ជំនន់ទឹកស្ទឹងព្រែកត្នោតនៅខាងលើធូរស្រាលតែភ្លៀងច្រើនថ្មីជិតមកដល់ទៀតហើយ

0
475

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈទឹកស្ទឹងព្រែកត្នោត នៅទ្វារទឹក រលាំងជ្រៃ បានស្រកផុតកម្ពស់ត្រូវរក្សាទុកហើយគឺបានន័យថា ជំនន់ ស្ទឹងព្រែកត្នោត នៅភាគខាងលើបានធូរស្រាលច្រើនតែក៍ដល់ពេលភ្លៀងធ្លាក់ច្រើនជាថ្មីក៍បានមកដល់ដែរ បន្ទា ប់ពីសម្ពាធទាបនៅលើប្រទេសកម្ពុជាបានបង្កើនឥទ្ធិពលទៅជាសម្ពាធទាបសកម្មនៅចុង នៃប្រព័ន្ធសម្ពាធទាប ហើយរំកឹលចូលទៅក្នុងសមុទ្រចិនខាងត្បូងនៅខាងកើតឆ្នេរប្រទេសវៀតណាមក្នុងពេលវិសម្ពាធ (TD ) មិន បានក្លាយទៅជាព្យុះ និងដើរមកកាន់តែកៀកនឹងឆ្នេរក្រោមភាគកណ្តាលប្រទេសវៀតណាម។ នៅថ្ងៃទី១៦ ខែតុលា នេះភ្លៀងបានធ្លាក់រហូតដល់កម្រិត១៤៣មីលីម៉ែត្រក្នុងរយៈពេលខ្លីលើនៅ ក្រុងព្រះសីហនុ។

លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះថា ស្ថានភាព ទឹកស្ទឹងព្រែកត្នោត នៅក្នុង ខេត្តកំពង់ស្ពឺ បានធូរស្រាលច្រើនហើយដោយនៅ ក្រុងច្បារមន ទឹកបានស្រកចុះ ជិតមួយម៉ែត្រកន្លែងដែលមានលិចលង់ទឹកបានស្រកទៅវិញអស់ហើយនៅពេលពីរបីថ្ងៃមកនេះនៅតំបន់ផ្ទៃរងទឹកភ្លៀង ស្ទឹងព្រែកត្នោត មិនមានភ្លៀងធ្លាក់មកច្រើនទេ។

មន្ត្រីប្រចាំការនៅទំនប់៧មករា (ផ្លូវជាតិលេខ៣) បានប្រាប់ឱ្យដឹងថា រសៀលមកដល់ត្រឹមម៉ោង១៥ ថ្ងៃនេះគឺ ថ្ងៃទី១៦ ខែតុលា នៅទ្វារទឹក៧កមរា ទឹកបានស្រកចុះ០.០៨ម៉ែត្រ គិតចាប់តាំងពីពេលព្រឹកមកដល់ពេលនេះ។

នៅរសៀលថ្ងៃទី១៦ ខែតុលា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹកនិងឧតុនិយម ដែលប្រចាំការ ការពារ ទំនប់សណ្តរ ស្ទឹងព្រែកត្នោត ជាច្រើនថ្ងៃមកហើយបានអញ្ជើញរួមដំណើរជាមួយ អភិបាល ខេត្តក ណ្តាល ចុះត្រួតពិនិត្យរកផ្លូវរំដោះទឹកឱ្យស្រកបានលឿននៅប៉ែកខាងត្បូង ក្រុងតាខ្មៅ។

ចំណែកលោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានលើកឡើងនៅថ្ងៃទី១៦ ខែតុលា នេះថា ភ្លៀងដែល បានធ្លាក់ដល់កម្រិត១៤៣មីលីម៉ែត្រចាប់តាំងពីព្រឹកមកដល់រសៀលថ្ងៃនេះបានបង្កឱ្យមានការលិចលង់តំបន់ មួយចំនួននៅ ក្រុងព្រះសីហនុ និង ស្រុកព្រៃនប់។ តែទឹកបានស្រកទៅវិញលឿនបន្ទាប់ពីភ្លៀងចុះខ្សោយបន្តិ ចមក។

ចំពោះលោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានបញ្ជាក់ថា ភ្លៀងធ្លាក់ច្រើនក្នុងរយៈពេលខ្លីបានធ្វើឱ្យមានការជន់លិចតំបន់ទំនាប
មួយចំនួននៅ ក្រុងព្រះសីហនុ និង ស្រុកព្រៃនប់ តែលំហូរទឹកបានស្រកចុះលឿន។ នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ស្ថានភាព ទឹកស្ទឹង ព្រែកត្នោ នៅភាគខាងលើក្នុង ខេត្តកំពង់ស្ពឺ បានធូរស្រាលច្រើនហើយនៅថ្ងៃទី១៦ ខែតុលា ដូចជានៅអាងទឹកតាសាល ទ្វារទឹកត្រូវបានបិទរក្សាទឹកទុកមានទឹកហូរលើទំនប់បង្ហៀរនៅ ពាមឃ្លៃ ទឹកមានកម្ពស់៦ម៉ែត្រ
ទាបជាងថ្ងៃទី១៥ ខែតុលា ១.៤៥ម៉ែត្រ, នៅទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់៦.៨៨ម៉ែត្រ ទាបជាងថ្ងៃទី១៥ ខែតុលា ០.៨០ម៉ែត្រ (កម្ពស់ទឹករក្សាទុក៧ម៉ែត្រ) ក៍បានទម្លាក់ទ្វារចុះដែរ។

អ្នកនាំពាក្យក្រសួងថា សម្ពាធទាបមួយនៅខាងចុង នៃប្រព័ន្ធសម្ពាធទាប ដែលស្ថិតនៅលើប្រទេសកម្ពុជា បានបង្កើនឥទ្ធិពលទៅជាសម្ពាធទាបសកម្ម ( ACTIVE LOW ) ហើយរំកឹលចូលទៅក្នុងសមុទ្រចិនខាងត្បូង នៅខាងកើតឆ្នេរប្រទេសវៀតណាម ធ្វើឱ្យផ្ទៃមេឃមានសភាពអាប់អួរ និងមានភ្លៀងរលឹមធ្លាក់រាយប៉ាយច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។

រីឯវិសម្ពាធដែលកំពុងមានចលនានៅក្នុងសមុទ្រចិនខាងត្បូងត្រូវបានអ្នកនាំពាក្យបង្ហាញថាវាមិនបានវិវត្តទៅជាព្យុះទេ គឺនៅក្នុងកម្រិតជាវិសម្ពាធដើរមករកឆ្នេរខាងក្រោមភាគកណ្តាលប្រទេសវៀតណាម រួចនឹងរំកឹលឡើង ទៅរក ឈូងសមុទ្រតុងកឹង ដោយបាននាំទៅជាមួយនូវ សម្ពាធទាបសកម្ម និងប្រព័ន្ធសម្ពាធទាប ដែលនៅពី លើប្រទេសកម្ពុជាច្រើនថ្ងៃមកហើយទៅជាមួយផងដែរ។

លោក ចាន់ យុត្ថា បានឱ្យដឹងទៀតថា ស្ថានភាពដូចខាងលើបានធ្វើឱ្យនៅថ្ងៃទី១៦ ខែតុលា មានសភាពអាប់អួរ និងមានភ្លៀងរលឹមធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមបង្គួរនៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។ នៅថ្ងៃទី១៧ និងទី១៨ ខែតុលា មានភ្លៀងធ្លាក់ច្រើននៅ តំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើងតំបន់ទំនាបកណ្តា លភាគពាយព្យ និងតំបន់មាត់សមុទ្រ។ ស្ថានភាពអាកាសធាតុដូចខាងលើនេះធ្វើឱ្យទឹកទន្លេងើបឡើងបន្ត ថែមទៀត។

ចំពោះស្ថាភាពទឹកទន្លេវិញ បើយោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បង្ហាញឱ្យឃើ ញថា នៅស្ទឹងត្រែង ទឹកមានកម្ពស់៧.៤៨ម៉ែត្រ ទាបជាងថ្ងៃទី១៥ ខែតុលា ០.១២២ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ១.៣៩ម៉ែត្រ។ នៅ ខេត្តក្រចេះ ទឹកមានកម្ពស់ ១៧.២៨ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែតុលា ០.១០ម៉ែត្រខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ២.០៤ម៉ែត្រ។ នៅ ខេត្តកំពង់ចាម ទឹកមានកម្ពស់១១.១៣ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែតុលា ០.២៦ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០.០៥ម៉ែត្រ។ នៅ ចតុម្មុខ ទឹកមានកម្ពស់៦.៧៦ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែតុលា ០.២០ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ២,០៤ម៉ែត្រ។ នៅ បឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់៤.៥១ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែតុលា ០.១៥ម៉ែត្រ៕