ទន្សោងជាសត្វកម្រជិតផុតពូជលើពិភពលោកតែវាបានបង្ហាញវត្តមាននៅកម្ពុជាច្រើនគួរឩ្យកត់សម្គាល់

0
476

ដោយៈ បាយ៉ង់ថែមស៍
ព្រះវិហារៈ ក្រសួងបរិស្ថានបានបង្ហាញរូបសត្វទន្សោងមួយហ្វូងថតដោយ ម៉ាស៊ីនស្វ័យប្រវត្តិស្ថិតក្នុងដែនជម្រក សត្វព្រៃ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ សត្វទន្សោងទាំងនោះត្រូវបានកត់ត្រាក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកម្រជិតពូជនៅលើពិភពលោក។ ចំនួននេះវាបានថយចុះយ៉ាងច្រើន ក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយដោយសារការបំផ្លាញ ទីជម្រក ការបរបាញ់យកសាច់ និងស្នែងខ្វះការ យល់ដឹង។ តាមទិន្នន័យអង្គការ IUCN សត្វទន្សោងត្រូវគេប៉ាន់ប្រមាណថា នៅសល់ប្រហែល៤០០០ក្បាល នៅលើពិភពលោក។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នេះថា សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានា ពេលបច្ចុប្បន្នទំនងជាមានតិចជាង ១.៥០០ក្បាល។ លោកបញ្ជាក់ថា «យើងសង្កេតឃើញថា នៅក្នុង ដែនជម្រកសត្វព្រៃ នានានៅកម្ពុជាប្រភេទ សត្វកម្រមួយចំនួនមានកំណើនឡើងក្នុងនោះ សត្វទន្សោង នៅក្នុងដែនជម្រកសត្វព្រៃ ព្រះវិហារ។ តំបន់ខ្លះ មានចំនួននៅឋិតថេរ និងខ្លះទៀតមានការថយចុះ។ សត្វដែលឃើញមានការកើនឡើងដូចជា សត្វជ្រូកព្រៃ និងប្រភេទសត្វមួយចំនួនទៀត។ កំណើនវត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយសារតែ លទ្ធផលនៃការការពារនិងអភិរក្សធនធានធម្មជាតិព្រៃឈើដែលជាជម្រកនៃពពួកសត្វព្រៃមានភាពប្រសើរឡើងគឺការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព»។

រដ្ឋលេខាធិការបានបន្ថែមថា អន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វត្រូវបានមន្ត្រីឧទ្យានុរក្ស សត្តរក្ស និង ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ បានចូលរួមដោះនិងកម្ទេចចោល។ សត្វព្រៃជាច្រើនពាន់ក្បាលត្រូវបាន ជួយសង្គ្រោះ និងដោះលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយសត្វព្រៃមួយចំនួនដែលមានសុខភាពមិនល្អ ក្រសួង បរិស្ថានបានសហការជាមួយដៃគូដើម្បីថែរក្សាព្យាបាលឱ្យជាមានសុខភាពល្អ ទើបដោះលេងចូលក្នុងព្រៃធម្ មជាតិដែលជាទី សុវត្ថិភាព។ ឆ្នាំ២០២០ កន្លងទៅ អន្ទាក់ជិត៥០០០០ ត្រូវបានដោះចេញពីក្នុង តំបន់ព្រៃ អភិរក្ស។

ក្នុងនាមស្ថាប័នអ្នកអភិរក្សធនធានធម្មជាតិ និងអង្គការដៃគូដែលបានសហការគ្នាក្នុងការការពារ និងអភិរក្សធន ធានធម្មជាតិ យើងពិតជាមានមោទកភាពដែលឃើញវត្តមានសត្វព្រៃកើនឡើងនៅក្នុង តំបន់ការពារធម្មជាតិ។ នេះគឺជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់មន្ត្រី នៃក្រសួងបរិស្ថាន អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ សហគមន៍ តំបន់ការពារធម្មជាតិ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានពួតដៃគ្នាក្នុងការគ្រប់គ្រង និងអភិរក្សធន ធានធម្មជាតិ ដោយឈរលើមូលដ្ឋានអនុវត្តច្បាប់ជាធរមាន ការរួមគ្នាទទួលខុសត្រូវ និងជាកិច្ចសហការប្រកប ដោយភាពស្មោះត្រង់ និងស្ថាបនា។

អ្នកនាំពាក្យក្រសួងបន្ថែមទៀតថា «ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បី បញ្ឈប់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផល ពីសត្វព្រៃ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជា
ឱ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់គ្នា»។

រដ្ឋលេខាធិការ ក្រសួងបរិស្ថាន គិតថា សកម្មភាពទាំងនេះនឹងជួយការពារទាំងសុខភាព សុខុមាលភាពរបស់ មនុស្សនិងសត្វ ជីវចម្រុះព្រមទាំងបរិស្ថានទាំងអស់ដែលនៅជុំវិញយើងក៍ដូចជាចូលរួមទប់ស្កាត់ ហានិភ័យ នៃការបាត់បង់ជីវចម្រុះ និងការប្រែប្រួលអាកាសធាតុជាដើម។ ដើម្បីអនាគតមនុស្សជាតិយើងត្រូវរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ៕