ឈាមស្រែកស្បែកហៅមែន! សមត្ថកិច្ចចាប់ខ្លួនឃាតកធ្វើគតព្រះចៅអធិការវត្តព្រះចេតិយថ្មីបានហើយ

0
386

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ពិតជាឈាមស្រែកស្បែកហៅមែន! ឃាតកធ្វើគត ព្រះចៅអធិការ វត្តចេតិយថ្មី ត្រូវនគរបាល ខេត្តក ណ្ដាល ធ្វើការស្រាវជ្រាវវែកមុខចាប់ខ្លួនមេខ្លោងបានហើយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ មេឃាតក អបាយភូមិ ប្រេត នរក តិរច្ឆាន នៃក្រុមនេះនឹងត្រូវចុះនរកមិនចាំបាច់ដល់ជាតិក្រោយឡើយ។ ប្រជាពលរដ្ ឋ ដែលស្រឡាញ់ចូលចិត្តព្រះអង្គធ្លាប់មានស្នាដៃកសាងវត្តបានសំណូមពរសុំឱ្យតុលាការដាក់ទាសទណ្ឌពួកគេឱ្យធ្ងន់ធ្ងរជាទីបំផុតតាមដែលអាចធ្វើទៅបាន។

ក្រុមឃាតកមានគ្នាបួននាក់ ប៉ុន្តែប៉ូលិសចាប់ខ្លួនបានតែម្នាក់ដែលជាមេខ្លោងត្រូវជា ប្អូនធម៌ព្រះសង្ឃរងគ្រោះ។ រីឯជនដល់ដៃមានគ្នាបីនាក់ទៀតនោះទៀតកំពុងតែរត់គេចខ្លួន។ ស្លាកខាងក្រោយប៉ូលិសវាស់កម្ពស់ និងខាង មុខជនសង្ស័យពណ៌សបានសរសេរថា ឈ្មោះ ឡៅ ទ្រី ហៅ ឃាង កើតនៅ ឆ្នាំ១៩៦៩ គឺជាមេឃាតកជួលគេ មកធ្វើគតព្រះសង្ឃនៅថ្ងៃទី២០ ខែធ្នូ ហើយចាប់ខ្លួនបាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ (រយៈពេល៥ថ្ងៃ)។

មន្ត្រីនគរបាល ខេត្តកណ្ដាល ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែធ្នូ នេះថា ជនសង្ស័យមានឈ្មោះ ឡៅ ទ្រី ហៅ ឃាង ភេទប្រុសអាយុ៥១ឆ្នាំមុខរបររកស៊ីពុះដីឡូតិ៍លក់មានទីលំនៅ ភូមិផ្សារដែក ឃុំផ្សារដែក ស្រុក ពញាឮ ខេត្តកណ្ដាល។ ចំណែកព្រះសង្ឃរងគ្រោះព្រះនាម ភោគ ជ័យរិទ្ធិ ហៅ លោកតាតឿ ហៅ លោកតាតុប មានព្រះជន្មាយុ៥៣វស្សា ជាចៅអធិការវត្តចេតិយថ្មី ត្រូវបានគេធ្វើគតកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅវត្ត ចេតិយថ្មី ស្ថិតក្នុង ភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ក្រោមការដឹកនាំរបស់ លោកស្នងការនគរបាល ខេត្តកណ្តាល និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្នុងរយៈពេល៥ថ្ងៃគត់សមត្ថកិច្ចក៍ឈានដល់ការកំណត់មុខសញ្ញាមេខ្លោងផ្ដើមគំនិតជួល ឃាតកឲ្យទៅធ្វើគតព្រះសង្ឃនោះគឺឈ្មោះ ឡៅ ទ្រី ហៅ ឃាង នេះយកមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

នៅចំពោះមុខសមត្ថកិច្ចមេខ្លោងផ្តើមគំនិតរូបនេះបានសារភាពប្រាប់ប៉ូលិសថានៅថ្ងៃមិនចាំ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ឡៅ ទ្រី ហៅ ឃាង ណាត់ជួបគ្នានៅហាងម្លប់ស្វាយជិតផ្លូវចូល ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង។ ពេលជួបគ្នាជនសង្ស័យបាន និយាយរឿងឈ្លោះគ្នាជាមួយ ចៅអធិការវត្តចេតិយថ្មី ហើយបានសួររកអ្នកស្មាត់ (អ្នកផ្តាច់ជីវិត)។ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុន និយាយថា រឿងហ្នឹងកុំភ័យឲ្យតែលុយមកទើបឈ្មោះ ឡៅ ទ្រី ហៅ ឃាង សួរថា អស់ ប៉ុន្មាន ? ឈ្មោះ ស្រេង ស្រ៊ុន ឆ្លើយតបវិញថា ៧,០០០ដុល្លារហើយខ្លួន ( ឡៅ ទ្រី ) បានយល់ព្រម។

