ខែត្រព្រះសីហនុនឹងមានមណ្ឌលបន្សាបគ្រឿងញៀនដ៏ធំមួយ

0
181

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ សប្បុរសជនដែលសុំមិនបញ្ចេញឈ្មោះ មិនប្រាប់ពីគោលបំណង បានបរិច្ចាគដី មានប័ណ្ណកម្មសិទ្ធិឯកជនរបស់ខ្លួនទំហំ០៣ហិកតា ជូនរដ្ឋបាលខែត្រព្រះសីហនុ ដើម្បីសាងសង់មណ្ឌល អប់រំកែប្រែ ព្យាបាល និង ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ដែលគម្រោងស្ថាបនាមណ្ឌលនេះនឹងចាប់ផ្ដើមនាពេលឆាប់ៗ ខាងមុខ បន្ទាប់ពីអ្នកជំនាញសិក្សា និង វាយតម្លៃច្បាស់លាស់រួចរាល់ ។

នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យសាលាខែត្រព្រះសីហនុ លោក ឃាង ភារម្យ បា្រប់ បាយ៉ង់ថែមស៍ ។

ក្នុងខែត្រព្រះសីហនុ កន្លងមកមានមណ្ឌលអប់រំកែប្រែ បន្សាប ព្យាបាល និង ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយកន្លែងស្ថិតក្នុងបរិវេណទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដែលមានស្ថានតូចមិនពេញលក្ខណៈ និង ស្ថិតក្រោមការគ្រប់គ្រងដោយកម្លាំងអាវុធហត្ថខែត្រ ប៉ុន្តែថ្មីៗនេះត្រូវបានផ្ទេរមកឱ្យរដ្ឋបាលខែត្រព្រះសីហនុ ជាអ្នកគ្រប់គ្រងវិញ ។

កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដីជាក់ស្តែង កន្លែងដែលគ្រោងនឹងសាងសង់មណ្ឌលអប់រំកែប្រែ បន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀននេះ ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រព្រះសីហនុ ត្រូវរៀបចំប្លង់គោល ដើម្បីធ្វើការសាងសង់ ស្របតាមបច្ចេកទេស និងលក្ខខណ្ឌតម្រូវការរបស់ថ្នាក់ជាតិ ។

គួររំឭកថា ក្នុងខែត្រព្រះសីហនុ ក៏មានមជ្ឈមណ្ឌលជាតិ អប់រំបន្សាប និងស្តារនីតិសម្បទាមួយកន្លែងផ្សេងទៀត នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ដែលសព្វថ្ងៃបានកំពុងដំណើរការសាកល្បងដំណាក់កាលដំបូងរបស់ខ្លួន ។

គួរបញ្ជាក់ដែរថា ពុំទាន់មានមន្រ្តីណាអាចបញ្ជាក់ពីកាលបរិច្ឆេទសាងសង់ ប្រើរយៈពេលប៉ុន្មាន គម្រោងចំណាយថវិកាប៉ុន្មាន ជាថវិកាអ្វីនោះទេ ព្រោះអ្នកជំនាញកំពុងធ្វើការសិក្សា និង វាយតម្លៃ ៕