កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧និងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៥មានប្រាំប្រទេសចូលរួមព្រមទាំងដៃគូពាក់ព័ន្ធ

0
88

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានគណៈកម្មាធិការជាតិទន្លេ មេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា បានដឹកនាំគណៈ ប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៥ ដែលរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពី សមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តី នៃប្រទេសជាសមាជិក MRC បីផ្សេងទៀតរួមមាន ឡាវ ថៃ និង វៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនាមាន ចិន មីយ៉ាន់ម៉ា និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការ ដ្ឋាន MRC សរុបចំនួន១៥៧រូប។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ ក្រុមការងារបានពិនិត្យ ពិភាក្សាលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតំបន់, ការអនុវត្តនីតិវិធីស្តីពីការគ្រប់គ្រង ការប្រើប្រាស់ទឹក, ស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម, ការពិនិត្យតាមដានទន្លេនិងកិច្ចការពាក់ព័ន្ធ សំខាន់ផ្សេងៗទៀត។

គណៈប្រតិភូក៍បានពិនិត្យអនុម័តឯកសារសំខាន់ៗមួយចំនួនរបស់ MRC ដូចជា យុទ្ធសាស្រ្តអភិវឌ្ឍន៍អាង ឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២១-២០២៥, យុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថាន, ផែនការមេ ផ្នែកនាវាចរណ៍, ផែនការការងារ MRC សម្រាប់ ឆ្នាំ២០២០-២០២១ និងលក្ខន្តិកៈការងារសម្រាប់ប៉ុស្តិ៍នាយក
ប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC ដែលនឹងជ្រើសរើសចេញពី ប្រទេសឡាវ សម្រាប់អាណត្តិ៣ឆ្នាំបន្តពី ឆ្នាំ២០២២ រហូតដល់ ឆ្នាំ២០២៤។

ឯកសារយុទ្ធសាស្រ្ត ក៍ដូចជាផែនការការងារដែលបានអនុម័តដោយ ក្រុមប្រឹក្សាពេលនេះ គឺបានកំណត់នូវ អាទិភាព និងសកម្មភាពជាយុទ្ធសាស្រ្តដែល MRC ត្រូវអនុវត្តដើម្បីបន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួម គ្នាក៍ដូចជា កិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមំា និងប្រសើរថែមទៀតដើម្បីគិតគូរដោះស្រាយ
បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុង អាងទន្លេមេគង្គ។

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ នេះគឺបានដឹកនាំដោយលោក Sommad Pholsena រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជាសមាជិកក្រុមប្រឹក្សា MRC តំណាងប្រទេសឡាវ ដែលទទួល វេនជា ប្រធានក្រុមប្រឹក្សា MRC សម្រាប់ ឆ្នាំ២០២០៕