ពលរដ្ឋក្រក្រីរងគ្រោះដីធ្លីប្ដឹងសុំការទប់ស្កាត់រាប់ភ្លេចប៉ុន្តែរដ្ឋបាលខែត្រព្រះសីហនុហាក់មិនសូវអើពើ

0
860

ដោយៈ តិល សាមុត

ខែត្រព្រះសីហនុៈ ប្រជាពលរដ្ឋក្រក្រីរងគ្រោះបញ្ហាដីធ្លី «អូរដំរី» ត្អូញត្អែរដោយលើកឡើងថា រដ្ឋបាល ខែត្រ ព្រះសីហនុ ហាក់ពុំសូវអើពើទប់ស្កាត់ រារាំង ឬចាត់វិធានការ រដ្ឋបាលចំពោះគូភាគីទំនាស់ដីធ្លីម្ខាងទៀតដែល មានលុយបានបំពារបំពានរំលោភច្បាប់ជាច្រើនលើកច្រើនសារ មកលើភាគីប្រជាពលរដ្ឋរងគ្រោះដីធ្លីទន់ ខ្សោយក្រក្រីឡើយខណៈទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាង ប្រជាពលរដ្ឋក្រក្រី និងក្រុមអ្នកមានលុយ ដែលរឿងចម្រូង ចម្រះនេះកំពុងដំណើរការក្ដីក្ដាំនៅ ប្រព័ន្ធតុលាការយ៉ាងណាក៍ដោយនោះ។

នេះយោងតាមការឱ្យដឹងពីតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លី «អូរដំរី» ដែលមានប្រជាពលរដ្ឋ១៤៩គ្រួសារ កាលពីពេលថ្មីៗកន្លងទៅតាមប្រព័ន្ធតេឡេក្រាម។

ប្រជាពលរដ្ឋរងគ្រោះដីធ្លី «អូរដំរី» រស់នៅក្នុង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ មានចំនួន ១៤៩គ្រួសារ ខ្លះបានមកតាំងទីលំនៅតាំងពី ឆ្នាំ១៩៨៩ គ្រួសារខ្លះបានទិញដីតពីគេកកើតជាក្រុម ជាសហគមន៍ រស់នៅយ៉ាងសុខសាន្តដោយមានអាជ្ញាធរមូលដ្ឋានភូមិឃុំ ស្រុកស្ទឹងហាវ ទទួលស្គាល់ ដឹងឮ ផ្ដល់ជាឯកសារ ផ្លូវការច្រើនប្រភេទដល់ពួកគាត់។ ជាពិសេសពួកគាត់មានក្រុមបក្ស មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅ ស្រុក ស្ទឹងហាវ ខែត្រព្រះសីហនុ នៅក្នុង ឆ្នាំ២០០២ នេះយោងតាមការបញ្ជាក់របស់ មេភូមិ៤ លោក ហ៊ូ សុផាត កាលពីដើម ឆ្នាំ២០១៨។

ក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងតែរស់នៅដោយសុខក្សេមក្សាន្តមាន ផ្ទះសំបែង ច្បារដំណាំ តាំងពីទសវត្សរ៍ ឆ្នាំ១៩៩០ ស្រាប់តែមកដល់ ឆ្នាំ២០១០ ចាប់ផ្ដើមមានទំនាស់ដីធ្លី ដែលបង្កឡើងដោយភាគីលោក ប៉ុន សារឿន តំណាងឱ្យលោក លី ហុងស៊ីន និងបន្តបន្ទាប់មកជាមួយលោកស្រី ហ៊ឹម សុវណ្ណរី និង បក្ខពួក រហូតឈានដល់ មានការលួចដុតកម្ទេចគេហដ្ឋានប្រជាពលរដ្ឋ ឈួសឆាយដើមឈើ ដំណាំផ្សេងៗ ដើម្បីបំបាត់តឹកតាងដល់ បាតតាមមធ្យោបាយទុច្ចរិតក្នុងរូបភាពផ្សេងៗតាមតែអំពើចិត្តពួកគេចង់បាន និងបំពារបំពានច្បាប់រហូតមក ដល់ពេលបច្ចុប្បន្ននេះ។

