ឆ្នាំនេះរដូវវស្សានឹងចូលមកដល់លឿនហើយមានព្យុះយ៉ាងតិចពី២៤ទៅ២៦ព្យុះ

0
274

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ សាធារណជនឲ្យបានជ្រាប អំពីការព្យាករ​ណ៍អាកាសធាតុលើកទី២សម្រាប់ ឆ្នាំ២០២០ បន្ទាប់ពីបាន ធ្វើការតាមដានការវិវត្តន៍ស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់ ជាលក្ខណៈសកលនិងតំបន់ឃើញថា ឆ្នាំនេះរដូវវស្សានឹងចូលមកដល់លឿនហើយមានព្យុះ យ៉ាងតិចពី២៤ទៅ២៦ព្យុះ។ សេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុ ទាំងនេះធ្វើឡើងនៅព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

ដើម្បីឱ្យកាន់តែជ្រាប់ច្បាស់ និងស៊ីជម្រៅ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងពិតរបស់ ក្រសួងធនធានទឹក បានធ្វើការព្យាករណ៍អាកាសធាតុនៅកម្ពុជា ៖
១- បាតុភូតសកល ៖ ផ្អែកទៅលើស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរខ្សែអេក្វាទ័រ បានបង្ហាញ ឲ្យឃើញថា ក្នុង ឆ្នាំ២០២០ នេះ ព្រះរាជាណាចក្រកម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូត (Neutral) ដែលជា បាតុភូតអន្តរកាលចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់)។ ចាប់ពី ខែមេសា រហូតដល់ ខែតុលា ឆ្នាំ២០២០ (រយៈពេល៦ខែ) បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើអាកាសធាតុ ព្រះរាជាណា ចក្រកម្ពុជា មានបាតុភូត Neutral មាន៦០ភាគរយ បាតុភូត El Nino មាន១០ភាគរយ និងបាតុភូត La Nina
មាន៣០ភាគរយនៅក្នុង ខែតុលា។

២- រដូវវស្សា ឆ្នាំ២០២០ ៖ ក- ដើមរដូវវស្សាៈ រដូវវស្សា ឆ្នាំ២០២០ នឹងចូលមកដល់លឿនជាង ឆ្នាំ២០១៩ ដែលជាប្រក្រតីភាពរដូវវស្សាតែងចាប់ផ្តើមនៅពាក់កណ្តាល ខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យម ទៅបង្គួរដែលស្មើ ឬលើមធ្យមភាគច្រើនឆ្នាំ។ បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចបន្តកើតមានច្រើន នៅក្នុង ខែឧសភា និង ខែមិថុនា។ ខ- ពាក់កណ្តាលរដូវវស្សា៖ នៅក្នុង ខែសីហា និង ខែកញ្ញា ភ្លៀងនឹងអាច ធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេសជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើនក្នុងនោះក៍នឹងអាច
បណ្តាលឲ្យខេត្តមួយចំនួនដែលមានភូមិសាស្រ្តនៅ ទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងតំបន់ជាប់ នឹងផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ។

គ- ចុងរដូវវស្សា ៖ បណ្តាខេត្តនៅតំបន់ខ្ពង់រាបៈ រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី២នៃ ខែវិច្ឆិកា ជា មួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម។ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រៈ រដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៣នៃ ខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅបង្គួរ។

៣- កូនរដូវប្រាំង៖ កូនរដូវប្រាំង អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២នៃ ខែកក្កដា រហូតដល់ដំណាច់ ខែកក្កដា ឆ្នាំ២០២០។
៤- ស្ថានភាពព្យុះ៖ នៅក្នុង ឆ្នាំ២០២០ នេះអាចនឹងមានព្យុះកើតឡើងប្រមាណពី២៤-២៦ព្យុះ នៅក្នុងមហា សមុទ្រប៉ាស៊ីហ្វិក និងពី៤-៥ព្យុះ ដែលកើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។

យោងលើស្ថានភាពអាកាសធាតុដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនឱ្យបានជ្រាបជាព័ត៌មាន៕