តើក្មួយប្រុសរបស់សម្ដេចនាយករដ្ឋមន្រ្តី ពិតជាជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋមែនឬ នៅខែត្រព្រះសីហនុ ?

0
196

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ ៖ ប្រជាពលរដ្ឋរងគ្រោះដីធ្លីលើកឡើងថា លោកស្រី លី សុខងីម និង បក្ខពួករបស់ខ្លួនបានយកឈ្មោះក្មួយប្រុសរបស់ថ្នាក់ដឹកនាំ លោកហ៊ុន ជា មកប្រើជាខែលដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរំលោភយកដីប្រជាពលរដ្ឋ នៅចំណុចអូរសំលៀងកាំបិត ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្ទុយទៅវិញប្រជាពលរដ្ឋមានជំនឿថា លោក ហ៊ុន ជា មិនប្រព្រឹត្តនូវអំពើផ្ដេសផ្ដាស ប្លន់យកដីប្រជាពលរដ្ឋឡើយ ។

កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រមាណជិត១០០គ្រួសារបានប្រមូលផ្ដុំគ្នានៅទីតាំងវិវាទដីធ្លីខាងលើ ក្នុងចំណោមនោះអ្នកខ្លះជាប្រជាពលរដ្ឋរងគ្រោះដីធ្លី និងអ្នកខ្លះទៀតជាប្រជាពលរដ្ឋមកធ្វើជាសាក្សីឱ្យអ្នកដែលយកឯកសារផ្សេងៗពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយលោកស្រី លី សុខងីម និង បក្ខពួក មកផ្ទៀងផ្ទាត់ដើម្បីដោះស្រាយ ខណៈដែលភាគីខាងលោកស្រី លី សុខងីម ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថាជាអ្នកគប់គិតគ្នាដណ្ដើម និងរំលោភយកដីរបស់ពួកគាត់ ក៏ប៉ុន្តែពួកគាត់បានរង់ចាំជាច្រើនម៉ោងមិនឃើញភាគីម្ខាងទៀតមកបង្ហាញវត្តមានឡើយ ។ នៅពេលនោះប្រជាពលរដ្ឋបាននាំគ្នាផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានដើម្បីពាំនាំបញ្ហានេះ ឱ្យជ្រាបដល់ថ្នាក់ដឹកនាំក៏ដូចជាភាគីម្ខាងទៀតដែលរំលោភយកដីរបស់ពួកគាត់ ចេញមុខមកដោះស្រាយតាមសន្តិវិធីផ្លូវច្បាប់ ។

 

តំណាងប្រជាសហគមន៍រងគ្រោះដីធ្លីខេត្តព្រះសីហនុលោក ស៊ុន សុផាត លើកឡើងថានរណានរៗក៏គេដឹងដែរ ជាពិសេសប្រជាពលរដ្ឋនៅក្នុងភូមិពូធឿងព្រមទាំងលោកផ្ទាល់ក៏បានដឹងថាដីនេះជាដីរបស់លោក អ៊ុច សម្បត្តិ និង លោកស្រី ជា ផល្លី ពីព្រោះគណៈកម្មការវាស់វែងថ្នាក់ខែត្រ ធ្លាប់បានចុះមកវាស់វែងតាំងពីយូរឆ្នាំមកហើយ ហើយម្ចាស់ដីក៏បានបំពេញសាលាកប័ត្រព័ត៌មានដីរួចរាល់ហើយ ប៉ុន្តែភាគីម្ខាងទៀតទើបលេចមុខចេញមកក្រោយ បានអះអាងថាជាដីរបស់ខ្លួន ដោយមិនបានបង្ហាញឯកសារឬមួយសាក្សីណាសោះ ។

 

លោក អ៊ុច សម្បត្តិ អះអាងថាខ្លួនជាម្ចាស់ដី ដែលបានទិញពីប្រជាពលរដ្ឋជាមួយនឹងអ្នកផ្សេងទៀត ទំហំជាង២០ហិកតា ។ លោកអះអាងបន្តទៀតថាលោកមានឯកសារដែលទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានហើយលោកបានទិញដីនេះតាំងពីឆ្នាំ២០០៨ ដូច្នេះលោកសូមអំពាវនាវឲ្យភាគីម្ខាងទៀតដែលមានលោកស្រី លី សុខងីម ជាតំណាង បើមានឯកសារសូមយកមកដាក់នៅមុខទាំងអស់គ្នាដើម្បីផ្ទៀងផ្ទាត់គ្នា ។

 

លោកស្រី ប៉ុល សុភាព អាយុ៦០ឆ្នាំ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រសាសន៍លើកឡើងថាលោកស្រីបានកាន់កាប់អាស្រ័យផលលើដីស្ថិតនៅចំណុចអូរសំលៀងកាំបិត ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ចំនួន១០ជាងហិកតាតាំងពីឆ្នាំ១៩៨៤ រហូតមកដល់ឆ្នាំ១៩៩៦ ទើបលោកស្រីបានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានភូមិឃុំធ្វើប័ណ្ណកាន់កាប់ ។

