ប្រជាពលរដ្ឋថាទីស្មសាននិងដីបម្រុងសម្រាប់បញ្ចុះសពមានសមាជិកក្រុមប្រឹក្សាឃុំម្នាក់ប៉ុនប៉ងរំលោភយកធ្វើជាកម្មសិទ្ធិឯកជន

0
202

ដោយៈ បាយ៉ង់ថាមស៍

ខែត្រក្រចេះ ៖ រឿងរ៉ាវរំលោភយកទីស្មសាន និងកន្លែងបម្រុងទុកសម្រាប់បញ្ចុះសពរបស់ប្រជាសហគមន៍ ដែលមានតាំងពីទសវត្សរ៍ ឆ្នាំ១៩៦៥ ស្ថិតនៅ ភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋអះអាងផ្ទុយគ្នាគិតតាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។

អាជ្ញាមូលដ្ឋានភូមិស្រុកអះអាងថា រដ្ឋបាលសាលា ស្រុកឆ្លូង បានបង្កើត គណៈកម្មការ ចុះពិនិត្យទីតាំងកប់សព ជាក់ស្ដែងរួចហើយបន្ទាបពីមានវិវាទ និងសាលាស្រុកគ្រោងបង្កើតឲ្យមានតំណាងសហគមន៍ទីកន្លែងកប់សព តំណាងដោយលោក ហេង ប៉ឆាយ ជាប្រធានសហគមន៍ ដើម្បីបញ្ចប់វិវាទ។ ប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ឋ អះអាងថា ពុំទាន់ឃើញមានអាជ្ញាធរមូលដ្ឋានមានសកម្មភាពជាដំណោះស្រាយអ្វីទេនិងមិនចាត់វិធានការចំ ពោះលោកស្រី យ៉ន សុឃិន សមាជិកក្រុមប្រឹក្សា ឃុំព្រែកសាម៉ាន់ ដែលរំលោភយកដីបម្រុងទុកកប់សព នោះឡើយឬដកយកដីដែលបានរំលោភយកនោះមកដាក់ជាសម្បត្តិរួមវិញនៅឡើយទេ។

ទីបញ្ចុះសព និងដីបម្រុងទុកសម្រាប់ប្រជាសហគមន៍បញ្ចុះសពស្ថិតក្នុងភូមិឃុំខាងលើ ដែលលោកស្រី យ៉ន សុឃិន សមាជិកក្រុមប្រឹក្សា ឃុំព្រែកសាម៉ាន់ រងការចោទថា រំលោភយកទំហំ២ហិកតានោះ គឺមានទំហំសរុប ជិត៤ហិកតា។ ប្រជាពលរដ្ឋនៅតំបន់នោះបានប្រើប្រាស់តពីដូនតាតាំងពី ឆ្នាំ១៩៦៥ មកដល់បច្ចុប្បន្ន។ នៅ ប៉ុន្មានឆ្នាំចុងក្រោយនេះគឺចាប់តាំងពី ឆ្នាំ២០២០ មកលោកស្រី យ៉ន សុឃិន សមាជិកក្រុមប្រឹក្សាឃុំបានឈូស ឆាយដីដែលប្រជាពលរដ្ឋបានអះអាងថា ជាទីបម្រុងទុកកប់សពនោះចំនួន២ហិកតា ដាំដំឡូង ដាំស្វាយ ក្នុង គោលបំណងយកដីនោះធ្វើជាកម្មសិទ្ធិឯកជន។ នេះបើយោងតាមការលើកឡើងរបស់លោក ហេង ប៉ឆាយ និង ប្រជាពលរដ្ឋក្នុងតំបន់ទំនាស់។

អភិបាល ស្រុកឆ្លូង លោក ហេង សុថា មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា ទីតាំងមានទំនាស់ដែលប្រជាពលរដ្ឋលើកឡើងថា ជាទីសម្រាប់បញ្ចុះសពនោះគឺមិនអាច ជាទីកន្លែងសម្រាប់បញ្ចុះសពនោះទេ។ ពីព្រោះវាជាតំបន់ដីជម្រេល ហើយពិសេសទំនាបលិចទឹក។ ដូច្នេះបើ ទោះបីជាបងប្អូនយើងសន្មត់ថា ជាទីតាំងសម្រាប់កប់សពកបងប្អូនអត់យកសពទៅបញ្ចុះនៅទីនោះដែរ ព្រោះ វាជាទីតាំងលិចទឹក។ ទីតាំងតំបន់នោះយើងមិនទាន់បានកំណត់ថា ជាដីសហគមន៍ សម្រាប់កប់សពបង្កើតជា សហគមន៍ជា សមានគម អ្វីនៅឡើយគឺអត់មាននោះទេ។ វាគ្រាន់តែជាការសន្មត់តៗគ្នាតែប៉ុណ្ណោះ។

