ខែត្រព្រះសីហនុ៖ មន្ទីរបរិស្ថានខែត្រព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខែត្រព្រះសីហនុ បានឃាត់ខ្លួនមនុស្ស០៣នាក់ដោយមិនដឹងពីបទចោទអ្វី ដែលម្នាក់ជានាយការិយាល័យប៉ូលីសអន្តោប្រវេសន៍ ម្នាក់ជាទាហាន និង ម្នាក់ទៀតជាប្រជាពលរដ្ឋ ។
អ្នកទាំងបីនាក់ខាងលើត្រូវបានគេឃាត់ខ្លួនកាលពីរសៀលថ្ងៃទិ០៩ ធ្នូ ២០២០ នៅចំណុចស្រែចាម ក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ខណៈពួកគាត់ទៅពិនិត្យមើលដីចំការរបស់ពួកគាត់ ដែលមានប័ណ្ណសំគាល់សិទ្ធិ(ប័ណ្ណស្លាបមាន់)បញ្ជាក់ពីការកាន់កាប់ដីពីអាជ្ញាធរមូលដ្ឋានតាំងពីឆ្នាំ១៩៩០ ។
មន្រ្តីយុត្តិធម៌ លោក ហេង ប៊ុនទី មេបញ្ជាការ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្តខែត្រព្រះសីហនុ មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាម យ៉ាងខ្លីកាលពីព្រឹកថ្ងៃទី១១ ធ្នូ ២០២០ ថា «បង! ករណីនេះ មន្ទីរបរិស្ថានម្ចាស់ករណី ហើយករណីនេះនឹងបញ្ជូនទៅតុលាការថ្ងៃនេះបង។» ។
ដោយឡែកលោក សាមុត សុទ្ធារិទ្ធ ប្រធានមន្ទីរបរិស្ដានខែត្រព្រះសីហនុ ដែលជាម្ចាស់ករណីខាងលើ ពុំបានអធិប្បាយអ្វីវែងឆ្ងាយនោះទេ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១១ ធ្នូ ២០២០ ។ លោកគ្រាន់តែបញ្ជាក់ថា« បាទបងចាំអ្នកច្បាប់ពិនិត្យឯកសារគាត់សិនទៅបង » ៕ សាមុត