រថយន្តទំនើបៗសប្បាយដឹកឈើសុក្រំនិងឈ្លីកចេញពីតំបន់ភូមិសាស្ត្រស្រុកសង្គមថ្មីជារៀងរាល់ថ្ងៃយប់

0
268

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ សកម្មភាពបំផ្លាញឈើដ៏មហន្តរាយមិនថា ពេលយប់ ឬពេលថ្ងៃ គេតែងតែសង្គេតឃើញមានរថយន្ត សេរីទំនើបៗ ម៉ាកធុនត្រា ស៊ីណា ម៉ាស្តា និងហ្វត ពណ៌ត្រេអ៊ីដឹកឈើ លេខ១ប្រភេទសុក្រំនិងឈើឈ្លីកចេញ ពីចំណុច ភូមិសុច ភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ ខេត្តកំពង់ធំ បានយ៉ាង
រលូន។ ប៉ុន្តែសមត្ថកិច្ចចម្រុះមាន អាវុធហត្ថ នគរបាល និងបរិស្ថានឈរជើងនៅត្រង់ចំណុចខ្នាថ្មីជាប់ព្រំប្រទល់ ស្រុកសង្គមថ្មី និង ស្រុកប្រាសាទបល្ល័ង្ក ពួកគេសប្បាយចិត្តរាប់ក្បាលឡានយកលុយដាក់ហោប៉ៅមិនខ្វល់ការ រិះគន់ពីសំណាក់ប្រជាពលរដ្ឋឡើយ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះថា កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា មានរថយន្តសេរីទំនើបៗយ៉ាងតិចចំនួន៤គ្រឿងដឹកឈើចេញពីចំណុច ភូមិសុច ចេញយកទៅលក់នៅ ខេត្ត កំពង់ធំ បានយ៉ាងរលូនសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធអត់ពីការបង្ក្រាបនោះទេ។ ក្រុមឈ្មួញឈើទាំងនោះប្រើ ប្រាស់រថយន្តសេរីទំនើបៗដឹកឈើខាងលើចេញពីភូមិសាស្ត្រ ស្រុកសង្គមថ្មី ជារៀងរាល់ថ្ងៃយប់ដោយសារ អាជ្ញាធរខេត្តជាប់រវល់ទប់ស្កាត់ ជំងឺកូវីដ១៩។

ប្រភពពីពលរដ្ឋខាងលើបានបង្ហាញឈ្មោះឈ្មួញរកស៊ីឈើទៀតថា មេឈ្មួញដុះស្លែឈ្មោះ ភ័ក្រ តែងតែទំនាក់ ទំនងល្អជាមួយលោក យា សាវង្ស ប្រធានស្នាក់ការបរិស្ថានខ្នាថ្មីតាសែង ជាប់ព្រុំប្រទល់ ស្រុកសង្គមថ្មី និង ស្រុកប្រាសាទបល្ល័ង្ក និងលោក មឿង សំផុន នាយកភ្នំត្បែង រួមទាំងសមត្ថកិច្ចដ៏ទៃទៀតដូចជា មេព្រៃសង្កាត់
សង្គមថ្មី អាវុធហត្ថ និងនគរបាលដែលប្រចាំការនៅចំណុចខាងលើដើម្បីឱ្យរថយន្តដឹកឈើខុសច្បាប់របស់ពួក គេដំណើរការបានយ៉ាងរលូន។ មានពេលខ្លះពួកគេដឹកឈើទាំងថ្ងៃក៍មានដែរ…ពិតជាហ៊ានមែនទែន។

ចំណែកប្រជាជនដឹកឈើតាមគោយន្តកន្ត្រៃយកមកប្រើប្រាស់មួយចំនួនត្រូវសមត្ថកិច្ចចាប់ផាកពិន័យដោយមិនមានការលើកលែងទេ ឬដោយសារពួកគាត់មិនមានលុយសូកប៉ាន់អស់លោកជំនាញទាំងនោះហើយមើលទៅ បានជាគ្មានការលើកលែងយ៉ាងដូច្នោះ ?

ពលរដ្ឋ បានរៀបរាប់ប្រាប់ពីល្បិចបំផ្លាញព្រៃឈើថា ឈើប្រភេទលេខ១ សុក្រំ និងឈ្លីក ត្រូវបានមេឈ្មួញ ឈ្មោះ ភ័ក្រ រៀបចំដៃជើងបញ្ចុះបញ្ចូលឱ្យពលរដ្ឋឡើងទៅកាប់ឈើនៅលើ កំពូលភ្នំត្បែង ដែលជាភ្នំបានចុះ បញ្ជីជា សម្បត្តិបេតិកភណ្ឌជាតិ។ ចំណែកលោក មឿង សំផុន នាយកបេតិកភណ្ឌធម្មជាតិភ្នំត្បែងបានមើល
រំលងការកាប់បំផ្លាញព្រៃឈើភ្នំត្បែង។ ការដែលពលរដ្ឋឡើងទៅអារកាប់ឈើនៅលើកំពូលភ្នំត្បែងទៅបាន ដោយសារការបើកដៃឱ្យពីសំណាក់ បរិស្ថានការពារព្រៃឈើភ្នំត្បែងផងដែរ។

ទាក់ទងករណីខាងលើ ប្រភពពីសមត្ថកិច្ចមួយចំនួនបានលួចបង្ហើបឱ្យដឹងថា ពីមួយខែមុនរថយន្តមេឈ្មួញ ឈ្មោះ ភ័ក្រ មានតែ៦គ្រឿងទេហើយហ៊ានដឹកឈើតែពេលយប់ឥឡូវថែមរថយន្តចំនួន៣គ្រឿងទៀត។ ដូច្នេះ សរុបទាំងអស់៩គ្រឿងដឹកឈើទាំងថ្ងៃទាំងយប់បានយ៉ាងរលូន…។

ពាក់ព័ន្ធនិងការបើកដៃឱ្យរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ភ័ក្រ ទាំងយប់ទាំងថ្ងៃគ្មានការបង្ក្រាបបែបនេះ លោក ជុំ ពុយ អភិបាល ស្រុកសង្គមថ្មី បានឆ្លើយខ្លីថា លោកអត់បានដឹងទេ…។ លោកអរគុណដែលអ្នកសារ ព័ត៌មានបានរាយការណ៍ជូន។

ចំពោះលោក មាស ញឹម នាយកព្រៃឡង់ និងភ្នំត្នោត បានបញ្ជាក់ខ្លីថា លោកមិនបានដឹងរឿងដឹកឈើទាំងថ្ងៃ ទាំងយប់របស់មេឈ្មួញឈើឈ្មោះ ភ័ក្រ នោះទេ ដោយសារលោកជាប់រវល់ការងារច្រើនពេក…។

ចំណែកលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ វិញបានប្រាប់អ្នកសារព័ត៌មានថាលោកមិន ដែលបានដឹងទាល់តែសោះករណីខាងលើចាំលោកសួរនាំទៅកូនចៅនៅក្រោមឳវាទសិន៕