កូវីដ១៩បានសម្លាប់ជីវិតជនជាតិខ្មែរ៤នាក់នៅថ្ងៃទី១៩មេសា

0
140

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៅព្រឹកថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០២១ នេះថា មានជនជាតិខ្មែរផ្នែកបុរសពីរនាក់ និងស្ត្រីពីរនាក់ បានស្លាប់ដោយសារ ជំងឺកូវីដ១៩ វាយលុកផ្លូវដង្ហើម និងរលាកសួតទាំងសងខាង ដែលពួកគាត់មានជំងឺប្រចាំកាយជាពិសេស ជំងឺ ទឹកនោមផ្អែម។

ករណីស្លាប់ជនជាតិខ្មែរទាំងបួននាក់មាន បុរសអាយុ៦៥ឆ្នាំ លោកតាអាយុ៧២ឆ្នាំ ស្ត្រីអាយុ៤៨ឆ្នាំ និងស្ត្រី អាយុ៤០ឆ្នាំ ដោយសារ ជំងឺកូវីដ១៩។ ក្រសួងសុខាភិបានយោងតាមរបាយការណ៍របស់មន្ទីរចំនួនបីផ្សេង ៗគ្នា។

តើតាម មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឩ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះថា បុរសជនជាតិ ខ្មែរអាយុ៦៥ឆ្នាំ រស់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលសម្រាកនៅ មន្ទីរពេទ្យថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤:២០នាទី បន្ទាប់ពីទទួលលទ្ធផល វិជ្ជមានកូវីដ១៩ ជាមួយស្ថានភាព ក្អក ហត់ខ្លាំង និងមានប្រវត្តិ ជំងឺទឹកនោមផ្អែម ប្រចាំកាយ។ ដោយការវិវត្តរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាព ហត់ដង្ហក់ខ្លាំង ដែលតម្រូវឩ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេក ទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើនម៉ាស៊ីនជំនួយដង្ហើមផង ក៍នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺ បាន។ គាត់ក៍បានស្លាប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧:២០នាទីព្រឹក។

ក្រុមគ្រូពេទ្យបានធ្វើការ សន្និដ្ឋានថា បុរសអាយុ៦៥ឆ្នាំនេះ ស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារ វីរុសកូវីដ១៩ លើអ្នកជំងឺទឹកនោមផ្អែម ប្រចាំកាយ។

ប្រភពដដែលបន្តទៀតថា លោកតាអាយុ៧២ឆ្នាំរស់នៅ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូល សម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដោយ មានរោគសញ្ញា ក្អកហត់ រួមទាំងមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងខ្សោយតម្រងនោមដំណាក់កាលចុង ក្រោយ។ បន្ទាប់ពីបានរកឃើញ វិជ្ជមានកូវីដ១៩ ហើយអ្នកជំងឺមានការវិវត្តិកាន់តែធ្ងន់ធ្ងរ ត្រូវបានបញ្ជូនគាត់ ទៅព្យាបាលបន្តនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។ ដោយស្ថានភាពរបស់ អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឩ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាម លក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងក៍នៅតែមិនអាចជួយសង្គ្រោះបានក៍ បណ្ដាលឩ្យ ស្លាប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦:២នាទីរសៀល។

ក្រុមគ្រូពេទ្យបានធ្វើការ សន្និដ្ឋានថា លោកតាអាយុ៧២ឆ្នាំនេះបានស្លាប់ដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារជំងឺកូវីដ១៩ លើអ្នក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងខ្សោយ តម្រងនោម ប្រចាំកាយ។

រីឯនៅ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានឩ្យដឹងថា មានស្ត្រីជនជាតិខ្មែរអាយុ៤៨ឆ្នាំរស់នៅ ខេត្តព្រះសីហនុ បានចូលមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទី បន្ទាប់ពីបាន រកឃើញ វិជ្ជមានកូវីដ១៩ ជាមួយរោគសញ្ញា ហត់ដង្ហក់ខ្លាំង មានស្ថានភាពពិបាកដកដង្ហើម ដែលតម្រូវឩ្យគ្រូ ពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមភ្លាមៗដើម្បីជួយសង្គ្រោះ។ ក៍ប៉ុន្តែមិនអាចជួយគាត់បានក៍ស្លាប់នៅថ្ងៃទី១៩ ខែមេសា វេលាម៉ោង១៣:៤០នាទី។

ក្រុមគ្រូពេទ្យបាន សន្និដ្ឋានថា ស្ត្រីអាយុ៤៨ឆ្នាំរូបនេះ បានស្លាប់ដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារ វីរុសកូវីដ១៩។

ចំពោះករណីទី៤ យោងតាម មណ្ឌលសុខភាពចាក់អង្រែ បានឩ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៤០ឆ្នាំ រស់នៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរកឃើញ វិជ្ជមានកូវីដ១៩ រួចត្រូវបានដាក់ឩ្យព្យាបាលនៅ មណ្ឌលព្យាបាលចាក់អង្រែនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣:១០នាទី ដោយការវិវត្តិរបស់ជំងឺ ពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ ទោះបីជាក្រុមគ្រូពេទ្យ បានខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៍មិនអាចជួយអ្នកជំងឺបាន។ គាត់បានស្លាប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៦:២៨នាទី។

ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា ស្ត្រីអាយុ៤០ឆ្នាំនេះស្លាប់ ដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាក សួតទាំងសងខាង ដោយសារ វីរុសកូវីដ១៩។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងថ្មី ជំងឺកូវីដ១៩ ចំនួន៤៣១នាក់ និងអ្នកជាសះស្បើយចំនួន៣១នាក់។ ករណីឆ្លងក្នុងសហគមន៍៤២៩នាក់ និងអ្នកដំណើរមក ពីបរទេសចំនួនពីរនាក់។ នៅក្នុងនោះ ក្រុងភ្នំពេញ មានចំនួន២៧១នាក់ ខេត្តព្រះសីហនុ ចំនួន១៣៣នាក់ ខេត្តកណ្ដាល មានចំនួន១០នាក់ ខេត្តកំពង់ចាម មានចំនួន៤នាក់ ខេត្តតាកែវ មានចំនួន៤នាក់ ខេត្តព្រៃវែង មានចំនួន២នាក់ ខេត្តត្បូងឃ្មុំ មានចំនួនម្នាក់ ខេត្តស្វាយរៀង មានចំនួនម្នាក់ ខេត្តកំពង់ឆ្នាំង មានចំនួនម្នាក់ ខេត្តកំពង់ធំ មានចំនួនម្នាក់ និងខេត្តកំពត មានចំនួនម្នាក់។ សរុបអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ កើនឡើង ដល់៤៩នាក់ហើយ៕