ដោយៈ បាយ៉ង់ថែមស៍
សង្ក្រាន្ត វចនានុក្រមខ្មែរពន្យល់ថា ដំណើរឃ្លាតចាកទី, ការឈានចូលមកដល់, ដំណើរដែលព្រះអាទិត្យចរ ចូលដល់ទីជួបមួយជុំនៃ រាសីចក្រ គឺដំណើរដែលដើមនិងចុងនៃ រាសីចក្រជួបគ្នាពេញគ្រប់ជាមួយឆ្នាំ (ដំណើរ ដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី) ពិធីចូលឆ្នាំ។ សង្ក្រាន្តមាន៣ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ ថ្ងៃទី២ ជាពារកណ្ដាលឫហៅថា វ័នបត (ថ្ងៃខ្វាក់) ថ្ងៃទី៣ ជាថ្ងៃឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង។ ក្នុងករណីឆ្នាំខ្លះចំនួនថ្ងៃមិនគ្រប់ (ឧន) អាចមាន វ័នបត ពីរទៅជាបួនថ្ងៃ។
សង្ក្រាន្ត គឺទំនៀមដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីនេះ មានមកតាំងពីបុរាណកាលយូរមកហើយ តែមកក្នុងសម័យមួយ មានអ្នកប្រាជ្ញម្នាក់មិនប្រាកដឈ្មោះ បានរៀបរៀងជានិទានហៅថា សង្ក្រាន្តសូត្រ ប្រកបឡើងផង។ ក្នុងទីនេះ សូមនាំមកសម្ដែងដោយសង្ខេបដូចមានតទៅនេះ: ក្នុងកាលដើមនៃភទ្ទកប្បនេះមានបុរសម្នាក់ឈ្មោះ ធម្មបាល ជាបុត្រសេដ្ឋីជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀនចេះចប់ត្រៃវេទតាំងពីអាយុបាន៧ឆ្នាំ។ សេដ្ឋីបិតា បានសាង ប្រាសាទឱ្យ នៅទៀបដើមជ្រៃមួយធំនៅឆ្នេរទន្លេ ដែលជាទីនៅនៃបក្សីទាំងឡាយ។ ធម្មបាលកុមារនោះបានចេះ ទាំងភាសាបក្សីពួងផង ហើយបានជាអាចារ្យសម្ដែងមង្គលផ្សេងៗដល់មនុស្សទាំងពួង។ កាលនោះមនុស្ស លោក រមែងរាប់អាន ព្រះមហាព្រហ្ម និងកបិលមហាព្រហ្ម ១អង្គទៀតថា ជាអ្នកសម្ដែងដល់មនុស្សទាំងពួង។
កាល កបិលមហាព្រហ្ម ជ្រាបព័ត៌មាននោះក៍ចុះមកសួរបញ្ហានឹង ធម្មបាលកុមារ ៣.ខដោយសន្យាទុកថា បើ ដោះប្រស្នាបាននឹងកាត់ក្បាលបូជា ធម្មបាលកុមារ បើដោះមិនបាននឹងកាត់ក្បាល ធម្មបាលកុមារ វិញ។ ធម្មបាលកុមារ សុំឱ្យបង្អង់៧ថ្ងៃសិនដើម្បីគិតប្រស្នាលុះវេលាកន្លងទៅ៦ថ្ងៃហើយក៍គិតប្រស្នានោះមិនឃើញ ដឹងខ្លួនថា ព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញា កបិលមហាព្រហ្ម ប្រាកដហើយ។ ដូច្នេះគួរអញរត់ទៅពួនលាក់ ខ្លួនឱ្យស្លាប់បង់ដោយខ្លួនឯងប្រសើរជាង ទើបចុះអំពី ប្រាសាទ ទៅដេកពួននៅក្រោមដើមត្នោតមួយគូ។ ដើម ត្នោតនោះ សត្វឥន្ទ្រីញីឈ្មោល ធ្វើសម្បុកអាស្រ័យនៅ។ វេលាយប់ ឥន្ទ្រីញី សួរ ឥន្ទ្រីឈ្មោលថា ព្រឹកនេះ យើងបានអាហារពីណាស៊ី ? (តែក្បួនខ្លះថា កូនឥន្ទ្រីសួរ មេវ ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹង