ព្រះគ្រូចៅអធិការវត្តព្រះចេតិយថ្មីត្រូវបានបូជាព្រះសពនៅល្ងាចថ្ងៃទី២១ធ្នូ

0
331

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ព្រះសពគ្រូចៅអធិការ វត្តព្រះចេតិយថ្មី ព្រះនាម ភោគ ជ័យរិទ្ធិ ហៅ លោកតារ៉ន ព្រះជន្មាយុ៥៤វស្សា ដែលចោរចូលធ្វើគតដោយពុំដឹងមូលហេតុកាលពីយប់ថ្ងៃទី១៩ ខែធ្នូ នៅជាប់ផ្លូវជាតិលេខ៥ស្ថិតក្នុង ភូមិព្រះ ចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្តសម្រេចបូជាព្រះសព នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះហើយ។

នៅព្រឹកថ្ងៃទី២១ ខែធ្នូ សមត្ថកិច្ចចម្រុះមាន ប៉ូលិសក្រសួងមហាផ្ទៃ នគរបាល ខេត្តកណ្តាល និងប៉ូលិស ស្រុក ពញាឮ បានធ្វើការស៊ើបអង្គេតសួរនាំអ្នកពាក់ព័ន្ធនៅក្នុងវត្តជាច្រើននាក់។ រីឯគណៈកម្មការវត្តរៀបចំបុណ្យ សពក៍បានចាត់ចែងបូជាសពព្រះគ្រូ ភោគ ជ័យរិទ្ធិ ហៅ លោកតារ៉ន នៅវេលាម៉ោង៦:៣០ល្ងាច ប្រទានភ្លើង ជ័យពីសំណាក់ សម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គា ធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណ ខេត្តកណ្តាល។ ព្រះសពត្រូវបានពុទ្ធបរិស័ទដង្ហែបីជុំព័ទ្ធជុំវិញ ព្រះ វិហារ វត្តព្រះចេតិថ្មី ដើម្បីលើកដាក់ មេរុឬមេន សម្រាប់បូជាសព។

សពព្រះគ្រូ ភោគ ជ័យរិទ្ធិ មានស្នាមរបួសវាយព្រះភក្ត្រិ (មុខ) ចាក់ក្រោមកខាងស្ដាំ ចាក់ដាច់ស្នាមនៅលើស្មា ខាងស្ដាំ ហើយមានខ្សែពួរចងរឹតកបន្ថែមទៀត។ ព្រះអង្គបាននិមន្តមកគង់នៅ វត្តព្រះចេតិយថ្មីកាលពី ឆ្នាំ២០០២ ហើយកសាងវត្តនេះឱ្យមានការរីកចម្រើនរុងរហូតដល់សព្វ​ថ្ងៃ។

នៅព្រលឹមថ្ងៃកើតហេតុនោះដូនជីម្នាក់ឆ្ងល់មិនឃើញ ព្រះគ្រូចៅអធិការវត្តនិមន្តមកឆាន់ចង្ហាន់ព្រឹក គាត់ក៍ដើរ ទៅមើលកុដិលោកឃើញទ្វារកុដិចំហរ​បន្ដិចតែបើកទ្វារពុំចេញក៍បានហៅដូនជីម្នាក់ទៀតមកជួយបើកក៍ប្រទះ ឃើញ ព្រះអង្គសុគតបាត់ទៅហើយ។

ព្រះអង្គមានស្រុកកំណើតនៅ អង្គស្នួល ខេត្តកណ្ដាល។ យោងតាមប្រភពអ្នកជិតស្និទ្ធនឹងព្រះអង្គបានប្រាប់ ឱ្យដឹងយប់ថ្ងៃទី២០ ខែធ្នូ នេះថា ព្រះអង្គធ្លាប់មានសង្ឃដិកាប្រាប់បងប្អូនសាច់ញាតិលោកថា អាត្មា មានផ្ទះ ពីរល្វែងនៅ ផ្សារមាន់អាំង ខណ្ឌទួលគោក កំពុងតែជួលឱ្យគេស្នាក់នៅ។ ព្រះអង្គមានបច្ច័យច្រើន មានដីស្រែ
ខ្លះដែរនៅ ស្រុកអង្គស្នួល កន្លែងកំណើររបស់ព្រះអង្គដែលប្អូនប្រុសថែរក្សាកាន់កាប់អាស្រ័យផល។

ញោមព្រះអង្គពិការភ្នែកទាំងសងខាងគឺលោកតា ភោគ ញេប មានជន្មាយុ៧៩ឆ្នាំ និងប្អូនប្រុសបង្កើតរបស់ព្រះ អង្គឈ្មោះ ញេប រឿន អាយុ៤៣ឆ្នាំ។ ពួកគាត់រស់នៅ ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្ដាល ក៍ដូចគណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តក៍បានសំណូមពរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សូមមេត្តាជួយរកយុត្តិធម៌ជូនព្រះសពក៍ដូច ក្រុមគ្រួសារសពឱ្យបានអស់ចិត្តផងនិងមានយុត្តិធម៌។

យោងតាមប្រភពចុងក្រោយបញ្ជាក់ថា ចោរដែលបានចូលធ្វើគតព្រះអង្គនោះ គឺពុំមែនចូលប្លន់យកបច្ច័យ ប្លង់ដី និងប្លង់ផ្ទះនោះទេ។ ទ្រព្យសម្បត្តិទាំងនោះគឺនៅទាំងអស់ប៉ុន្តែធ្លាយរឿងថា មានពុទ្ធបរិស័ទចំណុះជើងមួយ ចំនួន ចង់លើ ព្រះសង្ឃមួយអង្គគង់នៅវត្តនេះ ជាកូនអ្នកស្រុកក្បែរវត្ដឱ្យឡើងធ្វើជា ព្រះគ្រូចៅអធិការវត្ត ជំនួសព្រះគ្រូ ភោគ ជ័យរិទ្ធិ ជាព្រះគ្រូចៅអធិការ វត្តព្រះចេតិយថ្មី៕