ទាក់ទងនឹងការលើកឡើងពី តំណាងប្រជាពលរដ្ឋខាងលើលោក ឃាង ភីរម្យ អ្នកនាំពាក្យសាលា ខែត្រព្រះ សីហនុ មានប្រសាសន៍ដោយខ្លីតាមប្រព័ន្ធ តេឡេក្រាម កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ថា «ករណីដីធ្លី នៅតំបន់ អូរដំរី ទំនាស់ភាគច្រើននៅក្នុងនីតិវិធីតុលាការ។ ខ្ញុំនឹងសួរបញ្ជាក់ទៅជំនាញពាក់ព័ន្ធបន្ថែមចំពោះ ការយឺតយ៉ាវក្នុងការឆ្លើយតប»។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ ធ្លាប់មានប្រសាសន៍នៅក្នុង កិច្ចប្រជុំមួយរវាងភាគីទាំងពីរជាមួយ អង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងស្ថាប័នពាក់ព័ន្ធថា «ទាក់ទងនឹងទំនាស់ដីធ្លីមិនអនុញ្ញាតឱ្យភាគីណាមួយធ្វើសកម្មភាពអ្វីឡើយនៅទីតាំងមានទំនាស់ ខណ:វិវាទ នោះកំពុងដោះស្រាយតាមប្រព័ន្ធតុលាការ»។

តែផ្ទុយទៅវិញ ប្រសាសន៍របស់ លោកអភិបាលខែត្រ ហាក់ពុំមានប្រសិទ្ធភាព ធ្វើឱ្យប្រជាពលរដ្ឋអស់សង្ឃឹម ពីព្រោះភាគីទំនាស់ខាងលោកស្រី ហ៊ឹម សុវណ្ណរី ប្រព្រឹត្តបំពានច្បាប់ម្ដងហើយម្ដងទៀត ជាច្រើនលើកច្រើន សារតែគ្មានឃើញមានចំណាត់ការរដ្ឋបាលរបស់សាលា ខែត្រព្រះសីហនុ សោះឡើយ។

ដោយហេតុនេះហើយទើបធ្វើឱ្យលោក ម៉ន ស៊ីណា តំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លី «អូរដំរី» ១៤៩គ្រួសារ ត្អូញត្អែរនិងលើកឡើងតាម ប្រព័ន្ធតេឡេក្រាម ក្នុងក្រុមព័ត៌មានមហាជនថា លោកបានដាក់ពាក្យបណ្ដឹង ទប់ស្កាត់ទៅរដ្ឋបាល ខែត្រព្រះសីហនុ ជាច្រើនលើកច្រើនសាររាប់ភ្លេចពេលគូភាគីទំនាស់ដីធ្លីម្ខាងទៀត បំពារបំពានរំលោភច្បាប់តែពុំសូវឃើញមានចំណាត់ការរដ្ឋបាលពីសាលា ខែត្រព្រះសីហនុ សោះឡើយ។ ប៉ុន្តែលោកនៅតែមានជំនឿលើរដ្ឋបាល ខែត្រព្រះសីហនុ ថានឹងមិនឈរឱបដៃមើលរហូតនោះទេ និងលោក សូមថ្លែងអំណរគុណដល់សមត្ថកិច្ច ស្រុកស្ទឹងហាវ ដែលតែងតែយកចិត្តទុកដាក់ចុះអន្តរាគមន៍ជាញឹកញាប់ បើទោះជាមានការរារាំងពីក្រុមកាងនៃភាគីម្ខាងទៀតក៍ដោយ។

ទោះជាយ៉ាងនេះក្ដី មន្រ្តីអង្គការសង្គមស៊ីវិល លោក សុខ សុខុម ប្រធានអង្គការស៊ីអិនរ៉ូ (CNRO) ប្រចាំ ខែត្រ ព្រះសីហនុ ធ្លាប់លើកឡើងថា អភិបាល ខែត្រព្រះសីហនុ បច្ចុប្បន្ន បានប្រជុំរកដំណោះស្រាយរឿងនេះម្ដងរួច ហើយមែនជាមួយប្រជាពលរដ្ឋមានទំនាស់ និងអង្គការសង្គមស៊ីវិល ហេតុដូច្នេះលោកនៅតែមានសុទិដ្ឋិនិយម ថា «សាលា ខែត្រព្រះសីហនុ នៅតែមានជំហរដោះស្រាយបញ្ហាវិវាទដីធ្លីខាងលើជូន ប្រជាពលរដ្ឋ ក៍ប៉ុន្តែ គ្រាន់តែមានភាពយឺតយ៉ាវប៉ុណ្ណោះព្រោះសាលាខែត្រកំពុងមមាញឹកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវ ប្រព័ន្ធលូជាដើម។ល។ »។