បានស៊ីសាច់ ធម្មបាលកុមារ ដែលត្រូវ កបិលមហាព្រហ្ម សម្លាប់ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញី សួរថា ប្រស្នានោះដូច ម្ដេច ? ឥន្ទ្រីឈ្មោល ឆ្លើយថា វេលាព្រឹកសិរី ស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនោះមនុស្សទាំង ឡាយត្រូវយកទឹកលុបមុខ។ ខ.ទី២ សួរថា ថ្ងៃត្រង់ សិរី ស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅទ្រូង ហេតុ
នោះមនុស្សទាំងឡាយទើបយកទឹកលាងទ្រូង។ ខ.ចុងក្រោយសួរថា វេលាល្ងាច សិរី ស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើង ហេតុនោះមនុស្សទាំងឡាយទើបយកទឹកលាងជើង។ ធម្មបាលកុមារ ក្រោយពីបាន ស្ដាប់ឮសត្វ ឥន្ទ្រីញីឈ្មោល ជជែកគ្នាដូច្នោះអរណាស់ក៍ប្រញាប់ប្រញាល់ត្រឡប់ទៅ ប្រាសាទ វិញត្រៀម ឆ្នើយនឹងសំនួររបស់ កបិលមហាព្រហ្ម។
ព្រឹកឡើង កបិលមហាព្រហ្ម ក៍មកដល់សួរប្រស្នា ធម្មបាលកុមារ ក៍ឆ្លើយដោយប្រស្នាតាមដែលបានឮមក កបិលមហាព្រហ្ម ទើបហៅធីតាទាំង៧នាក់ ដែលជាបាទបរិចារិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតា ត្រូវ កាត់ក្បាលបូជា ធម្មបាលកុមារ តែបើដាក់ក្បាលនោះនៅលើផែនដី ក៍នឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀងក៍នឹងរាំងបើនឹងចោលក្នុងមហាសមុទ្រទឹកក៍នឹងរីងស្ងួតហួតអស់ទៅ។ ដូច្នោះ សុំឱ្យកូនទាំង៧នាក់ យកពានមកទទួលក្បាលថាហើយក៍កាត់ក្បាលហុចឱ្យទៅ នាងទុង្សា ជាកូនច្បង
នាងទុង្សា យកពានចូលទៅទទួលក្បាលបិតា ហើយហែប្រទក្សិណ ភ្នំព្រះសុមេរុ៦០នាទី ហើយក៍អញ្ជើញ ទៅប្រតិស្ធានទុកក្នុងមណ្ឌបនៅក្នុង គុហាគន្ធមាលី ភ្នំកៃលាសបូជាដោយគ្រឿងទិព្វផ្សេងៗ ព្រះវិស្សកម្មក៍ និម្មិតរោងដ៏ ហើយដោយកែវ៧ប្រការឈ្មោះថា «ភគវតីសភា» ឱ្យជាទីប្រជុំនៃ ទេវតា លុះដល់គម្រប់១ឆ្នាំ ជា សង្ក្រាន្ត នាងទេពធីតាទាំង៧ក៍ផ្លាស់វេនគ្នាមកអញ្ជើញក្បាល កបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុ រាល់ៗឆ្នាំហើយត្រឡប់ទៅទេវលោកវិញ។
ដោយមានរឿងនិទានដូច្នេះហើយ ទើបប្រជាជនខ្មែរយើងតែងតែនាំគ្នា ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ជាប់ជាប្រ ពៃណីរហូតដល់សព្វថ្ងៃនេះ ចាត់ទុកថា ជាអាយុវឌ្ឍនកម្ម ឬជាជាជីវិតមហកម្មដ៏ប្រពៃ។ រឿងនេះដកស្រង់ ចេញពី សៀវភៅ ព្រះរាជពិធីទ្វាទសមាសរបស់ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពនៅ ឆ្នាំ១៩៦៩៕