរងខេត្ត សុទ្ធតែជាមិត្តភ័ក្ដិរបស់គាត់ ហើយបើ មន្ត្រីពេទ្យ ឬអូឌីណាហ៊ានតវ៉ាជំទាស់ប្រឆាំង នឹងស្នើសុំដកតំណែងមិនខានឡើយ។

លោក ទឺ ប៊ុនឡេង ហៅ ពេទ្យទូច ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាល ខេត្តក្រចេះ បានបដិសេធ កាលពីព្រឹកទី២៥ ខែកក្កដា ឆ្នាំ២០២១ នោះថា លោកមិនបានយកលុយពីមន្ត្រីស្ម័គ្រចិត្ត ជាប់កិច្ចសន្យាបម្រើ ការងារប្រឆាំង ជំងឺកូវីដ១៩ ក្នុងម្នាក់ៗចាប់ពី១០.០០០ដុល្លារទៅ១៣.០០០ដុល្លារនោះឡើយ។ ប៉ុន្តែរឿងបំពេញ ប្រវត្តិរូបចូលក្របខណ្ឌរដ្ឋលោកបានទទួលស្គាល់ថាពិតជាបានធ្វើរំលងប្រធានអូឌីប្រាដកមែន។ តែការធ្វើរំលង នោះគឺតាមគោលការរបស់ ក្រសួងសុខាភិបាល។

ចំណែកលោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ បានបដិសេធមិនបកស្រាយឡើយដោយ លោកបញ្ជាក់ខ្លីថា ខាង ACU កំពុងធ្វើការស៊ើបអង្កេតលើករណីនេះហើយ។ ចំពោះសាច់រឿងម៉េច អីយ៉ាងម៉េច ចាំមើលសិនទៅ…។

ទោះជាយ៉ាងណាក៍ដោយ មន្ត្រីសុខាភិបាល ជាច្រើននាក់នៅក្នុង ខេត្តក្រចេះ ស្នើសុំយ៉ាងទទូចដល់ថ្នាក់ដឹកនាំ កំពូលៗ និងក្រសួងពាក់ព័ន្ធសូមមេត្តាចាត់មន្ត្រីអធិការកិច្ចអធ្យាក្រឹត្យ ចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ថែប ទៀតដើម្បីចាត់វិធានការវះកាត់មន្ត្រីខិលខូចដែលប្រព្រឹត្តសកម្មភាពផ្ទុយពីគោលការ រាជរដ្ឋាភិបាល បណ្ដាល ឱ្យប៉ះពាល់សតិអារម្មណ៍មន្ត្រីស្អាតស្អំ៕