លោក សុខ សុខុម សំណូមពរដល់រដ្ឋបាល ខែត្រព្រះសីហនុ ថា «គួរតែបើកការស៊ើបអង្កេតមួយលើករណី នេះក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើការដោះស្រាយ របស់អាជ្ញាធរ មានសមត្ថកិច្ចកុំឱ្យពួកគាត់រង់ចាំ ហើយពុំមានលទ្ធផលគឺធ្វើពួកគាឱ្យត់អស់សង្ឃឹមទៅវិញ…ៗ»។

ទន្ទឹមនឹងនេះដែរលោក ស្រេង វ៉ាន់លី អ្នកសម្របសម្រួល អង្គការលីកាដូ ប្រចាំ ខែត្រព្រះសីហនុ ដែលតែងតែ តាមឃ្លាំមើលសកម្មភាព និងការអនុវត្តច្បាប់មានប្រសាសន៍ថា ភាគីខាងប្រជាពលរដ្ឋតែងតែគោរពតាមការ ណែនាំ និងបទបញ្ជារបស់អាជ្ញាធរមូលដ្ឋានឱ្យរង់ចាំដំណោះស្រាយតាមនីតិវិធីសិន។ ប៉ុន្តែទន្ទឹមនឹងគ្នាហ្នឹងភាគី ម្ខាងទៀតទំនងជាអាង មានខ្សែ មានខ្នង ដែលពួកគេគិតថា អាចជួយពួកគាត់បានហើយ បានជាពួកគេហ៊ានបំ ពានបទបញ្ជាមិនគោរពតាមណែនាំរបស់រដ្ឋបាលខែត្រឡើយ។ លោក វ៉ាន់លី​ សំណូមពរទៅរដ្ឋបាល ខែត្រព្រះ សីហនុ សូមមេត្តាពិនិត្យស្រាវជ្រាវបន្ថែមទៀតដើម្បីសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការក៍ថាបាន និងស្នើសុំប្រព័ន្ធតុលាការជួយពន្លឿននីតិវិធីដោះស្រាយបញ្ហាវិវាទដីធ្លីនេះបានឱ្យឆាប់ចប់តាមដែលអាចធ្វើទៅបាន។

លោក ណន ប៊ុនធឿន ប្រជាពលរដ្ឋរងគ្រោះដីធ្លីម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ១៤៩គ្រួសារត្អូញត្អែរថា បក្ខពួក ឬកូនចៅលោកស្រី ហ៊ឹម សុវណ្ណរី​ មានឈ្មោះ ណុម សុខុម, ង៉ែត ចន្ធូ និង ខេង សុខុម ដែលជាក្រុមខិលខូច មួយក្ដាប់តូចតែងតែនាំ ក្រុមអនាធិបតេយ្យ មកបង្កភាពចលាចល អុកឡុក គំរាមកំហែងបង្កើតអសន្តិសុខម្ដង ហើយម្ដងទៀតជាញឹកញាប់ដើម្បីធ្វើប្រជាពលរដ្ឋភ័យខ្លាចរត់ចេញពីដីទីតាំងកំពុងមានទំនាស់។

លោកបន្តថា តាមការពិតទៅពួកក្រុមខិលខូចមួយក្ដាប់តូចហ្នឹងពុំមានដីនៅទីនេះទេ។  ប៉ុន្តែពួកគេមកបំពារបំ ពានយកជាផលប្រយោជន៍សម្បត្តិរបស់ខ្លួន។ លោក ប៊ុនធឿន បានសំណូមពរដល់ប្រមុខ រាជរដ្ឋាភិបាល ក៍ដូចជាអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ច សូមមេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហារ៉ាំរ៉ៃនេះផង។

ស្រដៀងគ្នាការលើកឡើងរបស់លោក ណន ប៊ុនធឿន លោកស្រី ម៉ី ឌីនណាត្យា ដែលគេស្គាល់ថា ជាអ្នកមាន ដីនៅតំបន់អូរដំរីនោះដែរធ្លាប់បានផ្ដល់បទសម្ភាសន៍ឱ្យ ភ្នាក់ងារទូរទស្សន៍បាយ័ន ប្រចាំ ខែត្រព្រះសីហនុ ថា លោកស្រី ហ៊ឹម សុវណ្ណរី ជាអ្នកដែលលោកស្រី ម៉ី ឌីនណាត្យា ពឹងពាក់រត់ការឱ្យដោះស្រាយដីមានទំនាស់នៅ តំបន់ អូរដំរី ខាងលើតាមរយៈលោក តាក់ វណ្ណថា អតីត ស្នងការនគរបាល ខែត្រព្រះសីហនុ។

