ក្រុមហ៊ុនអង្គរផ្លាយវូតសង្ស័យកំពុងលួចដឹកឈើធ្នង់ខុសច្បាប់ចូលទៅក្នុងក្រុមហ៊ុនសៀម៉ុនដើម្បីបន្លំជាឈើស្របច្បាប់

0
379

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ នាពេលថ្មីៗនេះលោក ជា ពៅ ជាឈ្មួញរកស៊ីកាប់ឈើលក់ជ្រកក្រោមស្លាក ក្រុមហ៊ុនអង្គរផ្លាយវូត របស់លោកឧកញ៉ា ទ្រី ភាព ត្រូវបានប្រភពច្បាស់ការណ៍ប្រាប់ឩ្យដឹងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នេះថា លោក ជា ពៅ កំពុងតែប្រមូលទិញឈើធ្នង់ពីប្រជាពលរដ្ឋនៅក្នុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជា
ច្រើនតោន ហើយបានដឹកឈើចូលក្រុមហ៊ុន សៀ ម៉ុន ដើម្បីលួចបង្កប់ដឹកចេញជាមួយឈើមានច្បាប់។

ក្រុមហ៊ុន សៀ ម៉ុន បច្ចុប្បន្ននេះមានទីតាំងនៅចំណុចស្រែរមាំងស្ថិតក្នុង ភូមិណាអូង ឃុំបុរីអូរស្វាយ ស្រុកបុរី អូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រុមហ៊ុននេះត្រូវបាន រាជរដ្ឋាភិបាល អនុញ្ញាតឩ្យកាប់ឈើនៅ ឆ្នាំ២០១៧ លើផ្ទៃដីចំនួន២៩,៦៦១ហិកតា ក្នុងគោលបំណងឲ្យក្រុមហ៊ុនដាំដុះឈើឡើងវិញ និងជួយថែរក្សាធនធានធម្ម ជាតិនៅតំបន់នេះឩ្យបានល្អប្រសើរ។

ប្រភពបន្តទៀតថា ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សៀ ម៉ុន ពុំបានអនុវត្តតាមផែនការមេ នោះទេ គឺបានត្រឹមតែកាប់ឈើលក់ៗ និងឈួសឆាយព្រៃអស់ជាច្រើនពាន់ហិកតា ហើយពុំបានស្តារ ឬដាំដុះ ឈើឡើងវិញតាមកិច្ចសន្យានោះទេបែរជាទៅ ដាំក្រូចវល្លិ និងដាំឪឡឹក ទៅវិញ។ ចំណែកនៅក្នុងសៀវភៅផែន
ការមេបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា«ក្រុមហ៊ុន សៀ ម៉ុន ត្រូវដាំដើមប្រេងខ្យល់ ដើមអាកាស្យា ដើមធ្នង់ ដើមប៉េង ជាដើម» គឺមិនមែនដាំឪឡឹក និងក្រូចវល្លិ នោះឡើយ។

ដើម្បីជាល្បិចការពារខ្លួនលោក ជា ពៅ ត្រូវបានប្រភពលើកឡើងទៀតថា នៅពេលដឹកឈើធ្នង់ចូលម្តងៗសន្តិ សុខនៅទីនោះត្រូវបានលោក ជា ពៅ បញ្ជាឲ្យមានការយាមកាមយ៉ាងតឹងរឹងបំផុតជាពិសេសកម្មករដែលមាន ទូរស័ព្ទក៍ត្រូវដកហូតទុកសិនដែរដើម្បីការពារទង្វើអាក្រក់ខ្លាចគេថតរូបភាព ស្តីពីសកម្មភាពដឹកឈើខុសច្បាប់
នៅក្នុងក្រុមហ៊ុន សៀ ម៉ុន បែកធ្លាយចេញក្រៅ។

ប្រភពខាងលើនេះបានបញ្ជាក់ថាឈើប្រណីតប្រភេទធ្នង់ទាំងនេះត្រូវបានគេដឹកតាមរថយន្តសាំយ៉ុងចូលមកក្រមហ៊ុនក្នុងចន្លោះម៉ោង១២រំលងអធ្រាត្រដល់ម៉ោងជាង៤ជិតភ្លឺ ហើយឈើធ្នង់ខាងលើនេះក៍ត្រូវគេប្រមូលទិញពី តំបន់ព្រំដែនខ្មែរឡាវ និង ឧទ្យានជាតិវីរជ័យ ស្ថិតនៅ ស្រុកសៀមប៉ាង ដែលជាឈើមិនមែនស្ថិតក្នុងដីរបស់ ក្រុមហ៊ុនឡើយ។

ទាក់ទិនទៅនិងករណីខាងលើលោក ទុំ នីរ៉ូ ប្រធានស្តីទី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឲ្យដឹងនៅវេលាខាងលើថា ដោយសារតែរូបលោកទើបតែចូលកាន់តំណែងជា ប្រធានស្តីទីថ្មីៗពុំទាន់ក្តាប់ ព័ត៌មានជុំពីក្រុមហ៊ុនខាងលើ។ ទោះយ៉ាងណាលោកកំពុងតែប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាមុន សិន ហើយនៅពេលក្រោយលោកនឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីចុះទៅត្រួតពិនិត្យក្រុមហ៊ុននេះ។

សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះ ក្រុមហ៊ុនអង្គរផ្លាយវូត បានចុះកិច្ចព្រមព្រាងជាមួយ ក្រុមហ៊ុន សៀ ម៉ុន ដោយ ភាគីខាង ក្រុមហ៊ុន សៀ ម៉ុន បានយល់ព្រមលក់ឈើនៅឈរ ឬដើមឈើរស់ ប្រភេទលេខ១ លេខ២ និងលេខ ៣ ឲ្យទៅក្រុមហ៊ុនអង្គរផ្លាយវូត ដោយសារតែក្រុមហ៊ុន សៀ ម៉ុន ពុំមានលុយដើម្បីធ្វើបន្តទៅមុខទៀត។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ មន្ត្រីក្រុមហ៊ុន សៀ ម៉ុន នៅក្នុង ខេត្តស្ទឹងត្រែង គេមិនអាចស្នើសុំការបកស្រាយ បានឡើយនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១៕