មេខ្លោងផ្តើមគំនិតរូបនេះសារភាពទៀតថារំលងបានប្រហែល២០ថ្ងៃក្រោយមកវេលាម៉ោងប្រហែល៤រសៀលឈ្មោះ ស្រេង ស្រ៊ុន (ជនដៃដល់) បានទូរស័ព្ទហៅខ្លួនឲ្យទៅជួបនៅ ហាងម្លប់ត្នោត ដោយប្រាប់ថា ១០,០០០ ដុល្លារ (តម្លៃ១ម៉ឺនដុល្លារ) ទើបបានធ្វើកើតព្រោះទាល់តែគ្នា៣នាក់បានធ្វើឈ្នះ..។ ពេលនោះខ្លួនក៍បានយល់ ព្រមហើយបានប្រគល់លុយឲ្យមុនចំនួន៣,០០០ដុល្លាររួចក៍បែកគ្នាចេញមកមុន។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦:៤០ល្ងាចឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកប្រាប់ខ្លួនថា «ប្លង់រឹង» ( ភាសាដាក់ម៉ូ ធ្វើសកម្មភាព ) ធ្វើរួចហើយខ្លួនក៍ថា ធ្វើរួចក៍រួចទៅ…។

ប្រភពដដែលបន្តទៀតថា លុះដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែលឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់បាន ឆាតតាម Telegram ថា បានផ្តាច់ជីវិត ចៅអធិការរួចហើយ ដោយរឹតករួចលើកដាក់លើគ្រែគ្របភួយពេល នោះឈ្មោះ ស្រេង ស្រ៊ុន បានទារលុយពីខ្លួនបង្គ្រប់តែខ្លួនថា ចាំស្អែកទៅ…។ លុះស្អែកឡើងវេលាម៉ោង ១០:៣០នាទីព្រឹកខ្លួន (ឡៅ ទ្រី មេក្លោងផ្តើមគំនិត) បានបើករថយន្តម៉ាកព្រុសយកលុយទៅឲ្យឈ្មោះ ស្រេង ស្រ៊ុន ជនដៃដល់នៅជិតរោងចក្រស្រែចិន្តា។ ពេលទៅដល់ឃើញឈ្មោះ ស្រេង ស្រ៊ុន បើកម៉ូតូម៉ាកវ៉េវអាល់ ហ្វាអត់ស្លាកលេខចាំនៅទីនោះហើយក៍ហុចលុយចំនួន៧,០០០ដុល្លារតាមកញ្ចក់ឡានឲ្យទៅឈ្មោះ ស្រេង ស្រ៊ុន រួចហើយឈ្មោះ ស្រេង ស្រ៊ុន ប្រាប់ថា ពេលប៉ូលិសសួរនាំកុំឆ្លើយអ្វីទាំងអស់និយាយតែមិនដឹងៗ …ទៅប៉ូលិសមិនអាចធ្វើអ្វីកើតទេ និងឲ្យលុបលេខទូរស័ព្ទ និងរូបពាក់ព័ន្ធទាំងអស់ចោលរួចក៍បែកគ្នាទៅ…។

តាមចម្លើយមេខ្លោងផ្តើមគំនិតរូបនេះបានបញ្ជាក់ពីដើមចមធ្វើគតព្រះសង្ឃថា មូលហេតុដែលខ្លួន ( ឡៅ ទ្រី ) បានរៀបចំផែនការធ្វើគតព្រះសង្ឃជាជនរងគ្រោះ។ ព្រោះបានយកផ្ទះ និងតូបផ្សារ នៅផ្សារមាន់អាំង រាជ ធានីភ្នំពេញ និងដី២ឡូតិ៍ នៅផ្សារត្រាច ខេត្តកំពង់ឆ្នាំង ដោយបានយកលុយពីលោកសង្ឃ ចំនួន១១,៥០០ ដុល្លារថា ទៅសង់ផ្ទះតែមិនបានសង់ផ្ទះទេព្រមទាំងយកទ្រព្យសម្បត្តិរបស់លោក ( ចៅអធិការ ) ដែលជនរង គ្រោះឲ្យខ្លួនឈរឈ្មោះជំនួសនោះយកទៅលក់អស់ទៀតផង។

ចុងក្រោយនេះខ្លួនបានលេចឮព័ត៌មានថា ព្រះចៅអធិការវត្តលោកជិតសឹកនៅដំណាច់ឆ្នាំនេះដើម្បីទៅកាន់កាប់ ព្រមទាំងគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងអស់ របស់លោកវិញទើបខ្លួនរៀបចំផែនការធ្វើគតព្រះ អង្គដើម្បីបំបិទមាត់ព្រះអង្គឲ្យបានសម្រេចនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងប្រមូល និងកាន់ កាប់លុយកាក់និងទ្រព្យសម្បត្តិរបស់ ព្រះចៅអធិការវត្ត ទាំងអស់តែម្ដង។

ក្រោយបញ្ចប់ការសួរយកចម្លើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីបន្តតាមស្វែងរកបក្ខពួកជនដៃដល់បន្តទៀត៕