លោកអភិបាលស្រុកឆ្លូងបន្តថា ទីបញ្ចុះសពនិងដីបម្រុងសំរាប់បញ្ចុះសពដែលមានស្រាប់ទំហំជិត៤ហិកតា មិន បាត់ទៅណានោះទេ ហើយនៅក្នុងទីបញ្ចុះសពនោះមានសពប្រហែលជាជាង៧០ផ្នូរប៉ុណ្ណោះ។ និងដីបម្រុងនៅ សល់អាចដាក់សពបានប្រហែល១០,០០០ (មួយម៉ឺន) សពក៍នៅមិនអស់ដីទៀតផង ហើយប្រើប្រាស់រយៈពេល ពី២០ឆ្នាំទៀតក៍មិនអស់ដីបម្រុងសម្រាប់បញ្ចុះសពនោះដែរ។ចុះហេតុអ្វីទៅនាំគ្នាទាមទារដីចម្ការលោកស្រីសមា ជិកក្រុមប្រឹក្សាឃុំដែលនៅជាប់ទីនោះមកដាក់ជាសមូហភាពទៀត ? ដោយសារគំនិតនេះកើតឡើងពីលោក ប៉ឆាយ ដែលគាត់រុញបញ្ហាហ្នឹងឱ្យអ្នកស្រុកតវ៉ាទាមទារយកដីអ្នកស្រី យ៉ន សុឃិន ដែលនៅជាប់នឹងទីបញ្ចុះ សពនិងម្យ៉ាងទៀតក៍ព្រោះមកពីគំនុំផងដែរ។

លោកអភិបាលស្រុកបញ្ជាក់ថា រឿងវិវាទនេះវាផ្ដើមចេញមកពីលោក ហេង ប៉ឆាយ បានបោះបង្គោលរបងនៅ លើដីបញ្ចុះសព និងដីជម្រេលទំនាបលិចទឹកដែលជាចម្ការដំឡូង និងស្វាយ របស់លោកស្រី យ៉ន សុឃិន ជា សមាជិកក្រុមប្រឹក្សា ឃុំព្រែកសាម៉ាន់ ក្នុងគោលបំណងធ្វើប្លង់រឹងយកជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក៍ប៉ុន្តែដល់ពេល លោក ហេង ប៉ឆាយ ព្យាយាមធ្វើប្លង់យកមិនបានសម្រេច ក៍កើតចេញជាមានចលនាតវ៉ាដោយប្រជាពលរដ្ឋ ទៅវិញ។

លោកអភិបាលស្រុកសង្កត់ធ្ងន់ថា ទីបញ្ចុះសព និងដីបម្រុងសម្រាប់បញ្ចុះសពជិត៤ហិកតានោះសាលាស្រុក សន្យាថា នឹងការពារមិនឲ្យបាត់បង់ធ្លាក់ទៅលើជនណាម្នាក់ទេ ហើយរៀបចំបម្រុងទុកជូនប្រជាពលរដ្ឋឬប្រជា សហគមន៍នៅក្នុងតំបន់នោះឲ្យបានត្រឹមត្រូវដើម្បីប្រើប្រាស់ជាប្រយោជន៍រួម មិនឱ្យនរណាប៉ះពាល់ឬរំលោភ យកធ្វើជាកម្មសិទ្ធិបានឡើយ។

ដោយឡែកលោក ហេង ប៉ឆាយ អាជីវករប្រកបរបរលក់ម្ឈូសនៅ រាជធានីភ្នំពេញ ប៉ុន្តែលោកមានផ្នូរជីដូនជីតា និងឪពុករបស់លោកបញ្ចុះនៅទីនោះ បានលើកឡើង និងអះអាងស្រដៀងគ្នាជាមួយនឹងប្រជាពលរដ្ឋដទៃទៀត នៅក្នុងតំបន់ជម្លោះថា ទីនោះជាទីបញ្ចុះសពតាំងពីដូនតាមកតាំងពី ឆ្នាំ១៩៦៥ មកម្ល៉េះ។ លោកគិតថា លោក មិនដែលនឹងចង់បានដីជាទីបញ្ចុះសពនោះមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោកនោះទេលោកគ្រាន់តែចង់​បាន ឲ្យអាជ្ញាធរមូលដ្ឋាន អភិរក្ស ទីបញ្ចុះសពនោះសម្រាប់ ប្រជាសហគមន៍ នៅក្នុងតំបន់នោះតែប៉ុណ្ណោះ។

លោក ប៉ឆាយ បញ្ជាក់ថា លោកធ្លាប់បានទៅឈូសឆាយទីតាំងដីមានទំនាស់នោះម្ដងហើយតាំងពី៦ឆ្នាំមុន​ដើម្បីរក្សាទុកសម្រាប់ ប្រជាសហគមន៍ បញ្ចុះសព។ ទីតាំងនោះទៀតសោតពុំមានការកំណត់ព្រំ ឬមានលិខិត ស្នាមបញ្ជាក់ពីការកាន់កាប់អាស្រ័យផលអ្វីឡើយ។ លោក ប៉ឆាយ សង្កត់ធ្ងន់ថា បើលោកស្រី យ៉ន សុឃិន សមាជិកក្រុមប្រឹក្សា ឃុំព្រែកសាម៉ាន់ មិនប្រគល់ដីដែលមានទំនាស់មកដាក់ជាសម្បត្តិរួមវិញទេលោកនឹងទាម ទារតវ៉ាដល់សាលា ខែត្រក្រចេះ បន្តទៀត។

