ក្រសួងធនធានទឹកចាត់នាយករងខុទ្ទកាល័យចុះសួរសុខទុក្ខកងទ័ពការពារដែនសមុទ្រ

0
166

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម ចាត់នាយករងខុទ្ទកាល័យ របស់លោកចុះសួរសុខទុក្ខ នាយ ទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយនឹងក្រសួងនាឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌធំកាន់តែខិតជិតមកដល់។

លោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិ យម រួមដំណើរជាមួយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ និងមន្ត្រីមួយចំនួនទៀត។ នាយករងខុទ្ទកាល័យ ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា នេះថា ក្រុមការងាក្រសួងបានចុះទៅសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ជាង១.០០០នាក់នៅ បញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយនឹង ក្រសួងធនធានទឹកនិងឧតុនិយម។ នៅ
រាល់ពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំ លោករដ្ឋមន្ត្រីមិនដែលភ្លេចកងទ័ពដែលជា សម្ព័ន្ធមេត្រីភាព ជាមួយនឹង ក្រសួងនេះទេ។ ក្នុងករណីលោកជាប់រវល់ មិនអាចទៅបានគឺចាត់មន្ត្រីជាតំណាងជំនួសមិនដែលខកខាន នោះឡើយ។

ក្នុងឱកាសនោះលោក ជា សុខនី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនកងទ័ព ពីសំណាក់លោករដ្ឋមន្ត្រី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារ និងថវិកា ដើម្បីជួយលើកកម្ពស់ជីវភាព របស់ កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗនៅក្នុង បញ្ជាការដ្ឋាន ក្នុងន័យ សម្តែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាព របស់ប្រជាពលរដ្ឋក៍ដូចជា ជាតិមាតុភូមិ កម្ពុជានៃយើង។

នាយករងខុទ្ទកាល័យ បញ្ជាក់ទៀតថា នៅក្នុងឱកាសពិធី កាន់បិណ្ឌនិងភ្ជុំបិណ្ឌ នេះលោករដ្ឋមន្រ្តី បានឧបត្ថម្ភ ជាថវិកាដល់ នាយទាហាន នាយទាហានរង និង ពលទាហាន គ្រប់រូបនៅ បញ្ជាការដ្ឋានការពារកោះឆ្នេរ និង បណ្តាកងពលផ្សេងៗទៀតដែលបាន ចងសម្ព័ន្ធមេត្រីភាព នឹងក្រសួងធនធានទឹកនិងឧតុនិយម រួមមាននៅ បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន១.៤៣២នាក់, កងវរសេនាតូចលេខ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការ សឹករង ខេត្តព្រះវិហារ ចំនួន១១២នាក់, កងវរសេនាតូចលេខ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ ចំនួន១៨៦នាក់ និងកងវរសេនាតូចលេខ១ និងលេខ២ ចំណុះតំបន់ប្រតិបត្តិការសឹករង ខេត្ត ឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែន ទិសប្រាសាទតាក្របី ចំនួន២៦០នាក់៕