ប្រធានស្នាក់ការសន្តិសុខ៤០៣ប៉េអឹមបើកម៉ូតូមកផ្ទះត្រូវរថយន្តបុកក្រោយស្លាប់នៅនឹងកន្លែង

0
171

ដោយៈ សុខ សុភ័ណ្ឌ
កំពង់ស្ពឺៈ បុរសម្នាក់មានតួនាទី ប្រធានស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ៤០៣ បើកម៉ូតូមកផ្ទះត្រូវរថយន្តបុក ពីក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៥៧និ៥៨ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅ ភូមិក្រាំងពង្រ ហៅ ត្រពាំងជ្រៅ ឃុំកាហែង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។

តាមសម្ដីនគរបាល ស្រុកសំរោងទង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមីនា នេះថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះឈ្មោះ សម សារិទ្ធ អាយុ៥៤ឆ្នាំមុខរបរប្រធានស្នាក់សន្តិសុខកងរាជអាវុធហត្ថ៤០៣ស្ថិតក្នុង ភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាក ភ្នំពេញ ១AV.៩៥៦៤ ពីកើតទៅលិចមកដល់កន្លែងកើតហេតុខាងលើត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបើកបរពីកើត ទៅលិចបុកម៉ូតូពីក្រោយពេញទំហឹងស្លាប់ភ្លាមៗតែម្ដង។ រីឯរថយន្តបង្កហេតុបានបើកគេចខ្លួនបាត់។

សពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ដសមត្ថកិច្ចកំពុងធ្វើការស្រាវ ជ្រាវ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