លោកស្រីបន្តថា ដីដែលលោកស្រីកាន់កាប់អាស្រ័យផលមានគេមករំលោភបំពានជាបន្តបន្ទាប់តាំងពីដើមរហូតមកដល់បច្ចុប្បន្ន ។ លោកស្រីរៀបរាប់ថាមានលោកខូវ ផល្លាបុត្រ ក៏មានបំណងរំលោភយកដីលោកស្រីនៅឆ្នាំ២០០៧ ។ ទី២ លោក តែង​ ឃុននីម បានមកធ្វើរបងព័ទ្ធយកដីរបស់លោកស្រីក្នុងឆ្នាំ២០១២ និងទីបី ឈ្មោះ ឃ្លោក បានមកបាញ់ថ្នាំលើដីរបស់លោកស្រីក្នុងបំណងរំលោភយកដីរបស់លោកស្រីនៅក្នុងឆ្នាំ២០១៨ និង ២០១៩កន្លងទៅថ្មីៗនេះ ។

 

លោក ឃឹម លីដា ពលរដ្ឋរស់នៅក្នុងតំបន់កើតហេតុភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានអះអាងផងដែរថាប្រជាពលរដ្ឋ បានរស់នៅសុខសាន្តចាប់តាំងពីឆ្នាំ២០១០មក បន្ទាប់ពីពួកគាត់បានប្ដឹងក្រុមហ៊ុនចំនួន៧ ដែលបានមករំលោភយកដីប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ។ ទើបតែថ្មីៗនេះក្នុងឆ្នាំ២០២០ មានលោកស្រី លី សុខងីម និងបក្ខពួករបស់ខ្លួនមានដូចជាលោកឃ្លោកនិងអ្នកផ្សេងទៀតបានមកអះអាងថាដីនេះជាដីរបស់ក្រុមហ៊ុន បង្កឱ្យមានបញ្ហាច្របូកច្របល់ ។

 

លោកបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំគ្រប់លំដាប់ក្នុងខែត្រព្រះសីហនុ ជួយរកយុត្តិធម៌និងដោះស្រាយជូនពួកគាត់ផង ។ និងជាពិសេសលោកសូមអង្វរឯកឧត្តម ហ៊ុន ជា បើមានការជាប់ពាក់ព័ន្ធនឹងដីជាង៣០ហិកតាហ្នឹងមែន សូមលោកមេត្តាដល់ប្រជាពលរដ្ឋផង ។

 

លោក ហាយ គក មេភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រសាសន៍ទាំងសោះកក្រោះតាមទូរសព្ទកាលពីរសៀលថ្ងៃទី២៩ ឧសភា ២០២១ថា «ពេលនេះខ្ញុំមិនអាចនិយាយបានទេព្រោះខ្ញុំកំពុងតែជាប់រវល់រឿងកូវីដ១៩ យកសំណាកប្រជាពលរដ្ឋពេញភូមិ លោកបែរជាមកសួរខ្ញុំពីរឿងដីធ្លីទៅវិញ» រួចហើយលោកក៏បិទទូរស័ព្ទ ។

 

រីឯលោក មៀច ចាន់ មេឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពុំអាចទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមនិងទូរស័ព្ទដើម្បីសុំការបំភ្លឺបញ្ជាក់ពីទីតាំងទំនាស់ដីធ្លីខាងលើនោះបានទេកាលពីព្រឹកថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២១ ។

 

ដោយឡែកភាគីទំនាស់ម្ខាងទៀតដែលតំណាងដោយលោកស្រី លី សុខងីម ក៏ពុំអាចសុំការបញ្ជាក់បានដែរកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធទូរស័ព្ទលេខ ០៧៧ ៧២ ២២ ២២ ដែលចាំដីក្រុមហ៊ុនឱ្យ ដោយហៅចូលហើយពុំមានអ្នកទទួល ។

 

នាយខណ្ធរដ្ឋបាលព្រៃឈើខែត្រព្រះសីហនុ និង នាយរង ពុំអាចសុំការអធិប្បាយបញ្ជាក់បានទេផងដែរ ពីទែតាំងដីមានទំនាស់ខាងលើ តាមប្រព័ន្ថតេឡេក្រាម ។

 

រហូតមកដល់ថ្ងៃទី៣១ ឧសភា ២០២១ បាយ៉ង់ថែមស៍ នៅតែមិនអាចសុំការបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមបានទេ ពីឯកឧត្តម ហ៊ុន ជា ថាតើក្រុមហ៊ុនរបស់លោកពិតជាមានការជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លីដែរយ៉ាងណានោះឡើយ ។

គួររំលឹកថា ទីតាំងដីមានទំនាស់ខាងលើនេះ វាជាសម្បត្តិសាធារណៈរបស់រដ្ឋ ព្រោះពុំទាន់ឃើញមានលិខិតបទដ្ឋាននានា ឬ នីតិវិធីកាត់ឆ្វៀលដីនោះទេ ប៉ុន្តែដីតំបន់ទំនាស់នេះមានលក្ខណៈពិសេសមួយ គឺគណៈកម្មការរបស់សាលាខែត្រព្រះសីហនុ បានចុះវាស់វែងម្ដងរួចហើយ ៕