ដីរដ្ឋសោះ យកធ្វើជាកម្មវត្ថុប្ដឹង! ហើយស្ងាត់ៗអាជ្ញាសាលានៃសាលាដំបូងខែត្រព្រះសីហនុចេញលិខិតជូនដំណឹងថានឹងអនុវត្តសាលដីកាលើដីគម្របព្រៃឈើដេញប្រជាពលរដ្ឋ

    0
    400

    ខែត្រព្រះសីហនុ៖ បន្ទាប់ពីមានសភាពស្ងាត់មួយរយៈរឿងជម្លោះដីធ្លី ស្រាប់តែអាជ្ញាសាលា នៃសាលាដំបូងខែត្រព្រះសីហនុ បានចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានលោកស្រី ឡុច ទូច តំណាងប្រជាពលរដ្ឋចំនួន៣២គ្រួសារថា នឹងចុះអនុវត្តសាលដីកាលើដីគម្របព្រៃឈើដែលមិនទាន់ទាំងកាត់ឆ្វៀល ខណៈប្រជាពលរដ្ឋទាំង៣២គ្រួសារនោះកំពុងតែរស់នៅអាស្រ័យផលលើដីរដ្ឋជាង៣០ឆ្នាំមានផ្ទះមានដំណាំហូបផ្លែខ្លះឱបមិនជុំ ស្ថិតនៅតំបន់អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ។

    ការដែលអាជ្ញាសាលានៃសាលាដំបូងខែត្រព្រះសីហនុ ចេញលិខិតជូនដំណឹងថានឹងអនុវត្តសាលដីកាលើដីគម្របព្រៃឈើដែលមិនទាន់ទាំងកាត់ឆ្វៀលនោះ ព្រោះគេសំអាងលើសាលដីកាពីតុលាការកំពូលលេខ៤៥៨(ន) ចុះថ្ងៃទី០១ ខែកញ្ញា ២០១៤ ដែលសាលដីកានេះក្រសួងយុត្តិធម៌បានចេញលិខិតអន្តរាគមន៍ស្នើសុំតុលាការខែត្រព្រះសីហនុ និង អយ្យការអមសាលាដំបូងខែត្រព្រះសីហនុ ឲ្យផ្អាកការចុះអនុវត្តសាលដីកានេះនាពេលកន្លងទៅ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២៩១៨  ដោយក្រសួងយុត្តិធម៌យោងលិខិតលេខ ០៦៤ រស.គ១ ចុះថ្ងៃទី០៨ ឧសភា ២០១៨ របស់រដ្ឋសភាជាតិ ។

    ចុះហេតុអ្វីស្រាប់តែនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងមួយ ស្តីអំពីការអនុវត្តសាលដីការរបស់សាលាកំពូលថានឹងអនុវត្តសាលដីកា នៅទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះទៅវិញ ?

     

    ទីតាំងដីទំនាស់ដែលភាគីខាងអ្នកមានលុយ មានអំណាចយកទៅធ្វើការប្ដឹងផ្ដល់នៅតុលាការ រហូតឈានដល់ចេញសាលដីកាពីតុលាការកំពូលនេះ ត្រូវបានលោក ឌី សុខុម  នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់សោមបានបញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា វាជាតំបន់ស្ថិតនៅក្នុងគម្របព្រៃឈើនៅឡើយ មិនទាន់មានការកាក់ឆ្វៀលនោះទេ ។ លោកបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងរឿងទំនាស់លើដីនោះ លោកមិនដឹងច្បាស់ទេ  ហើយនៅចំណុចមានទំនាស់នោះ ទាល់តែយកទិន្នន័យមកដាក់ក្នុងកុំព្យួទ័រ ទើបច្បាស់ថាជាប់ពាក់ព័ន្ធនឹងគម្របព្រៃឬអត់ ។

     

    ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏ធ្លាប់បានចេញសេចក្តីបញ្ជាក់កាលពីថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ផងដែរថា ទីតាំងដែលត្រូវអនុវត្តសាលដីកាខាងលើ ជាដែនគម្របព្រៃឈើទេ ។

    ថ្លែងពីលិខិតជូនដំណឹងរបស់អាជ្ញាសាលា ស្អីពីការចុះអនុវត្តសាលដីកាសាលាកំពូលនោះ លោក លឹម  ប៊ុនហេង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានមានប្រសាសន៍យ៉ាងខ្លីថា «ករណីនេះខ្ញុំអត់ដឹងទេ» ។