លោក ជា សាន មេភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ មានប្រសាសន៍តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២១ ថាសាលាស្រុកបានបង្កើតគណៈកម្មការចុះត្រួតពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុរួចហើយ ពេលនោះលោកអភិបាល ស្រុកឆ្លូង ក៍បានចូលរួមនិងថែមទាំងមានគំនិតផ្ដួចផ្ដើមបង្កើតឲ្យមាន សមាគម នៃទី បញ្ចុះ សពតំណាងដោយលោក ហេង ប៉ឆាយ ក៍ប៉ុន្តែមិនទាន់មានចេញជាលិខិតបទដ្ឋានតែងតាំងជាផ្លូវការនៅ ឡើយទេ។

លោកមេភូមិ ជា សាន បន្តថា អាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតឲ្យអ្នកណាម្នាក់យកដីដែលជាទីកប់សពនោះធ្វើជា កម្មសិទ្ធិឯកជនឡើយតែបើហ៊ុមព័ទ្ធរបងធ្វើជាទីកប់សពសម្រាប់ប្រជាសហគមន៍ទាំងអស់ ឬជាសម្បត្តិរួម សាលាស្រុកនឹងអនុញ្ញាតឱ្យ។

មេភូមិបន្តទៀតថាលោកស្រី យ៉ន សុឃិន ដែលជាសមាជិកក្រុមប្រឹក្សាឃុំរងការចោទថា បានរំលោភយកដី ដែល​ជាទីសម្រាប់កប់សពធ្វើជាកម្មសិទ្ធិឯកជននោះ បាននិយាយថាបើបើលោក ហេង ប៉ឆាយ មានបំណង យកដីមានទំនាស់នោះធ្វើជាកម្មសិទ្ធិ គឺលោកស្រីមិនប្រគល់ឱ្យវិញទេតែបើដីនោះត្រូវយកមកដាក់ធ្វើជាទី បញ្ចុះសពសម្រាប់ សហគមន៍ រួមលោកស្រីនឹងប្រគល់ដីនោះជូន។

លោកស្រី ធីវ ចាន់ថុល ប្រជាពលរដ្ឋក្នុងតំបន់នោះ មានប្រសាសន៍តាមទូរស័ព្ទឱ្យអ្នកសារពត៌មានយើងដឹងថា​ រឿងរ៉ាវទំនាស់ខាងលើបានចាប់ផ្ដើមតាំងពី ឆ្នាំ២០២០។ បន្ទាប់ពីមានការទាមទារតវ៉ាលោកស្រី យ៉ន សុឃិន ដែលប្រជាពលរដ្ឋចោទថា រំលោភយកដីសម្រាប់បញ្ចុះសពនោះបានយល់ព្រមប្រគល់ដីនោះមកប្រជាពលរដ្ឋ វិញទំហំក្បាលប្រហែល៥ម៉ែត្របណ្ដោយជាង១០០ម៉ែត្រតែប្រជាពលរដ្ឋស្នើសុំទំហំក្បាលដីជាង១០ម៉ែត្រតែ លោកស្រី យ៉ន សុឃិន មិនព្រមឱ្យហើយក៍ចេះតែគេចៗពីការចចារបញ្ចប់បញ្ហា។

លោកស្រី ធីវ ចាន់ថុល បញ្ជាក់បន្ថែមថា ក្រោយពីពេលនោះលោកស្រី យ៉ន សុឃិន បានគប់គិតគ្នាលួចធ្វើប្លង់ ទាំងដីកំពុងតែមានបញ្ហាទំនាស់បានសម្រេច។ រីឯលោកស្រី យ៉ន សុឃិន សមាជិកក្រុមប្រឹក្សា ឃុំព្រែកសា ម៉ាន់ ដែលរងការចោទពីប្រជាពលរដ្ឋថា រំលោភបំពានយកទីសម្រាប់បញ្ចុះសពមកធ្វើជាកម្មសិទ្ធិឯកជននោះ ពុំអាចទាក់ទងសុំការបញ្ជាក់បំភ្លឺបានទេគិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

គួររំឮកថា ទីកន្លែងបញ្ចុះសព និងដីបម្រុងទុកសម្រាប់បញ្ចុះសព និងដីមានទំនាស់នោះពុំទាន់មានទិន្នន័យ ក្បាលដី ឬការកំណត់ថាជាដីអ្វីនៅឡើយទេតាំងពី ឆ្នាំ១៩៦៥ រហូតមកដល់បច្ចុប្បន្ន គឺគ្រាន់តែប្រជាពល រដ្ឋក្នុងតំបន់នោះនាំគ្នាសន្មត់តៗគ្នាប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់លោកអភិបាល ស្រុកឆ្លូង៕ សាមុត