លោកស្រី ម៉ី ឌីនណាត្យា បន្តថា តាមការពិតលោកស្រីមិនជឿទុកចិត្តលើលោកស្រី ហ៊ឹម សុវណ្ណរី នោះទេពី ព្រោះគ្រូទាយបានប្រាប់ថា លោកស្រី ហ៊ឹម សុវណ្ណរី មិនមែនជាមនុស្សល្អអាចទុកចិត្តបានទេទីបំផុតលោកស្រី ហ៊ឹម សុវណ្ណរី បានដាក់ថ្នាំសន្លប់ដល់លោកស្រី ម៉ី ឌីនណាត្យា ឱ្យសន្លប់អស់រយៈពេលជាង១ម៉ោងហើយមិន ដឹងថា លោកស្រី ហ៊ឹម សុវណ្ណរី ចាប់មេដៃគាត់ផ្ដិតលើឯកសារអ្វីខ្លះនោះទេ។ ​លោកស្រី ម៉ី ឌីនណាត្យា បានប ញ្ជាក់យ៉ាងដូច្នេះ។

ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីនេះភាគីខាងលោកស្រី ហ៊ឹម សុវណ្ណរី មិនដែលអាចសុំការបញ្ជាក់ឬបំភ្លឺបានទេបើ ទោះជា ក្រុមអ្នកសារព័ត៌មាន ព្យាយាមចុះទៅសុំជួបផ្ទាល់ ឬតាមទូរស័ព្ទក៍ដោយ។ កាលពីរសៀលថ្ងៃទី២៨ សីហា ២០២០ លោកស្រី សួន គឹមហេង ម្ចាស់លេខទូរស័ព្ទ ០១៧ ៨៥៦ ០២៥ ដែលបក្ខពួកភាគីលោកស្រី ហ៊ឹម សុវណ្ណរី បានផ្ដល់នាមប័ណ្ណឱ្យអ្នកសារព័ត៌មាននិងអះអាងថា នេះជាមេធាវីរបស់ពួកគេ។ ប៉ុន្តែពេលទូរ ស័ព្ទទៅសុំការអធិប្បាយបញ្ជាក់ថា សំអាងលើអ្វីបានជាភាគីលោកស្រី ហ៊ឹម សុវណ្ណរី ចេះតែបំពានច្បាប់យ៉ាង ដូច្នេះ? ចុងក្រោយលោកស្រីម្ចាស់លេខទូរស័ព្ទខាងលើឆ្លើយដូចជាមិនដឹងរឿងអ្វីសោះ។

គួររំឭកថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ គេបានឃើញលោក ម៉ាង ស៊ីណេត អភិបាលរង ខែត្រព្រះ សីហនុ ដឹកនាំកម្លាំងចុះពិនិត្យមើលទិដ្ឋភាពរំលោភបំពានច្បាប់ជាក់ស្ដែងរបស់បក្ខពួក ឬកូនចៅលោកស្រី ហ៊ឹម សុវណ្ណរី ភ្លាមៗម្ដងដែរជាពិសេសសមត្ថកិច្ចមូលដ្ឋាននៃ ស្រុកស្ទឹងហាវ តែងតែមកជួយអន្តរាគមន៍ជាញឹកញាប់ ផងដែរ។ ក៍ប៉ុន្តែក្រុមមេខ្លោង នៃបក្ខពួកភាគីរំលោភបំពានច្បាប់មានលោក ណុប សុខុម លោក ខេង សុខុម លោក សៀង សុង លោក ង៉ែត ចន្ធូ លោក សុខ ឌីណា និងប្រពន្ធ ដែលតែងតែរារាំងសមត្ថកិច្ច មូលដ្ឋាន ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ពេលចុះប្រតិបត្តិការហាមឃាត់សកម្មភាពបំពារបំពានច្បាប់របស់ពួកគេជា ច្រើនលើកនោះរហូតមកដល់ថ្ងៃចេញផ្សាយនេះមិនទាន់ឃើញមានអ្នកណាម្នាក់ទទួលនូវវិធានការ រដ្ឋបាល របស់សាលា ខែត្រព្រះសីហនុ នៅឡើយទេ៕