ឪពុកប្រមឹកចាប់បោកស្រីទៅលើដីឱ្យសន្លប់រួចទាញសក់អូសដូចសត្វធាតុត្រូវបានចាប់ខ្លួន

0
328

ដោយៈ បាយ៉ង់ថែមស៍
ស្វាយរៀងៈ ឪពុកប្រមឹកប្រើអំពើហិង្សាចាប់បោកកូនស្រីទៅនឹងដីឱ្យសន្លប់រួចទាញសក់អូសដូចសត្វធាតុស្ថិត នៅ សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ ចំណុច រោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន។ ប៉ូលិសបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់ ស្នង ការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Bee Nang Sad» បង្ហោះតាម បណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះថា «ខ្ញុំសូមឱ្យខាងច្បាប់ជួយរកយុត្តិធម៌ប្អូនឱ្យស្រីខ្ញុំផងចុះ»។ ព្រោះឪពុកក្មេង ស្រីនេះបានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ។ គាត់មកពីផឹកស៊ីម្តងៗតែងតែរករឿងប្រពន្ធកូន វាយធ្វើបាបរហូតដល់ប្រពន្ធទ្រាំរួមរស់នៅជាមួយមិនបានក៍បានចាកចេញពីគ្រួសារមួយរយៈពេលមកហើយ។

ប្រភពបន្តដដែលថា ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបាន ព្រោះខ្ញុំជាស្រីមិនហ៊ានទេបាន ត្រឹមតែលួចថតទុកជាភស្តុតាងជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយតែប៉ុណ្ណោះ។ តើអំពើគាត់នេះសម ជាឪពុកគេដែរទេ ? សូមបងប្អូនជួយមើល ហើយគិតតាមការគួរផង» !។

លោក អែម សុវណ្ណារិទ្ធ អធិការនគរបាល ក្រុងបាវិត ថ្លែងថា ករណីនេះកើតឡើងនៅ ក្រុងបាវិត ខេត្តស្វាយ រៀង កាលពីសប្តាហ៍មុនដែលពេលនេះលោកនាយ ប៉ុស្តិ៍ច្រកម្ទេស កំពុងតែធ្វើការសួរនាំ។

លោកអធិការបន្តថា លោកបានឱ្យលោកនាយ ប៉ុស្តិ៍ច្រកម្ទេសចុះទៅដល់ផ្ទះរបស់ជនសង្ស័យកាលពីយប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២យប់ ដោយជនបង្កធ្លាប់ហៅមកធ្វើកិច្ចសន្យានៅ ប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ម្ដងរួចហើយដែរ៕