មិនពិតទេ គឺពត៌មានបំពុល !

0
123

ដោយ បាយ៉ង់ថែមស៍

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវករណី ដែលគណនីមួយសរសេរបង្ហោះពត៌មានកាលពីថ្ងៃទី១៧ ខែកុម្ភៈ ២០២១ថាមានគ្រូបង្រៀនម្នាក់ស្លាប់ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ ការច្រានចោលនូវការផ្សាយពត៌មានបំពុលនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១២១ ។

គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hai KhmerKrom បានបង្ហោះសំណេរអមនឹងរូបភាព៣សន្លឹក របស់ស្រ្តីម្នាក់ដែលបានស្លាប់បាត់បង់ជីវិត ដោយក្នុងសំណេរនោះសរសេររៀបរាប់យ៉ាងដូច្នេះថា (សូមប្រជាជនខ្មែរធ្វើការពិចារណាមុននឹងចាក់វ៉ាក់សាំងចិន ” អ្នកគ្រូទទួលមរភាពហើយ ” អ្នកគ្រូ ស្លូត សុភាព ជាជនគំរូបង្រៀនសិស្សយ៉ាងល្អ បែរជាទទួលមរណភាពដោយសារចាក់វ៉ាក់សាំងបង្ការជងឺកូវិដ Sinnorfarm របស់ចិនបាន២ថ្ងៃ។ ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ផ្នែកបណ្ដុះបណ្ដាល ។ (អ្នកគ្រូ ឆន ណារី អាយុ ២១ឆ្នាំ នៅខេត្តក្រចេះ) ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្សក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានធ្វើការឆ្លើយតបភ្លាមៗថា ក្រសួងសុខាភិបាលសូមធ្វើការច្រានចោលទាំងស្រុងនូវការចុះផ្សាយការប្រឌិតដោយករណីនេះ ។ បើតាមព័ត៌មានពីខាងក្រសួងទទួលបាន គឺស្រ្តីខាងលើ មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ដោយក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន លោកស្រី បញ្ជាក់ ។

លោកស្រីឱ វណ្ណឌីន សង្កត់ធ្ងន់ថា មកទល់នឹងពេលនេះ ការចាក់វ៉ាក់សាំងកូវីដ១៩ មិនទាន់បានចាក់ជូនទៅដល់ក្រុមគ្រូបង្រៀនណាមួយនៅឡើយទេ ។ ហេតុដូចនេះ ក្រសួងសុខាភិបាល ស្នើឲ្យមន្រ្តីមានសត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ទៅលើការបំផុសប្រឌិតនូវព័ត៌មាននេះ ព្រោះមានការបញ្ជាក់នៅលើអត្ថបទហើយ។

គួររលឹកផងដែរថា ក្រសួងសុខាភិបាលបានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ហើយមកទល់ពេលនេះសរុបចំនួនអ្នកមកចាក់វ៉ាក់សាំងមានចំនួន ៣,៩៦២នាក់ ស្រី១,៤២៨នាក់ អ្នកបានចាក់រួចមានចំនួន: ៣,២៣៦នាក់ ស្រី១,០៤០ និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ៧២៦នាក់ ក្នុងនោះស្រី៣៨៨នាក់ ។

សូមបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាលមិនទាន់បានផ្តល់ជូនការចាក់វ៉ាក់សាំងកូវីដ១៩ឱ្យក្រុមគ្រូបង្រៀនណាមួយនៅឡើយនោះទេ ក៏ប៉ុន្តែហេតុអ្វីបានជាមានគ្រូបង្រៀនស្លាប់ដោយសារការចាក់វ៉ាក់សាំងហ្នឹង ? ៕