     

    ចំណែក លោក ហួត វិចិត្រ ដែលជាព្រះរាជអាជ្ញារងដែរនោះ បានឱ្យដឹងថា «ករណីខាងលើខ្ញុំមិនបានដឹងទេ បងអាចទំនាក់ទំនងសួរអ្នកចេញលិខិតទៅ» ។

     

    ចំពោះលោក ឡា  ប៊ុនហួន  អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ ដែលជាអ្នកចេញលិខិតជូនដំណឹង ស្តីពីការអនុវត្តសាលដីការរបស់សាលាកំពូល បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា «បើគាត់(ប្រជាពលរដ្ឋ)មានឯកសារអី គាត់អាចដាក់ពាក្យមកអាជ្ញាសាលា តាមនីតិវិធីច្បាប់មក មិនអីទេយើងនឹងតតាំងតាមផ្លូវច្បាប់ ព្រោះរឿងហ្នឹងដល់តុលាការកំពូល អស់ហើយ  អញ្ចឹងមានឯកសារអី មានមេធាវីអី ដាក់មក» ។

     

    ស្ដីពីភាគីទំនាស់ លោកស្រី ឡុច ទូច តំណាងប្រជាពលរដ្ឋ នៅសហគមន៍អូរខ្សាច់ បានអះអាងនៅល្ងាចថ្ងៃទី១៦ វិច្ឆិកា ថា តុលាការអនុវត្តខុសទីតាំងដីហើយ ដីទាំងនោះរាជរដ្ឋាភិបាលបាននិរាករណ៍ប័ណ្ណអស់ទៅហើយ តាំងពីឆ្នាំ២០១៨មកម្លេះ ។ លោកស្រីលើកឡើងបន្តថា ដីលោក ប៉ុន សារឿន គឺពីផ្លូវរថភ្លើង មានទំហំ៥ហិកតា ហើយដីរបស់ប្រជាពលរដ្ឋជាមួយលោកស្រី មានតែ២ហិកតាកន្លះទេ ។  លោកស្រីបន្ថែមថា លោកស្រីនឹងដាក់ពាក្យប្ដឹងបន្តពីការ អនុវត្តខុសទីតាំងចំលើដីលោកស្រីយ៉ាងដូច្នេះ ។

     

    ចំណែកលោក ប៉ុន សារឿន ភាគីទំនាស់បានប្ដឹងទៅតុលាការ ប្រាប់ថា «ខ្ញុំមិនស្គាល់និងមិនដែលឮមានឈ្មោះតំបន់ អូរខ្សាច់នោះទេគ្មានឈ្មោះនេះនៅក្នុងដែនដីអាជ្ញាធរដឹងឮនោះទេ ។ ពាក់ព័ន្ធឯកសារកុំមកសួរខ្ញុំអីទៅសួរតុលាការទៅ ព្រោះដាក់ពាក្យបណ្ដឹងយូរមកហើយ តាំងពីឆ្នាំ២០១៨ កុំចេះតែដើរចង្អុល ខ្ញុំទិញមានឯកសារប័ណ្ណត្រឹមត្រូវ អត់មានទៅរំលោភនរណានោះទេ យើងមិនដែលយករបស់ យើងមិនដែលភ័យខ្លាចនោះទេ» ។

     

    បើតាមប្រភពព័ត៌មានទាក់ទងនឹងរឿងខាងលើ អាចនឹងមានការផ្ទុះនៅពេលខាងមុខបន្ទាប់ពីពត៌មានជ្រាបដល់ថ្នាក់ដឹកនាំកំពូល ពីភាពមិនប្រក្រតីនេះ ។

     

    គួររំឭកសារជាថ្មីថា សាលដីកា ដែលអាជ្ញាសាលា នៃសាលាដំបូងខែត្រព្រះសីហនុនឹងអនុវត្តនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់ជម្រាបមកលោកប្រធានសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដោយស្នើសុំអន្តរាគមន៍ទៅសាលាដំបូងឱ្យផ្អាកការអនុវត្តសាលដីកាលេខ ៤៥៨(ន) ចុះថ្ងៃទី០១-០៩-២០១៤ ខាងលើ របស់តុលាការកំពូល ដែលយោងលិខិតលេខ ០៦៤ រស.គ១ ចុះថ្ងៃទី០៨-០៥-២០១៨ របស់រដ្ឋសភាជាតិ ៕ យោងការចុះផ្សាយដែលផ្ដល់សិទ្ធិដោយVD7