អាជ្ញាធរជាតិអប្សរាចងរឹតកាបនៅលើរចនាសម្ពន្ធសំណង់ប្រាសាទបាយ័ន

0
378

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ដោយហេតុថា នៅតាមថែវចម្លាក់ខាងក្រៅ នៃប្រាសាទបាយ័ន ចំណុចមួយចំនួនមានហានិភ័យភាគ ច្រើនបណ្តាលមកពី សសរ ធ្នឹម ស៊ុមទ្វារ ជញ្ជាំង ថ្មដំបូល​។ល។ ដែលអាចនឹង រអិលធ្លាក់ បាក់បែក ឬដួល រលំ។ ហេតុដូច្នេះហើយទើបធ្វើឱ្យ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរ និងបុរាណ
វិទ្យាបង្ការធ្វើការទប់ស្កាត់ជាបន្ទាន់ដោយអនុវត្តន៍នីតិវិធីពង្រឹងឱ្យមានលំនឹងតាមរយៈ ការចងរឹតកាបនិងរំកិល ថ្មចូលទីតាំងដើមវិញ។

គោលបំណងនៃការចងរឹតកាបនេះ គឺទប់ស្កាត់កុំឱ្យរចនាសម្ព័ន្ធ​ប្រាសាទមួយចំនួនត្រូវបាន ដួលរលំ និងដើម្បី រក្សាទ្រង់ទ្រាយដើមរបស់ប្រាសាទឱ្យនៅគង់វង្សបានយូរអង្វែង ហើយត្រូវរង់ចាំឱកាសសមស្របដើម្បីធ្វើការ ជួសជុលឡើងវិញ។ ការចងរឹតកាបនេះស្ថិតនៅ ថែវខាង ជើង ត្បូង និងលិច នៃប្រាសាទបាយ័ន។

ការងារអនុវត្តន៍គម្រោងចងរឹតកាបនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២១ ហើយរហូតមកទល់ នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១​ នេះបានសម្រេចបានលទ្ធផលចំនួន២០ចំណុចហើយ៕ (អត្ថបទនិងរូបភាព របស់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ)